គណបក្សប្រជាជនកម្ពុជា នឹងរៀបចំមិទ្ទីញអបអរខួប ៧១ឆ្នាំ នៃការបង្កើតគណបក្ស នៅថ្ងៃទី២៨ មិថុនា សប្ដាហ៍ក្រោយ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញជាអធិបតី នៃមិទ្ទីញនៃការអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សប្ដាហ៍ក្រោយនេះ នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានជូនដំណឹងពីការបញ្ជៀសចរាចរណ៍ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្ដុបជលផល ផ្លូវលេខ៤១ ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៥ព្រឹករហូតដល់បញ្ចប់កម្មវិធី។

មិទ្ទិញអបអរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នឹងរៀបចំឡើងនៅថ្ងៃអង្គារ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៦ព្រឹកតទៅ នៅវិមាន៧មករា ។

សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជា ដើម្បីរំដោះជាតិកម្ពុជា ពីអាណានិគមបារាំង។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលចំណាស់ជាងគេនៅកម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជា ពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន ។

បច្ចុប្បន្ន គណបក្សនេះ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្ដេច ហេង សំរិន ជាប្រធានកិត្តយស ព្រមទាំងមានអនុប្រធាន ៤រូប គឺសម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនា សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉េន សំអន និងមានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនចំនួន ៨៦៥នាក់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner