លោក ពូទីន ៖ នៅចុងឆ្នាំ២០២២នេះ រុស្ស៊ីនឹងដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីប សាម៉ាត
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាក់ថា មីស៊ីលផ្លោងអន្តរទ្វីប សាម៉ាត (Sarmat) ដំបូងបង្អស់របស់ប្រទេសរុស្ស៊ី នឹងត្រូវចូលបម្រើកាតព្វកិច្ចប្រយុទ្ធនៅមុនដំណាច់ឆ្នាំ២០២២ នេះ ។
លោក ពូទីន បាននិយាយក្នុងកំលុងពេលជួបជាមួយនិស្សិតយោធាដែលទើបបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសភាថា យើងនឹងបន្តអភិវឌ្ឍ និងពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់យើង ដោយគិតគូរពីការគំរាមកំហែងផ្នែកយោធា និងហានិភ័យ។ លោក ពូទីន បន្តថា វាជារឿងសំខាន់ក្នុងការបំពាក់ដល់កងទ័ពជាមួយនឹងប្រព័ន្ធសព្វាវុធទំនើបៗ ពីព្រោះប្រព័ន្ធអាវុធនេះនឹងកំណត់យ៉ាងទូលំទូលាយនូវសមត្ថភាពប្រយុទ្ធរបស់កងទ័ពរុស្ស៊ីសម្រាប់រាប់ទសវត្សរ៍ខាងមុខ។
ប្រធានាធិបតីរុស្ស៊ីរូបនេះបន្ថែមថា រុស្ស៊ីបានធ្វើតេស្តដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីប សាម៉ាតថ្មីរបស់ខ្លួនរួចហើយ និងថា ប្រព័ន្ធមីស៊ីលដំបូងគេនឹងត្រូវដាក់ពង្រាយនៅមុនដំណាច់ឆ្នាំនេះ។ សាម៉ាត គឺជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ១០គ្រាប់ និងត្រូវបានលោក ពូទីន ចាត់ទុកថា ជាអាវុធគ្មានគូប្រៀប ។ រុស្ស៉ីបានធ្វើតេស្ដមីស៊ីល សាម៉ាត ដោយជោគជ័យកាលពីខែមេសាកន្លងទៅ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


