សម្តេចតេជោ ហ៊ុន សែន ផ្ដល់មេដាយសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ជូនឯកអគ្គរដ្ឋទូតតួគី ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា

ភ្នំពេញោ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ដល់មេដាយសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់ឯកអគ្គរដ្ឋទូតតួគី ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។ ការផ្ដល់មេដាយនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញាតិឱ្យលោកជំទាវ អាយដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតតួគីដែលបញ្ចប់បេសកកម្មកាទូតនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកជំទាវ អាយដា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់មេដាយសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោកជំទាវ។ លោកជំទាវ អាយដា បានគោរពជម្រាបជូនសម្ដេចតេជោថា រយៈពេលជាង ៤ឆ្នាំបេសកកម្មនៅកម្ពុជា ទោះបីជំងឺកូវីដ-១៩ បានរាតត្បាតពិភពលោកជាង២ឆ្នាំកន្លងមកក៏ដោយ ក៏បានធ្វើការមួយចំនួនក្នុងការពង្រីកពង្រឹងទំនាក់ទំនងទាំងពាណិជ្ជកម្ម និងទាំងនយោបាយរវាងប្រទេសទាំងពីរ ក្នុងនោះមានការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសតួគីនិងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា ទៅកាន់ប្រទេសតួគីជាបន្តបន្ទាប់ទៀត។

លោកជំទាវ អាយដា បានបន្ថែមថា លោកជំទាវពិតជាមានកិត្តិយសជាទីបំផុត ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ដើម្បីបានបម្រើទាំងតួគី និងកម្ពុជា ហើយការចាកចេញពីប្រទេសកម្ពុជា លោកជំទាវ មានអារម្មណ៍ថា ដូចជាការចាកចេញពីផ្ទះដែលកំពុងតែរស់នៅ។ ទោះបីជាយ៉ាងណាក៏ដោយ លោកជំទាវ អាយដា បានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវ នឹងបន្តធ្វើយ៉ាងណា ឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត មិនថាលោកជំទាវ នៅទីណានោះទេ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ អាយដា និងសំដែងនូវការកោតសរសើរយ៉ាងស្មោះ ចំពោះស្នាដៃធំធេងរបស់លោកជំទាវ ក្នុងការបំពេញបេសកកម្មការទូតយ៉ាងរស់រវើក និងផ្លែការ ចូលរួមចំណែកយ៉ាងសកម្មតាមរយៈបេសកកម្មសកម្មការទូតរបស់លោកជំទាវ ដែលបានពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងតួកគី។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏អរគុណចំពោះលោកជំទាវ ដែលបានរៀបចំឱ្យមានដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្ដេច ទៅកាន់ប្រទេសតួគី និងរៀបចំមូលដ្ឋានជាច្រើន សម្រាប់ពង្រីកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ដែលចាំតែពេលវេលាប៉ុណ្ណោះ ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងទៅដល់ចំនួនដែលបានកំណត់ទុក។

ជាទីបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសារជាថ្មីជូនចំពោះលោកជំទាវ និងរដ្ឋាភិបាលតួគី ដែលបានផ្ដល់ជំនួយដល់កម្ពុជា ទាំងការជួយដល់ជនក្រីក្រ ការសង់ផ្ទះជូនជនក្រីក្រ ធ្វើផ្លូវតាមជនបទ។ល។ និងសូមជូនពរឱ្យលោកជំទាវ អាយដា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មរបស់លោកជំទាវនៅថ្ងៃអនាគត ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner