កីឡាករជនពិការ វណ្ណា ណាក់ ៖ ការលេងកីឡាធ្វើពិការភាពមានការធូរស្រាលជាងមុន និងមានសុខភាពល្អប្រសើ

ភ្នំពេញ៖ កីឡាករជនពិការ វណ្ណា ណាក់ បានអោយដឹងថា ពីមុនមិនដែលដឹងថា ជនពិការអាចលេងកីឡាបានដូចមនុស្សធម្មតាទេ ប៉ុន្តែក្រោយមានការលើកទឹកចិត្តពីមិត្តភក្រ្ត និងបងៗជាកីឡាករជនពិការដូចគ្នា ជាពិសេសមានការលើកទឹកចិត្តពីឪពុកម្តាយផងនោះ ទើបធ្វើឲ្យរូបគេក្លាយជាកីឡាករម្នាក់កំពុងហ្វឹកហាត់ លើប្រភេទកីឡាប៊ូស្យា ក្នុងចំណោម៤រូប កីឡាករ២នាក់ និងកីឡាការិនី២នាក់ នៅមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វណ្ណា ណាក់ បន្តទៀតថា ការលេងកីឡាបានធ្វើរូបគេ មានសុខភាពល្អ មានសាច់ឡើងវិញ ជាពិសេសពិការភាពរបស់ខ្លួនកាន់តែមានសភាពស្រាលជាងមុន និងមានកម្លាំងល្អប្រសើរខុសពីមិនទាន់ចូលហ្វឹកហាត់កីឡា។ រីឯឪពុកម្តាយវិញ វណ្ណា ណាក់ បញ្ជាក់ថា ពួកគាត់មិនដែលហាមឃាត់ គឺគោរពការសម្រេចចិត្តរបស់កូន និងមានតែពាក្យលើកទឹកចិត្តអោយបន្តលេងកីឡា និងខិតខំប្រឹងប្រែងហ្វឹកហាត់អោយក្លាយជាកីឡាករមានសក្តានុពល ដណ្តើមមេដាយជូនកម្ពុជា ពីព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីខាងមុខនេះ ។ ជាមួយនឹងការលើកទឹកចិត្ត និងគាំទ្រ វណ្ណា ណាក់ ថ្លែងអំណរគុណអ្នកជ្រោមជ្រែង និងបានប្តេជ្ញាចិត្តខ្ពស់ថា និងប្រឹងប្រែងអោយអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលដ៏ល្អជូនខ្លួនឯង និងប្រទេសជាតិ ។

វណ្ណា ណាក់ បញ្ជាក់ទៀតថា កាចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១នេះ មិនរំពឹងថាឈ្នះមេដាយទេ តែបើទោះលទ្ធផលយ៉ាងណា ក៏ត្រូវតែបន្តប្រឹងប្រេងអោយខ្លាំងទ្វេដង ដើម្បីត្រៀមដណ្តើមមេដាយឲ្យបានពី អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

គួរបញ្ជាក់ថា កីឡាករជនពិការ វណ្ណា ណាក់ រស់នៅភូមិទូលចាន់ ឃុំពពេល ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ មានឪពុកឈ្មោះ រី វណ្ណា ជាកសិករ ម្តាយឈ្មោះ មិ រឿន ជាកសិករ និងជាកូនទី៥ ក្នុងចំណោបងប្អូន ប្រុស ស្រី ៥នាក់ ។ បច្ចុប្បន្ន វណ្ណា ណាក់ គឺជានិស្សិតឆ្នាំទី៣ សិក្សាលើមុខវិជ្ជា ផ្នែករដ្ឋបាលសាធារណៈ នៅវិទ្យាស្ថានជាតិសង្គមកិច្ច គោលបំណងរបស់វណ្ណា ណាក់ ក្រោយបញ្ចប់ការសិក្សាគឺចង់ក្លាយជាស្មៀនភូមិ ឬមេភូមិ ដើម្បីបំរើប្រជាពលរដ្ឋជួយដល់មូលដ្ឋាន ភូមិ ឃុំ ស្រុក និងខេត្ត ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី កម្ពុជានឹងបញ្ជូន១១ប្រភេទកីឡា រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner