កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដំណើរការប្រជុំនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីភាគីជាមិត្តអាស៊ាន មានប្រទេសជប៉ុន និងចិន
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមដំណើរការប្រជុំនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ នៅឯទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួមពីភាគីជាមិត្តអាស៊ាន មានប្រទេសជប៉ុន និងចិន។ អញ្ជើញដឹកនាំកិច្ចប្រជុំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ក្នុងនោះក៏មាមានវត្តមានរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ រដ្ឋមន្ត្រីការពារជាតិសហភាពមីយ៉ាន់ម៉ា ចូលរួមផងដែរ។
គួរឱ្យដឹងសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលធ្វើឡើងនៅពេញរយៈពេលមួយថ្ងៃពេញនេះ ក៏នឹងមានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ជារូបវ័ន្ត និងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិនក្នុងទម្រង់ប្រព័ន្ធវីដេអូ ផងដែរ។ ក្រោយពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំក្រៅផ្លូវការអាស៊ាន-ជប៉ុន ដោយមាន ឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន និងថ្នាក់ដឹកនាំក្រសួងការពារជាតិតាមបណ្តាប្រទេសជាអាស៊ាន ព្រមទាំងឥស្សរៈជនមួយចំនួនទៀត។ សម្តេចពិជ័យសេនា បានមានប្រសាសន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា-ជប៉ុន រួមនិងបណ្តាប្រទេសក្នុងតំបន់អាស៊ាន បានបន្តរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងបានគាំទ្រលើសំណើផ្តួចផ្តើមនានារបស់កម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពធនធានមនុស្សលើជំនាញសំខាន់ៗមួយចំនួនដល់កងទ័ពកម្ពុជា ជាមួយនឹងការរំពឹងថាកម្ពុជានឹងក្លាយដៃគូដ៏ល្អក្នុងការចូលរួមចំណែកដល់ការពង្រឹង និងថែរក្សារក្សាសន្តិភាពនៅក្នុងតំបន។
ជាការឆ្លើយតបក្នុងកិច្ចប្រជុំ ឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន បានបញ្ជាក់អំពីសារៈសំខាន់នៃការបន្ត និងនិរន្តរភាពក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូមិត្តភាពសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងអាស៊ាន និងជាមួយសហគមន៍អន្តរជាតិ។
ដោយឡែកនៅរសៀលថ្ងៃដដែលនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំក្រៅផ្លូវការអាស៊ាន-ចិន តាមរយៈប្រព័ន្ធវីដេអូ ជាមួយរដ្ឋមន្ត្រីការពារជាតិចិន ឯកឧត្តម Wei Fenghe និងរដ្ឋមន្រ្តីក្រសួងការពារជាតិតាមបណ្តាប្រទេសជាអាស៊ាន ព្រមទាំងឥស្សរៈជនមួយចំនួនទៀតផងដែរ។ ឯកឧត្តម Wei Fenghe និងរដ្ឋមន្រ្តីក្រសួងការពារជាតិចិនមានប្រសាសន៍ក្នុងកិច្ចប្រជុំដោយទទួលស្គាល់បញ្ហាប្រឈមដែលកំពុងកើនឡើងដែលបង្កឡើងដោយការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រក្នុងតំបន់ រួមផ្សំដោយបញ្ហាប្រឈមផ្នែកសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី ផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចនៃជំងឺឆ្លងរាតត្បាត COVID-19 និងបញ្ហាឆ្លងដែនផ្សេងទៀត រួមទាំងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម ក៏បានចូលរួមសាទរចំពោះកិច្ចខិតខំប្រឹងប្រែងជាបុគ្គល និងការសហការរបស់រដ្ឋជាសមាជិកក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខឆ្លងដែន ក៏ដូចជាតួនាទីសំខាន់ ដែលដើរតួដោយកងកម្លាំងការពាររៀងៗខ្លួនក្នុងការគាំទ្រវិធីសាស្រ្តរបស់រដ្ឋាភិបាលទាំងមូលក្នុងការដោះស្រាយជំងឺឆ្លង និងជំងឺឆ្លង ដូចជាជំងឺរាតត្បាតកូវីដ-១៩។
សម្តេចពិជ័យសេនា បានមានប្រសាសន៍ក្នងកិច្ចប្រជុំបញ្ជាក់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការបង្កើនកិច្ចសន្ទនាជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែង តាមរយៈកិច្ចប្រជុំនិមួយៗដែលជាស្ថាបត្យកម្មសន្តិសុខដ៏សំខាន់របស់តំបន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខដែលមិនមែនជាប្រពៃណី។ ទន្ទឹមនឹងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃភាពជាកណ្តាលរបស់អាស៊ាន និងការគោរពគោលការណ៍អាស៊ាននៃការមិនជ្រៀតជ្រែក អធិបតេយ្យភាព និងបូរណភាពទឹកដី ការសម្រេចចិត្តផ្អែកលើការឯកភាព ព្រមទាំងការរួមចំណែកដែលអាចបត់បែន ស្ម័គ្រចិត្ត និងធនធានប្រកបដោយប្រសិទ្ធភាព ជាមួយនឹងទ្រព្យសម្បត្តិដែលនៅសល់ក្រោម ការបញ្ជា និងការគ្រប់គ្រងជាតិ ស្របតាមធម្មនុញ្ញអាស៊ាន ៕
ដោយៈង៉ាន់ ទិត្យ