ឯកឧត្ដម ហ៊ុន ម៉ានី នឹងដឹកនាំប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួមអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម យី វាសនា អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្ម រួមជាមួយសហការី ស្តីពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២។
កិច្ចប្រជុំនេះបានផ្តោតការពិភាក្សា លើដំណើរការត្រៀមឆ្ពោះទៅការចូលរួម ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ការត្រៀមខ្លួនរបស់ប្រតិភូ និងកីឡាករ មុន អំឡុង និងក្រោយព្រឹត្តិការណ៍ ក៏ដូចជារបៀបវារៈ និងកម្មវិធីសំខាន់ៗដែលពាក់ព័ន្ធនានា។
សូមជម្រាបជូនថា យោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ៕ ចាន់ វិចិត្រ




