សម្ដេចតេជោ ហ៊ុន សែន គាំទ្រចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងសូមឱ្យបន្តជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែសកម្មថែមទៀត

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងសូមឱ្យបន្តជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែសកម្មថែមទៀត ។ ការគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងឱកាសអនុញាតិឱ្យឯកឧត្តម គីស្ស៊ី ណូប៊ូអូ រដ្ឋមន្ត្រីការពារជាតិជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា ឯកឧត្តម គីស្ស៉ី ណូប៊ូអុ (KISHI Nobuo) រដ្ឋមន្ត្រី ការពារជាតិជប៉ុន បានគោរពជម្រាបសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តម មានសេចក្ដីរីករាយណាស់ ដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន នៅកម្ពុជា ចំខួប៣០ឆ្នាំនៃការបញ្ជូនកងកម្លាំងប្រតិបត្តិការរក្សាសន្តិភាព ភីខេអូ (PKO) មកកាន់ព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិជប៉ុន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្ដេចតេជោ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ហើយបានជម្រាបជូនសម្ដេចតេជោ ៣ចំណុច ថា ៖ ១.ឯកឧត្តម មានសេចក្ដីរីករាយ ចំពោះការផ្លាស់ប្ដូរទស្សនកិច្ច ជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិកន្លងមក ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ កាន់តែរីកចម្រើន និងកាន់តែស៊ីជម្រៅ។ ២. បានជួបពិភាក្សាជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ផ្លាស់ប្ដូរទស្សនៈអំពីស្ថានភាព នាពេលបច្ចុប្បន្ន នៅក្នុងតំបន់ និងនៅលើពិភពលោក រួមជាមួយការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផង ។ ៣. សូមគោរពវាយតម្លៃខ្ពស់ និងគាំទ្រការដឹកនាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាប្រទេសមីយ៉ាន់ម៉ា ជាពិសេសការជំរុញការអនុវត្តគោលការណ៍ជាឯកច្ឆន្ទ ៥ចំណុច ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយឯកឧត្តម គីស្ស៊ី ណូប៊ូអូ ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ដែលកាន់តែស៊ីជម្រៅ និងបើកទូលាយ ជាពិសេស តាមរយៈការផ្លាស់ប្ដូរ ទស្សនៈ លើការវាយតម្លៃស្ថានភាពតំបន់ និងពិភពលោក ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងសូមឱ្យបន្តជំរុញផែនការកិច្ចសហប្រតិបត្តិការ ទ្វេភាគី កម្ពុជា-ជប៉ុន ឱ្យកាន់តែសកម្មថែមទៀត ដូចជា៖ ការផ្លាស់ប្ដូរទស្សនកិច្ច នាយទាហានវ័យក្មេង, នាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់ , ការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា លើការងារមនុស្សធម៌ និងសង្គ្រោះមហន្តរាយ ដល់វគ្គសិក្សានាយទាហានសកម្ម, បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាល ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner