វិទ្យាស្ថានសិក្សាដើម្បីជោគជ័យបញ្ជូន៣ប្រភេទកីឡាចូលរួមប្រកួតកីឡានិសិត្សឧត្តមសិក្សា ប្រចាំឆ្នាំ២០២២

លោក ម៉ុក កុម្ភៈ អនុប្រធានប្រតិភូកីឡាវិទ្យាស្ថានសិក្សាដើម្បីជោគជ័យគូសបញ្ជាក់ថា វិទ្យាស្ថានសិក្សាដើម្បីជោគជ័យបានចូលរួមជាលើកដំបូងរបស់ខ្លួន ដោយបានបញ្ជូនកីឡាករ កីឡាការិនីសរុប២៨នាក់លើ៣ប្រភេទកីឡា សម្រាប់ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងធម្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២។

៣ប្រភេទកីឡានេះមានដូចជា អត្តពលកម្ម វាយកូនឃ្លីលើតុ និងតេក្វាន់ដូ WT ដោយលោកបានចាត់ទុកថា ការចូលរួមនេះគឺមានប្រភេទកីឡាចូលតិចតួច ដោយសារមានផលលំបាកតិចតួច ក្នុងការជ្រើសរើសនិស្សិតរបស់ខ្លួន សម្រាប់ប្រភេទកីឡា ដែលក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំរហូតដល់១២ប្រភេទកីឡា ស្មើនឹង៨៨វិញ្ញាសា។ ទោះយ៉ាងនេះក្តី ក៏តំណាងវិទ្យាស្ថានរូបនេះបង្ហាញពីការប្តេជ្ញាចិត្តថា ក្រុមកីឡាករ កីឡាការិនីរបស់លោកបានត្រៀមខ្លួន រួចរាល់ហើយ សម្រាប់ការប្រកួតកម្រិតជាតិមួយនេះ។

អនុប្រធានប្រតិភូរូបនេះមិនដាក់ក្តីសង្ឃឹមខ្ពស់ពេកទេ សម្រាប់ការចូលរួមប្រកួតប្រជែងមេដាយ ជាលើកដំបូងរបស់ខ្លួននេះ ប៉ុន្តែលោកជឿជាក់ថា កីឡាករ កីឡាការិនីរបស់លោកមានឆន្ទៈមោះមុត ក្នុងការប្រកួតឲ្យអស់ពីសមត្ថភាព។

ជាទស្សនៈផ្ទាល់របស់លោក ម៉ុក កុម្ភៈ សម្រាប់ការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលក្នុងកិច្ចសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិនោះលោកអះអាងយ៉ាងដូច្នេះថា «ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២នេះមានការវិវឌ្ឍរីកចម្រើនច្រើន ទាំងការរៀបចំ ការចុះឈ្មោះចូលរួមរបស់និស្សិតក៏មានការចូលរួមច្រើន ជាពិសេសគឺមានគ្រឹះស្ថានឧត្តមសិក្សាជាច្រើនទទួលបានការលើកទឹកចិត្តខ្ពស់ឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះតែម្តង»។

នេះជាការចូលរួមប្រកួតជាលើកដំបូងក៏ពិតមែន ប៉ុន្តែវិទ្យាស្ថានសិក្សាដើម្បីជោគជ័យបានពង្រីកកេរ្តិ៍ឈ្មោះ ក្នុងវិស័យអប់រំ លើប្រព័ន្ធប្រកួតកីឡា ខណៈថ្នាក់ដឹកនាំវិទ្យាស្ថានក៏បានលើកទឹកចិត្តខ្ពស់ជូនដល់កីឡាករ កីឡាការិនី ដែលជានិស្សិតកំពុងសិក្សាផ្ទាល់នៅវិទ្យាស្ថានបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះផងដែរ។

ក្នុងនាមវិទ្យាស្ថាន លោកអនុប្រធានប្រតិភូកីឡារូបនេះបានប្តេជ្ញាចិត្តថា នៅក្នុងការប្រកួតថ្នាក់ជាតិ ឆ្នាំក្រោយៗ វិទ្យាស្ថាននឹងខិតខំបង្កើនប្រភេទកីឡា ចំនួនកីឡាករ កីឡាការិនីឲ្យកាន់តែច្រើន ដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនវិទ្យាស្ថាន ក៏ដូចជាកសាងធនធានកីឡាករ កីឡាការិនីឲ្យកាន់តែសម្បូរបែប ក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់មន្ត្រីរៀបចំការប្រកួតរៀបចំប្រកបដោយតម្លាភាព ជាពិសេសកីឡាករ កីឡាការិនីចូលរួមប្រកួតប្រកបដោយស្មារតីកីឡា ក្រមសីលធម៌ គោរពឲ្យបានគោលការណ៍លេងដោយយុត្តិធម៌ មិត្តភាព សាមគ្គីភាព ដើម្បីជំរុញឲ្យការប្រកួតទាំងមូលទទួលបានជោគជ័យ។

គួរបញ្ចាក់ថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ត្រូវបានរៀបចំជាទម្រង់ហ្គេម ដែលដំណើរការពីថ្ងៃទី២១-៣០ ខែមិថុនា ក្រោមការរៀបចំរបស់នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡា សហការបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិ ដោយមាន១២ប្រភេទកីឡា ស្មើនឹង៨៨វិញ្ញាសា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner