កម្លាំងសមត្ថកិច្ចនគរបាល ក្រុង ស្រុក និងខេត្ត សហការគ្នាបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនមនុស្ស ៧នាក់ នៅក្នុងស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ ប្រុសស្រីចំនួន ៧នាក់ ត្រូវបានសមត្ថកិច្ចការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយ នគរបាលប្រឆាំងគ្រឿងញៀនក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ធ្វើការឃាត់ខ្លួន ជាមួយនឹងវត្ថុតាង មួយចំនួន ដោយចោទប្រកាន់ ពីបទរក្សាទុក ចែកចាយ និង ប្រើប្រាស់នូវសារធាតុញៀន ។ កិច្ចប្រតិបត្តិការនេះ បានធ្វើ ឡើងនៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី២២មិថុនា ២០២២ស្ថិតនៅចំណុចភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
សមត្ថកិច្ចដែលបានចុះបង្ក្រាប ករណីគ្រឿងញៀនខាងលើនេះបានឱ្យដឹងថា៖ ដោយទទួលសេចក្តីរាយការពីប្រជាពលរដ្ឋ ស្តីពីករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន ក្នុងភូមិសាស្ត្រខាងលើនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជារឱ្យមន្ត្រីជំនាញ សហការជាមួយនគរបាលមូលដ្ឋាន ព្រមទាំងមានការសម្របសម្រួលពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិការ និងធ្វើការឆែកឆេ នៅក្នុងភូមិសាស្រ្ត ដែលសង្ស័យតាមសេចក្តីរាយការណ៍ ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានដកហូតនូវវត្ថុតាង មានថ្នាំញៀនមួយចំនួន ,ទូរស័ព្ទដៃ២គ្រឿង ជញ្ជីថ្លឹងថ្នាំ១ កាំភ្លើងកែឆ្នៃ១ដើម ដាវ៤ដើម ប្រដាប់សម្រាប់ប្រើគ្រឿងញៀន និងសម្ភារវិចខ្ចប់មួយចំនួនទៀត ។
ប្រភពដដែលបានបន្តថា៖ ជនសង្ស័យទាំង ៧នាក់មាន៖ ១ឈ្មោះ ស៊ិនសម្បតិ្ត ភេទប្រុស អាយុ២៨ឆ្នាំ ,២.ឈ្មោះ ស៊ុន សុរ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ,៣ ឈ្មោះ ចន សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ, ៤ ឈ្មោះ ចន ថន ភេទប្រុសអាយុ ២១ឆ្នាំ, ៥ស៊ុន សុខចាន់វិសាល ភេទស្រី អាយុ២៤ឆ្នាំ,៦.ឈ្មោះ សែល រតនា ភេទស្រី អាយុ ២៥ ឆ្នាំ,និង៧ ឈ្មោះ ពេត សុផាណា ភេទស្រីអាយុ២២ឆ្នាំ។
ពួកគេទាំង ៧នាក់មានអ្នកជួយដូរ អ្នកប្រើប្រាស់ និងសមគំនិត នូវបទល្មើគ្រឿងញៀន ដែលមានទីលំនៅភូមិ
សន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ។ ជនសង្ស័យទាំង ៧ នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងធ្វើការសាកសួរ គ្រោងនឹងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង តាមនិតិវិធីនៅថ្ងៃស្អែក ៕ សុខ គឹមសៀន





