អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់បទបញ្ជាឲ្យនគរបាល សហការជាមួយ អាជ្ញាធរ ទាំងអស់ បន្តបង្ក្រាបការប្រើប្រាស់ផលិតផលស៊ីហ្សា (SISHA) និងបារី អេឡិច ត្រូនិក (E-Cigarette) ដែលកម្រើកឡើងវិញនៅក្នុងសង្គម

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយ អាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) ដែល ហាស់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយ គេសង្កេតឃើញ មានក្រុមយុវជន បានប្រើផលិតផលហាមឃាត់នេះគួរឲ្យព្រួបារម្ភ។

មន្រ្តីជំនាញយល់ថា SISHA និង E-Cigarette គឺជាប្រភេទគ្រឿងញៀនថ្មី ដែលបាន កំពុងពង្វក់អារម្មណ៍យុវជនខ្មែរ ដែលជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោល ការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គម ជាតិគួរឱ្យព្រួយបារម្ភ។

ទោះបីផលិតផល SISI និង E-Cigarette មិនមានផ្ទុកសារធាតុញៀន ដែលមានចែង ក្នុងតារាងឧបសម្ព័ន្ធនៃច្បាប់ ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន ប៉ុន្តែវាមានផ្ទុកនូវសារ ធាតុនីកូទីនសំយោគក្នុងកម្រិតខ្ពស់ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរជាងបារី ហើយជាមួយគ្នានេះឧបករណ៍ឥរិយាបទ និងរបៀបប្រើប្រាស់ SISHIA និង E-Cigarette មានលក្ខណៈងាយស្រួល និងមានលទ្ធភាពងាយជម្រុញ និងលើកទឹកចិត្តឱ្យមានចំណង់ ប្រើប្រាស់យ៉ាងខ្លាំង ហើយអាចឈានទៅរកការ ប្រើប្រាស់ប្រភេទគ្រឿងញៀនខុសច្បាប់ ផ្សេងៗទៀតដោយលាយជាមួយនឹងផលិតផលខាងលើ ហើយដែលអាចនឹងបង្កឱ្យសមត្ថកិច្ច មានការពិបាកក្នុងការ ចាត់វិធានការ ប្រសិនបើគេធ្វើការចែកចាយ និងប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ជាមួយនឹងការធ្វើអាជីវកម្មផលិតផលនេះ ។

ជាមួយនឹងបទបញ្ជាថ្មីនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាល ជាតិទទួលការងារបង្ក្រាបបទល្មើសគ្រឿងញៀន នៃអគ្គស្នងកាដ្ឋាននគរបាលជាតិ នៅព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រាប់បណ្តាញព័ត៌មាន ថា ដោយសារ មួយរយៈពេលចុងក្រោយ ការប្រើប្រាស់ផលិតផលទាំងនេះកើតមានឡើងវិញ ដូច្នេះអគ្គស្នងការនគរបាលជាតិ បានធ្វើការផ្សព្វផ្សាយឡើងវិញនូវ សេចក្តីណែនាំរបស់អាជ្ញាធរប្រ យុទ្ធប្រឆាំងគ្រឿងញៀន និងសូមឲ្យនគរបាល សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះ អប់រំណែនាំដល់ក្រុមយុវជនរបស់យើងឈប់ប្រើដោយសារមានការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ហើយចុះណែនាំដល់ម្ចាស់អាជីវកម្មឈប់នាំចូលផលិតផលទាំងនេះ និងរហូតដល់ការបង្ក្រាបតែម្តង ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា ទី១៖ ត្រូវចាត់វិធានការជាបន្ទាន់បញ្ឈប់លែងឱ្យមានការប្រើប្រាស់ និងធ្វើអាជីវកម្មផលិតផល SISHA និង E-Cigarette ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូតនិងរឹបអូស យកផលិតផលទាំងនោះមករក្សាទុក។ ការដកហូត និងរឹបអូសយកផលិតផល SISHA និង I-Cigarette មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ផ្សេងទៀតជាដាច់ខាត។

ទី២៖ ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផល SISHA និង I-Cigarette តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការ ប្រើប្រាស់ផលិតផលនេះដល់យុវជន និងការហាមឃាត់មិនឱ្យមានការនាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅឱ្យបានទូលំទូលាយ។

ទី៣៖ សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមគ្រប់ក្រសួងមន្ទីរ និងតាមមូលដ្ឋាន សហការគ្នាបង្ក្រាប។ ការបង្ក្រាបនេះ គឺការឃាត់ខ្លួនជនដែលជួញដូរមកអប់រំ ណែនាំ ហើយកម្ទេចចោលនូវសម្ភារ និងឧបត្ថម្ភនៃការប្រើប្រាស់ផលិតផលទាំងនេះ។ បើក្នុងករណី រកឃើញថាការប្រើប្រាស់ SISHA និង E-Cigaretter មានលួចចូលសារធាតុញៀន នោះនឹងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ជាធរមាន។

បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ការងារនេះមិនមែនតែ ជាការទទួលខុស ត្រូវរបស់មន្ទីរប្រឆាំងគ្រឿងញៀនតែម្នាក់ឯងនោះទេ គឺជាការងាររួមរបស់សមត្ថកិច្ច និងអា ជ្ញាធរតាមក្រសួងស្ថាប័ន ក៏ដូចជាអាជ្ញាធរដែនដី នៅតាមមូលដ្ឋានផងដែរ ៕ ដោយ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner