ប្រព័ន្ធផ្សព្វផ្សាយ ៖ តួកគីនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំជាមួយអង្គការសហប្រជាជាតិ រុស្ស៊ី និងអ៊ុយក្រែនស្តីពីច្រករបៀងនាំចេញគ្រាប់ធុញ្ញជាតិ

អង់ការ៉ា ៖ ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍នៅថ្ងៃអង្គារថា តួកគីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំបួនភាគី ជាមួយអង្គការសហប្រជាជាតិ រុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលនាសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីច្រករបៀងសមុទ្រខ្មៅដែលអាចធ្វើទៅបានសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ។

ទូរទស្សន៍តួកគី HaberTurk TV បានរាយការណ៍ថា គណៈប្រតិភូយោធាតួកគីនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ក្នុងគោលបំណងពិភាក្សាអំពីព័ត៌មានលម្អិតនៃច្រករបៀងដែលបានគ្រោងទុក។ ប្រភពបានឱ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដធឺរ៉ែស ក៏ចង់ចូលរួមកិច្ចប្រជុំនេះដែរ។ បើតាមផែនការនោះ តំណាងមកពីអ៊ុយក្រែន រុស្ស៊ី តួកគី និងអង្គការសហប្រជាជាតិ នឹងបង្កើតយន្តការសង្កេតការណ៍។

ប្រភពពីការិយាល័យប្រធានាធិបតីតួកគីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គេរំពឹងថា យន្តការខាងលើនេះ នឹងដំណើរការក្នុងរយៈពេលមួយខែ ហើយនាវាប្រហែលពី ២០ ទៅ ២៥គ្រឿងនឹងចាកចេញពីកំពង់ផែ អូដេសសា ប្រទេសអ៊ុយក្រែន ដើម្បីធ្វើដំណើរឆ្លងកាត់សមុទ្រខ្មៅតាមច្រករបៀង។

របាយការណ៍បានបញ្ជាក់ថា គេក៏រំពឹងដែរថា ផលិតផលកសិកម្មប្រហែលពី ៣០ ទៅ ៣៥លានតោននឹងត្រូវនាំចេញពីអ៊ុយក្រែនក្នុងរយៈពេល ៦ ទៅ ៨ខែ ។ ផែនការនេះទៀតសោត គឺដើម្បីបើកច្រករបៀងចំនួន ៣ ពីកំពង់ផែចំនួន ៤ នៅទីក្រុង អូដេសសា ។

អ៊ុយក្រែនជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់ទៅកាន់តំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា។ នៅពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនកាន់តែអូសបន្លាយ ការរំខានដល់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃម្ហូបអាហារ ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner