វិស័យកាត់ដេរនៅកម្ពុជា រំពឹងកើនឡើងក្នុងអត្រា ៨,១ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារកំណើនតម្រូវការពីទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប

ភ្នំពេញ៖ វិស័យកាត់ដេរត្រូវបានរាជរដ្ឋាភិបាលកម្ពុជាព្យាករណ៍ថា នឹងបន្តសម្រេចបានកំណើនរឹងមាំក្នុងអត្រា ៨,១ភាគរយ ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តកើនឡើងតម្រូវការពីទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងការបន្តទទួលបានការបង្វែរការបញ្ជាទិញ ពី ប្រទេស ក្នុងតំបន់ ខណៈដែលកម្ពុជាគ្រប់គ្រងការរីករាល ជំងឺកូវីដ១៩ បានល្អ។

យោងតាមសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលចេញដោយប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានព្យាករណ៍ថា វិស័យឧស្សាហកម្មទាំងមូលនឹងបន្ត និន្នាការកើនឡើងក្នុងអត្រា៩,២ភាគរយ ក្នុងឆ្នាំ ២០២៣ ដែលកំពុង វិលត្រឡប់មករកនិន្នការកំណើនមុនពេលវិបត្តិជំងឺកូវីដ១៩ ដែលគាំទ្រ ដោយការបន្តភាពល្អប្រសើរនៃ តម្រូវការខាងក្រៅ ដែលនឹងជំរុញនៃ អនុវិស័យកាត់ និងកម្មន្តសាលមិនមែនកាត់ដេរ។

ក្នុងនោះដែរ អនុវិស័យ កាត់ដេរ ត្រូវបានព្យាករថានឹងបន្តសម្រេចបានកំណើនរឹងមាំក្នុងអត្រា ៨,១ភាគរយ ក្នុងឆ្នាំ ២០២៣ ដែលគាំទ្រដោយស្ថិរភាពនៃកត្តាក្នុងស្រុក ដែលសម្រេចបានតាមរយៈអត្រាចាក់វ៉ាក់សាំងខ្ពស់របស់កម្មករ-និយោជិត, ភាពល្អប្រសើរនៃកត្តាខាងក្រៅ ជាពិសេសការរំពឹង ទុកនូវការ បន្តកើនឡើង តម្រូវការពីទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងការបន្តទទួលបានការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ ជាពិសេសប្រទេសមីយ៉ាន់ម៉ា។

ទោះជាយ៉ាងនេះក្តី សម្រាប់អនុវិស័យកាត់ដេរ អាចនៅបន្តជួប ប្រទះ បញ្ហាប្រឈមមួយចំនួន ដូចជាការកើនឡើងនូវការប្រកួតប្រជែង ពីប្រទេសជិតខាង ការបាត់បង់នូវការបង្វែរការបញ្ជាទិញភាព មិន ប្រាកដប្រជានៃប្រព័ន្ធអនុគ្រោះពន្ធ និងភាពមានកម្រិត នៃការប្រើប្រាស់ បច្ចេកវិទ្យាក្នុងផលិតកម្ម ។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេល៥ខែ ឆ្នាំ២០២២នេះ ការនាំចេញសម្លៀកបំពាក់មានតម្លៃជាង ៣ ៦៤២ លានដុល្លារ និងស្បែកជើងមានតម្លៃជាង ៧០២លានដុល្លារ៕ ប្រភព៖ Freshnews ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner