ក្រសួងការងារជូនដំណឹងពីការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ឆ្នាំ២០២៣
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២បានចេញសេចក្តីជូនដំណឹងមួយស្តី ពីការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបឆ្នាំ២០២៣ ។
ក្នុងសេចក្តីជូនដំណឹងនេះក្រសួងការងារបានបញ្ជាក់ថា យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/រកម/ ០៧១៨/០១៥ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ អំពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖
១- ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ ត្រូវអនុវត្តតាមប្រតិទិនដូចតទៅ៖
- ខែកក្កដា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ
- ខែសីហា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈទ្វេភាគី និងត្រីភាគី
- ខែកញ្ញា ឆ្នាំ២០២២ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣
- ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។
២- គ្រប់ភាគីទាំងអស់ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោង លើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យ បែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ដូចមាន កំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិភាក្សា សម្របសម្រួលផ្ទៃក្នុង និង ទទួលបានគោលជំហររួមមួយ។
៣- គ្រប់ភាគីទាំងអស់ត្រូវអនុវត្តតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល នៅគ្រប់កិច្ចប្រជុំរបស់ខ្លួន ដើម្បីបន្តចូលរួមទប់ស្កាត់កុំឱ្យមានការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ៕ ដោយ ៖ ម៉ាដេប៉ូ
