សិង្ហបុរី រកឃើញករណីដំបូងនៃជំងឺអុតស្វា
សាំងហ្គាពួរ ៖ សិង្ហបុរីបានបញ្ជាក់ពីការរកឃើញករណីដំបូងនៃជំងឺអុតស្វា ក្នុងប្រទេសរបស់ខ្លួន ដែលជាការនាំចូល ពីក្រៅប្រទេស។ អ្នកជំងឺជាជនជាតិអង់គ្លេស ភេទ ប្រុស អាយុ ៤២ឆ្នាំ ជាអ្នកបម្រើការងារលើយន្តហោះ ដោយបុរសនោះស្ថិតនៅក្នុងប្រទេសសិង្ហបុរី ចន្លោះពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា ហើយលើកចុងក្រោយ នៅថ្ងៃទី ១៩ ខែមិថុនា និងបានធ្វើតេស្តវិជ្ជមាន នៅថ្ងៃទី ២០ ខែមិថុនា នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសិង្ហបុរី។
ប្រភពបន្ថែមថា បច្ចុប្បន្នអ្នកជំងឺ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) ខណៈគ្រូពេទ្យ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ។
ទន្ទឹមនោះ MOH បានឲ្យដឹងថា បុរសនោះចាប់ផ្តើមចេញអាការៈឈឺក្បាល នៅថ្ងៃទី ១៤ ខែមិថុនា និងគ្រុនក្តៅ នៅថ្ងៃទី ១៦ ខែមិថុនា។ បន្ទាប់ពីចេញរោគសញ្ញាទាំងនេះ នៅថ្ងៃទី ១៩ ខែ មិថុនា អ្នកជំងឺចាប់ផ្ដើមចេញកន្ទួលនៅលើស្បែក តែម្ដង។
បើតាមក្រសួងថា អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកជំងឺជាង ១០នាក់ ត្រូវបានធ្វើចត្តាឡីស័ក រយៈពេល ២១ ថ្ងៃ ដោយគិតចាប់ពីពេលរកឃើញវិជ្ជមាននេះ ៕ ប្រែសម្រួល៖ សារ៉ាត



