បងប្អូនប្រជាពលរដ្ឋ នៅឃុំចំណោម លែងបារម្ភមានទំនាស់ និងមានការរំលោភបំពាន យកដីទៀតហើយ

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ ដីធ្លីនៅភូមិរង្វានលិច និងភូមិចំណោមលិច ឃុំចំណោម ត្រូវបានក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ បានវាស់វែងរួចរាល់ ហើយត្រូវបានដាក់ទិន្នន័យឲ្យម្ចាស់ក្បាលដីធ្វើការផ្ទៀងផ្ទាត់មានចំនួន២០៩៨ក្បាលដី និងបានធ្វើការបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន៥៧២ក្បាលដី ភូមិរោងគោដើម ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី សារីអភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត ព្រមទាំងលោក លោកស្រី មេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព មន្ទីរ អង្គភាព ស្ថិតនៅបរិវេណវត្តរតនគុណារាមរោងគោ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ។

លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត បានឲដឹងថា ប័ណ្ណកម្មសិទ្ធិ គឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋ ដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឲកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត។ ជាពិសេស ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦នេះ។

លោក លី សារី អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺមានសារសំខាន់ណាស់ដែលអាចកាត់បន្ថយនូវបញ្ហាទំនាស់ អាចធានាបាននូវ សុវត្ថិភាពពីការក្លែងបន្លំ ពីសំណាក់ជនខិលខូចមួយចំនួន មិនតែប៉ុណ្ណោះក្រោយពីការធ្វើការចុះបញ្ជី ធ្វើប័ណកម្មសិទ្ធិនេះហើយ ប្រជាពលរដ្ឋយើង គឺមានការប្រើប្រាស់ដីធ្លីជាមធ្យោបាយ សម្រាប់កសាងជីវភាពរស់នៅឲសម្បូរសប្បាយ តាមរយៈការកសាងភូមិដ្ឋាន ផ្ទះសម្បែង ធ្វើស្រែចម្ការ និងដំណាំដាំដុះផ្សេងៗ។

លោក លី សារី ក៏បានបញ្ជាក់ផងដែរថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ អាចឆ្លុះបញ្ជាំងនូវទីផ្សារដី ដែលម្ចាស់កម្មសិទ្ធិ អាចយកទៅប្រើប្រាស់ក្នុងការលក់ដូរដី បន្តមរតក ឬដាក់បញ្ចាំនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា បានតាមសេចក្តីត្រូវការ៕ធ.ដ

ដោយៈ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner