កញ្ញា សួង ចាន់តូរ៉ាទី ៖ កីឡាសីដក់ បង្ហាញខ្លួន ក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំ២០២២ គឺជាចំនុចវិជ្ជមានសម្រាប់សហព័ន្ធ

ភ្នំពេញ៖ កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានបញ្ជាក់ថា នាយកដ្ឋានរៀបចំការប្រកួត និងគ្រប់គ្រងព្រឹត្តការណ៍កីឡា បានដាក់បញ្ចូលប្រភេទកីឡាសីដក់ ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២នេះ គឺជាចំនុចវិជ្ជមានមួយសម្រាប់សហព័ន្ធ ។ នេះជាការបញ្ជាក់របស់ កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្តីទី ជូនក្រុមព័ត៌មានទូរទស្សន៍អប្សរា តាមប្រព័ន្ធតេឡេក្រាម នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ។

អគ្គលេខាធិការស្តីទីរូបនេះ បន្ថែមថា ដាក់បញ្ចូលប្រភេទកីឡាសីដក់ ចូលរួមការប្រកួតថ្នាក់ជាតិបែបនេះ គឺជាការផ្សព្វផ្សាយ និងបំផុសប្រភេទកីឡាមួយនេះ ឲ្យកាន់តែមានការគាំទ្រដល់ស្រទាប់យុវជន យុវនារី និងនិស្សិត បានលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងលើកស្ទួយកីឡាសីដក់ឪ្យកាន់តែទូលំទូលាយ ។ កញ្ញា សួង ចាន់តូរ៉ាទី បន្តថា ចំនុចសំខាន់មួយទៀតដែលសហព័ន្ធទទួលបាន គឺអាចស្វែងរកកីឡាករ កីឡាការិនី ដែលមានឧបនិស្ស័យ សមត្ថភាពយកមកចូលហ្វឹកហាត់ជាមួយក្រុមជម្រើសរើសជាតិ ត្រៀមការប្រកួតកម្រិតជាតិ និងអន្តរជាតិនានា។

កញ្ញា សួង ចាន់តូរ៉ាទី បញ្ជាក់ទៀតថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា ក៏ជាការផ្តល់ឪកាសអោយកីឡាករ កីឡាការិនីជម្រើសជាតិជានិស្សិតនៅតាមសកលវិទ្យាល័យនានា ទូទាំងប្រទេស បានប្រកួតដកស្រង់បទពិសោធន៍ និងបង្កើនបច្ចេកទេស ជាពិសេសក៏ជាឪកាសឲ្យមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម របស់សហព័ន្ធបានដុសខាត់សមត្ថភាព អោយកាន់តែច្រើន និងញឹកញាប់ ដើម្បីឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យទាំងការរៀបចំ និងដណ្តើមមេដាយ ក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ។

គួររម្លឹកថា ឯកឧត្តម ស សុខា ក៏បានលើកទឹកចិត្តដល់មន្ត្រីសហព័ន្ធកីឡាជាតិទាំង១២ ឲ្យយកការរៀបចំកាប្រកួតនេះ ដើម្បីអភិវឌ្ឍសមត្ថភាព ឲ្យកាន់តែមុតស្រួច ដើម្បីត្រៀមឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ពីព្រោះ ថានេះជាការធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូង។ ជាមួយគ្នានោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានស្នើឲ្យកីឡាករ កីឡាការិនីជានិស្សិតទាំងអស់គប្បីយកចិត្តទុកដាក់ឲ្យបានខ្ពស់តាមការណែនាំ និងបទបញ្ជាបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិនីមួយៗឲ្យបានខ្ជាប់ខ្ជួនផងដែរ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតនិសិត្សថ្នាក់ជាតិនេះ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២១ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានប្រតិភូ កីឡាករ កីឡាការិនីសរុប ១៤៤៣នាក់មកពីមានគ្រឹះស្ថានឧត្តមសិស្សា និងមធ្យមសិក្សាបច្ចេកទេសសរុបចំនួន៣៨ ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈចំនួន២០ និងឯកជនចំនួន១៨ និងមាន១២ ប្រភេទកីឡាស្មើនឹង ៨៨វិញ្ញាសា ដោយឡែកប្រភេទកីឡា សីដក់ មាន៥សកលវិទ្យាល័យចូលរួមប្រកួត មានសាកលវិទ្យាល័យអាស៊ីអឺរ៉ុប , សាកលវិទ្យាល័យវេស្ទើន , សាកលវិទ្យាល័យបញ្ញាសាស្រ្ត ខេត្តកណ្តាល , មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកណ្តាល និងពុទ្ធិកសាកលវិទ្យាល័យ សម្តេច ហ៊ុន សែន ខេត្តកំពង់ចាម ចែកចេញជា៣វិញ្ញាសា ផ្នែកបុរស មានវិញ្ញាសា ៣ទល់៣ និង២ទល់២ ផ្នែកនារី វិញ្ញាសា២ទល់២ រីឯគណៈកម្មការមានចំនួន១៦នាក់ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner