សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន បានរួមចំណែកក្នុងការដោះស្រាយបញ្ហាទុក្ខលំបាក ទាំងសុខភាព និងជីវភាពរស់នៅ របស់អឌិតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស
ខេត្តស្ទឹងត្រែង ៖ អភិបាលខេត្ត និងជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍បែបនេះ ក្នុងពេលដែលឯកឧត្តម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធខួបលើកទី១៥ឆ្នាំ «ទិវាអតីតយុទ្ធជនកម្ពុជា» ក្រោមការរៀបចំឡើងដោយ គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង។
ពិធីបា្ររព្ធខួបលើកទី១៥ឆ្នាំ «ទិវាអតីតយុទ្ធជនកម្ពុជា» ដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី២២មិថុនាឆ្នាំ២០២២នេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែងថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្រុង ស្រុក និងអតីតយុទ្ធជន ប្រមាណ ២០០នាក់ ។
ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងថា ការប្រារព្ធខួបលើកទី១៥ឆ្នាំ «ទិវាអតីតយុទ្ធជនកម្ពុជា» របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីរំលឹកអំពីវីរៈភាពដ៏អង់អាចក្លាហាន និងការផ្តល់កិត្តិយស ឲ្យសក្តិសមនឹងគុណបំណាច់របស់ អតីតយុទ្ធជនកម្ពុជា ដែលបានបូជាអាយុជីវិត លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមក។
ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ក៏បានធ្វើការផ្សព្វផ្សាយ នូវសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ដែលបានផ្ញើជូនបងប្អូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់ផងដែរ ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងបញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ក្នុងពេលបច្ចុប្បន្ននេះ មានអតីតយុទ្ធជន ចំនួន ១ពាន់ ២៦៩នាក់ ក្នុងនោះមាននិវត្តន៍ជន ៨២៧នាក់ ជនបាត់បង់សមត្ថភាពការងារ ២៣នាក់ ជនពិការ ៧៩នាក់ ជនពលី ១៩០នាក់ និងជនមរណៈមានចំនួន ១៥០នាក់។
អភិបាលខេត្ត និងជាប្រធានកិត្តិយស គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ញើការនឹករលឹក ដោយសម្តែងនូវការគោរព និងអរគុណ ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពយ៉ាងពេញលេញ រហូតមកដល់គ្រាបច្ចុប្បន្ននេះ។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ទៀតថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាស់វៃរបស់ សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍ ជាពិសេស បានគិតគូយកចិត្តទុកដាក់ដល់អតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស។ ឯកឧត្តមថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន តែងតែណែនាំដល់ សមាគមអតីតយុទ្ធជន ឲ្យយកចិត្តទុកដាក់ពិនិត្យ និងតាមដាន អំពីការរស់នៅរបស់អតីតយុទ្ធកម្ពុជា ដើម្បីរួមចំណែក ក្នុងការដោះស្រាយបញ្ហាទុក្ខលំបាក ទាំងសុខភាព និងជីវភាពរស់នៅ របស់អតីតយុទ្ធជនកម្ពុជា នៅគ្រប់ទីកន្លែងទូទាំងប្រទេស ក៏ជាដូច អតីតយុទ្ធជនកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ផងដែរ។
នៅក្នុងឱកាសនោះ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង បានជួយឧបត្ថម្ភស្បៀងអាហារ និងថវិកា ជូនដល់អតីតយុទ្ធជន ចំនួន ៧០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានមី ១កេស ត្រីខកំប៉ុង ១យួរ ស្កសរ ១គីឡូក្រាម ទឹកដោះគោ ២កំប៉ុង និងថវិកា ៤ម៉ឺនរៀល ៕ ដោយ ៖ ឡុង សំបូរ







