អង្គការយូនីសេហេ្វបន្តជួយលើវិស័យទឹកស្អាត និងអនាម័យ រួមនឹង អាហារូបត្ថម្ភនៅកម្ពុជា

ភ្នំពេញ ៖ លោក អាណឺរបាន ឆាភឺជី (Anirban Chatterjee) អនុប្រធានអង្គការមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (Unicef) ប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួសមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ។

ក្នុងនាមអង្គការយូនីសេហ្វ លោក អាណឺរបាន ឆាភឺជី បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំការបោះឆ្នោតឃុំ សង្កាត់ ប្រកបដោយជោគជ័យ និងរលូន តម្លាភាព ប្រជាធិបតេយ្យ សេរី ពហុបក្ស។ លោកថា អង្គការយូនីសេហ្វ នឹងបន្តកៀរគរធនធានក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តលសេវាសង្គម ពង្រឹងភាពជាដៃគូជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ។

លោកក៏បានកោតសរសើរដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើការអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២(២០១៩-២០២៣) និងផែនទីបង្ហាញផ្លូវសម្រាប់ការបង្ការ និងព្យាបាលកុមារដែលប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ លោកក៏បានសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះវឌ្ឍនភាពនៃការកាត់បន្ថយភាពក្រិសក្រិនពី ៣២% មក ២២% ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែបញ្ហាស្គាំងស្គមខ្លាំងរបស់កុមារនៅតែជាកង្វល់ដដែល ដោយសារតែវានៅតែមាន ១០% ដែលកម្រិតនេះ វាដូចគ្នាទៅនឹងតួលេខឆ្នាំ២០១៤ ។ ចំណុចនេះ គឺនៅឆ្ងាយពីការសម្រេចបានគោលដៅក្រោម ៥% ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពឆ្នាំ២០២៥ និង២០៣០។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ២០១៤-២០២៥ ដោយមានចក្ខុវិស័យថា “មនុស្សគ្រប់រូបនៅក្នុងសហគមន៍ជនបទ ទទួលបានសេវាផ្គត់ផ្គង់ទឹកសុវត្ថិភាព និងអនាម័យជានិរន្ត និងរស់នៅក្នុងកន្លែងដែលមានបរិស្ថានអនាម័យល្អត្រឹមឆ្នាំ២០២៥”។ តាមទិន្នន័យដែលបានមកពីកម្មវិធីត្រួតពិនិត្យតាមដានរួមគ្នា Join Monitoring Program 2021 បានបង្ហាញថា ការកើនឡើងប្រចាំឆ្នាំនៃសេវាទឹកស្អាត និងអនាម័យជនបទមានកំរិតយឺតយ៉ាវនៅឡើយ។ ដូចនេះ កម្ពុជានឹងមិនអាចសម្រេចបាននូវគោលដៅជាតិឆ្នាំ២០២៥បានទេ។ ក្នុងចំណោម ២៥ រាជធានី ខេត្ត, មានតែខេត្តស្វាយរៀងមួយគត់ ដែលសម្រេចបានជាខេត្តដែលឈប់មានការបន្ទោរបង់ពាសវាលពាសកាលដំបូងគេនៅកម្ពុជា។

លោកក៏បានលើកឡើងនូវសំណូមពរមួយចំនួន ទី១. ស្នើសុំឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តស៊ូមតិជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ដើម្បីសុំឲ្យមានការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពសម្រាប់អាហារូបត្ថម្ភរយៈពេលវែង, ទី២. ស្នើសុំឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើរតួជាអ្នករៀបចំផែនការថវិកាប្រចាំឆ្នាំអន្តរក្រសួង ដើម្បីជូនដំណឹងដល់ក្រសួងពាក់ព័ន្ឋ ដែលរួមចំណែកដល់ការរំពឹងទុកនៃកម្មវិធីអាហារូបត្ថម្ភ, ទី៣.ស្នើសុំឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ធ្វើជាម្ចាស់ដឹកនាំសកម្មភាពនៃផែនទីបង្ហាញផ្លូវរបស់ផែនការសកម្មភាពសកលដើម្បីតានដានពិនិត្យមើលពីដំណើរការរបស់ដៃគូអភិវឌ្ឍន៍មួយចំនួន និងទី៤. ស្នើសុំឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បន្តដឹកនាំអនុក្រុមការងារទឹកស្អាត និងអាហារូបត្ថម្ភ និងកោះប្រជុំអន្តរក្រសួងដើម្បីបង្កើតគោលការណ៏ណែនាំសម្រាប់បញ្ហាទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ និងលើកកម្ពស់ការអនុវត្តរបស់បុគ្គលនៅថ្នាក់ក្រោមជាតិ ។

ក្នុងឱកាសនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានយល់ព្រមទទួលយកនូវការស្នើសុំរបស់អង្គការយូនីសេហ្វ និងបានលើកឡើងថា អង្គការយូនីសេហ្វ ធ្លាប់បានជួយកម្ពុជាតាំងពីក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ មកម្លេះ ហើយរហូតមកដល់បច្ចុប្បន្ន យូនីសេហ្វ គឺជាភ្នាក់ងារឈានមុខគេក្នុងការគាំទ្រដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវសម្រាប់ដោះស្រាយបញ្ហាកុមារស្គាំងស្គមខ្លាំង។

អង្គការយូនីសេហ្វ គាំទ្រដោយផ្ទាល់លើវិស័យសំខាន់ៗចំនួន ៣ គឺ សុខភាព ទឹកស្អាត និងកិច្ចការពារកុមារ ដែលសកម្មភាពទាំងនេះ រួមចំណែកដោយប្រយោលក្នុងការគាំទ្រវិស័យទី៤ ដែលជាវិស័យស្បៀងអាហារ និងកសិកម្ម តាមរយៈបណ្តាញអង្គការសហប្រជាជាតិ និងយន្តការសម្របសម្រួលផ្សេងៗ។ពាក់ព័ន្ធនឹងបញ្ហាទឹកស្អាត និងអនាម័យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់អង្គការយូនីសេហ្វ បន្តសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីត្រួតពិនិត្យមើលថាតើតំបន់ណា ខេត្តណា មិនដំណើរការ នោះយើងនឹងរួមគ្នាចុះទៅជំរុញការអនុវត្តការងារនេះជាមួយក្រសួង ស្ថាប័នពាន់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដា្ឋនផងដែរ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រជាតិ ២០១៤-២០២៥។

មួយវិញទៀត សូមឲ្យអង្គការយូនីសេហ្វ អនុវត្តគម្រោងនៅកន្លែងនានាដែលខ្លួនមានថវិកាឲ្យបានខ្លាំងក្លា, ឯកន្លែងមិនមានថវិកា, សូមធ្វើការជាមួយក្រុមការងារបច្ចេកទេសចម្រុះស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ហើយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ធ្វើការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ក្នុងការកៀរគរថវិកាសម្រាប់អនុវត្តនៅកន្លែងនោះ។ ប៉ុន្តែតាមការសង្កេតជារួម, ប្រជាជនកម្ពុជា មានការកែលម្អច្រើនពីបញ្ហាទឹកស្អាត និងអនាម័យ ដោយសារជីវភាពរបស់ពួកគាត់កាន់តែរីកចម្រើន ធ្វើឲ្យគាត់មានលទ្ធភាពទទួលយកសេវាផ្គត់ផ្គង់ទឹកស្អាត និងមានលទ្ធភាពសាងសង់បង្គន់អនាម័យ។

តែអ្វីដែលគួរឲ្យបារម្ភនោះ គឺកង្វះបង្គន់អនាម័យនៅតាមសាលារៀន ពិសេសវាបានបង្កការលំបាកច្រើនដល់សិស្សស្រីនៅពេលត្រូវការបន្ទោរបង់។ បញ្ហានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្លាប់បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា រួចហើយ ឲ្យធ្វើការដោះស្រាយ ៕ ប្រភព ៖ គណៈរដ្ឋមន្ត្រី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner