ក្រសួងបរិស្ថាននិងដៃគូបើកកិច្ចប្រជុំបណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិ
ភ្នំពេញ៖លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិ ។កិច្ចប្រជុំនេះ សហការរៀបចំឡើងដោយក្រុមការងារបច្ចេកទេស យេនឌ័រ ក្រសួងបរិស្ថាន និងមានកិច្ចសហការយ៉ាងជិត ស្និទ្ធពី អង្គការរីខូហ្វ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖ ១.ចែករំលែកចំណេះដឹង បទពិសោធន៍ និងវឌ្ឍនភាពរបស់ស្រ្តី ការផ្លាស់ប្តូរបញ្ហាប្រឈម តម្រូវការបន្ថែម ស្តីពីការចូលរួមសកម្មភាព និងគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ, ២. អភិវឌ្ឍន៍សមត្ថភាព របស់ស្រ្តីក្នុងការបន្តការចូលរួមសកម្មភាពក្នុងសហគមន៍តំបន់ការពារធម្មជាតិ និង៣.ពង្រឹងទំនាក់ទំនងរវាងសមាជិកនៃបណ្តាញស្រ្តី ក្នុងតំបន់ ការពារធម្មជាតិឱ្យកាន់តែល្អប្រសើរ។
មានប្រសាសន៍ក្នុងពិធីនេះ លោកជំទាវបានលើកឡើងថា កិច្ចប្រជុំនេះ ពិតជា មានសារៈសំខាន់ មិនមែនសម្រាប់តែបណ្តាញស្រ្តីសហគមន៍ តំបន់ ការពារ ធម្មជាតិប៉ុណ្ណោះទេ តែសម្រាប់ក្រុមការងារបច្ចេក ទេសយេនឌ័រក្រសួងបរិស្ថាន និងក្រុមការងារអង្គការរីខូហ្វផងដែរ ក្នុង ការឆ្លុះបញ្ចាំងពីវឌ្ឍនភាពរបស់បណ្តាញស្រ្តីដែលបានបង្កើតចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ក៏ដូចជាប្រើប្រាស់ឱកាសនេះ ក្នុងការ ពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពស្រ្តីក្នុងសហគមន៍តំបន់ការពារ ធម្មជាតិ បន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្ត បញ្រ្ជាបយេនឌ័រ ក្នុង វិស័យ បរិស្ថាន ២០២១-២០២៥ របស់ក្រសួងបរិស្ថាន និងផែនការ យុទ្ធសាស្រ្ត របស់អង្គការរីខូហ្វ ២០១៨-២០២៥ ផងដែរ។
លោកជំទាវបានលើកយកចំណុចសំខាន់៣ ចែករំលែកដល់ក្រុមការងារ និងអ្នកចូលរួមទាំងអស់ រួមមាន៖ ១.ការចូលរួមរបស់ស្រ្តី ក្នុងការគ្រប់ គ្រងតំបន់ការពារធម្មជាតិជាការចូលរួមមិនអាចខ្វះបាន ,២. ការគិតគូរ និងវិនិយោគលើការអភិវឌ្ឍសមត្ថភាពរបស់ស្រ្តីក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជាវិនិយោគវ័យឆ្លាត និង៣.និរន្តភាពនៃ សហគមន៍តំបន់ការពារធម្មជាតិទាមទារឱ្យមានការចូលរួមគាំទ្រគ្រប់អ្នកពាក់ព័ន្ធ និងចាំបាច់ត្រូវការស្រ្តីខ្លាំង។
គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបណ្តាញស្រ្តីសហគមន៍តំបន់ការពារ ធម្មជាតិប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២២ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ដោយមាន ការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក ក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន ក្រុមអង្គការរីខូហ្វ លោក លោកស្រី ដែលជាសមាជិកបណ្តាញស្រ្តីសហគមន៍ តំបន់ការពារ ធម្មជាតិ ជាច្រើនរូបទៀត៕
ដោយ៖គ្រី សម្បត្តិ
រូបភាពក្រសួងបរិស្ថាន





