ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន “ស្តីពីគ្រឿងញៀនគ្រោះថ្នាក់”

ភ្នំពេញ៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមរដ្ឋសភាជាតិ អាយប៉ា-កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុម ប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី “ស្តីពីគ្រឿងញៀនគ្រោះថ្នាក់” (AlPACODD-5) ។ រដ្ឋសភា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះតាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភា ភ្ជាប់ទៅកាន់សភាប្រទេសសមាជិក អាយប៉ា ទាំង១០ ក្រោមប្រធានបទ “ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នា ដើម្បី អាស៊ានគ្មានគ្រឿងញៀន” ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន សភា ជាច្រើនរូប។ ចំណែកសភាជាសមាជិក (AIPA) ទាំង១០ដែលបាន ចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ គឺមានចំនួន៧ប្រទេស រួមមាន៖ សភាប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ថៃ និងប្រទេសវៀតណាម។ ចំណែកប្រទេសបីផ្សេងទៀត គឺ ព្រុយណេ ដារូស្សាឡាម មីយ៉ាន់ម៉ា និងប្រទេសហ្វីលីភីន បានឱ្យមន្រ្តីនៃ អគ្គលេខាធិការដ្ឋានសភាចូលរួមជាអ្នកសង្កេតការណ៍។

នៅក្នុងសុន្ទរកថាស្វាគមន៍ទៅកាន់កិច្ចប្រជុំ លោកជំទាវ Hon. Nguyen Tong Van អគ្គលេខាធិការអាយប៉ា បាន លើកឡើងពី បញ្ហាប្រឈម និងផលវិបាកជាច្រើនដែលបណ្ដាលមកពីគ្រឿងញៀន និងស្នើសុំឱ្យកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)ស្តីពី “ស្តីពីគ្រឿងញៀន គ្រោះថ្នាក់” (AlPACODD-5) ចូលរួមចែករំលែកបទពិសោធន៍ ល្អៗទៅវិញទៅមក រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឆ្ពោះទៅសហគមន៍អាស៊ានគ្មានគ្រឿងញៀន។

ថ្លែងបើកកិច្ចប្រជុំឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមាន ប្រសាសន៍លើកឡើងពីបញ្ហាប្រឈមជាច្រើនដែលបានជះឥទ្ធិពលជាខ្លាំងលើការការពារ និងត្រួតពិនិត្យទៅលើគ្រឿងញៀននៅ ក្នុងបណ្តា ប្រទេស អាស៊ាន។ ដូច្នេះ នេះជាពេលវេលាសមស្របសម្រាប់ ការ ឆ្លើយតប របស់អាស៊ានទៅលើបញ្ហានេះ តាមរយៈការធ្វើសកម្មភាព ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន នៅក្នុងតំបន់។ ក្នុងន័យនេះ អាស៊ាន បាន អនុម័តវិធីសាស្ត្រអនុគ្រោះសូន្យចំពោះគ្រឿងញៀន (Zero tolerance approach) ជាមធ្យោបាយមួយដែលសកម្មភាព គ្រឿងញៀន ខុសច្បាប់ទាំងអស់ត្រូវតែប្រយុទ្ឋប្រឆាំង និង បុគ្គល ព្រម ទាំងអង្គការចាត់តាំងដែលពាក់ព័ន្ឋនឹងការចរាចរគ្រឿងញៀនទាំងអស់ ត្រូវតែដាក់ទោសទៅតាមច្បាប់ នៃបណ្តាប្រទេសជាសមាជិក អាស៊ាន នីមួយៗ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា នេះជាពេលវេលាដ៏មាន សារៈសំខាន់ បំផុត សម្រាប់សមាជិកសភាអាយប៉ាទាំងអស់ ក្នុងការ ពិភាក្សា ដោះស្រាយ និងស្វែងរកមធ្យោបាយប្រកបដោយប្រសិទ្ធិភាព ក្នុងការដោះស្រាយកត្តាប្រឈមដែលកំពុងមានការវិវត្ត។ ដោយមើល ឃើញស្ថានភាពនេះ ប្រធានបទនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀនត្រូវបាន ប្រសិទ្ធិនាមថា“ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន” ដែលមានសារៈសំខាន់បំផុតដល់ប្រទេស ដែលជា សមាជិកអាស៊ាន និងប្រទេសពាក់ព័ន្ធដទៃទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភាបានមានប្រសាសន៍ទៀតថា នៅពេលដែល ជំងឺរាតត្បាតចង្រៃកូវីដ-១៩ នៅបន្ត ការកើត ឡើងកត្តាប្រឈមថ្មីៗទៀតគម្រាមកំហែងដល់ សេចក្តីប្រាថ្នានៃការធ្វើ ឲ្យសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន។ គ្រឿងញៀននៅតែ បន្ត កើន ឡើង និង មានទម្រង់ថ្មីៗ ដូចជាសារធាតុដែលមានឥទ្ធិពល លើ ប្រព័ន្ធ ប្រសាទ សារធាតុគីមី និងមិនមែនគីមី សម្រាប់ ផលិត និងជួញ ដូរគ្រឿងញៀនខុសច្បាប់ មានការកើនឡើងក្នុងចំណោមប្រទេស សមាជិកអាស៊ាន ជាពិសេសនៅតំបន់ត្រីកោណមាស។ កត្តាប្រឈម ទាំងនេះ នឹងរារាំងសហគមន៍អាស៊ានមួយ គ្មានគ្រឿងញៀន និងមាន ឥទ្ធិពលអវិជ្ជមានដល់ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ សហគមន៍សន្តិសុខ នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងរបរចិញ្ចឹមជីវិតសម្រាប់មនុស្សជំនាន់ក្រោយ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានជំនឿថា ក្រុមប្រឹក្សាពិគ្រោះ យោបល់ អាយប៉ា ស្តីពីគ្រឿងញៀន បានដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈសមាជិក សមាជិកាអាយប៉ា ដែលមានតួនាទីជាអ្នកសម្របសម្រួល និងផ្លាស់ប្តូរយោបល់ គោល នយោបាយ និងការជំរុញការអនុវត្តច្បាប់ក្នុងចំណោមរដ្ឋជា សមាជិក អាស៊ាន។

លើសពីនេះទៀត សមាជិក សមាជិកាសភាអាយប៉ា នឹង ជំរុញនូវស្មារតីធ្វើការរួមគ្នា និងមានឆន្ទះរួមគ្នា ដូចជាសហគមន៍មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការយកជ័យជម្នះលើកត្តាប្រឈមទាំងនេះ។ ដំណើរ អាចវែងឆ្ងាយទៅមុខទៀត និងមានកត្តាប្រឈម ច្រើន ទៀត ប៉ុន្តែការការពារ និងការរួបរួមគ្នាត្រូវតែជាចំណុចស្នូល ឆ្លើយតបទៅនឹងគោលបំណងនេះ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានប្រកាសតែងតាំង ឯកឧត្តម ទី សុគន្ធ ជាប្រធានអង្គប្រជុំ និង លោកជំទាវ Irine Yusiana Roba Putri ជាអនុប្រធានអង្គប្រជុំ និងប្រកាសបើកជាផ្លូវការកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿង ញៀន ក្រោមប្រធានបទ “ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បី អាស៊ាន គ្មានគ្រឿងញៀន” ៕ ដោយ ៖ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner