ក្រសួងទេសចរណ៍ទទួលធុងបែងចែកសំរាមចំនួន ១០០ សម្រាប់ប្រើប្រាស់ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ
ភ្នំពេញ៖ ធុងបែងចែកសំរាមចំនួន ១០០ ដែលប្រើប្រាស់ក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក “FIFA WORLD CUP™ TROPHY TOUR” នាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា ត្រូវបានប្រគល់ជូនជាផ្លូវការហើយ សម្រាប់ប្រើប្រាស់ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោក្នុងរាជធានីភ្នំពេញ ក្នុងពិធីមួយក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍។
ធុងសំរាមទាំងនេះត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងពេលដាក់តាំងបង្ហាញជាផ្លូវការនៃពានបាល់ទាត់ពិភពលោកនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលបំណងលើកទឹកចិត្តប្រជាពលរដ្ឋ អ្នកស្នេហាវិស័យកីឡាឱ្យយល់ដឹងអំពីអត្ថប្រយោជន៍ក្នុងការបែងចែកសំរាមទៅតាមប្រភេទ ។
ប្រភេទធុងសំរាមទាំងនេះរួមមាន ធុងសម្រាប់ដាក់សំរាមដែលអាចកែច្នៃឡើងវិញមានដូចជាកំប៉ុងអាលុយមីញូម ដបប្លាស្ទិក និងធុងសម្រាប់ដាក់ សំណល់អាហារជាដើម ។
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា សង្ឃឹមថា តាមរយៈការផ្តល់ធុងបែងចែកសំរាមទៅតាមប្រភេទបែបនេះ គឺជាគំនិតផ្តួចផ្តើមដែលនឹងលើកកម្ពស់សក្តានុពលនៃសេដ្ឋកិច្ចវិលជុំ ដោយការលើកកម្ពស់ការកែច្នៃឡើងវិញ និងការប្រើប្រាស់ឡើងវិញនូវដបប្លាស្ទិក ។
ពិធីប្រគល់ធុងសំរាមជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាពប្រចាំប្រទេសរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ។
ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ «នេះជាកិត្តិយសសម្រាប់ប្រទេសកម្ពុជា ដែលបានទទួល ដំណើរមកដល់ជាផ្លូវការរបស់ពានបាល់ទាត់ពិភពលោក ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ដំណើរ ទេសចរណ៍ពានបាល់ទាត់ពិភពលោក ។
ហើយក៏ជាកិត្តិយសផងដែរ ក្នុងការទទួលបានធុងសំរាមទាំងនេះ ដែលបង្ហាញពីរបៀបដែលក្រុមហ៊ុន កូកា-កូឡា កម្ពុជា កំពុងនាំមុខគេក្នុងការលើកកម្ពស់និរន្តរភាព និងគំនិតផ្តួចផ្តើម ផ្នែកបរិស្ថាន » ។
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាពប្រចាំប្រទេសរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា៖ «វាជាកិត្តិយសដ៏ធំធេងសម្រាប់ក្រុមហ៊ុន កូកា-កូឡា ដែលបាននាំយកព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោកមកកាន់ប្រទេសកម្ពុជាដើម្បីបង្កើតក្តីស្រមៃដ៏អស្ចារ្យមួយដល់អ្នកសេ្នហាកីឡាបាល់ទាត់នៅកម្ពុជា ។
ហើយក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានខិតខំប្រឹងប្រែងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ និងផ្តោតសំខាន់លើនិរន្តរភាព។
ជាក់ស្តែងធុងដែលបានប្រគល់ជូនទៅប្រើប្រាស់នេះគឺសំដៅសម្រួលដល់ការប្រមូលសំណល់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីកែច្នៃឡើងវិញ ស្របតាមសសរស្តម្ភចីរភាពរបស់ក្រុមហ៊ុនផងដែរ ហើយនាងខ្ញុំសូមលើកទឹកចិត្តដល់អ្នកគាំទ្រដែលមកចូលរួមលេងកំសាន្តនៅទីនេះឱ្យចូលរួមបោះចោលសំណល់ឱ្យបានត្រូវតាមប្រភេទរបស់វា ដើម្បីសម្រួលដល់ការងារកែច្នៃដែលមានភាពស្មុគស្មាញទៅហើយនោះ»។
ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា មានបេសកម្មគាំទ្រដល់ការអភិវឌ្ឍកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសនីមួយៗដែលដំណើរទេសចរណ៍នេះបានទៅដល់។
នេះជាលើកដំបូងហើយ ដែលព្រឹត្តិការណ៍សម្រាប់អតិថិជននឹងត្រូវបានរៀបចំដោយប្រើប្រាស់ឌីជីថលច្រើន ហើយក្រុមហ៊ុន កូកា-កូឡា ក៏បានកាត់បន្ថយសំរាមនៅគ្រប់កន្លែងសំចតនៃព្រឹត្តិការណ៍ដំណើរទេសចរណ៍នេះ រីឯសម្ភារប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍នីមួយៗ (Activation material) ត្រូវបានផលិតក្នុងស្រុក និងអាចកែច្នៃប្រើប្រាស់ឡើងវិញបាន ព្រមទាំងបានកាត់បន្ថយការប្រើប្រាស់ទឹក ថាមពល សម្ភារៈ រួមទាំងធនធានផ្សេងៗទៀតឱ្យនៅត្រឹមកម្រិតអប្បបរមា។ ធុងសម្រាមចំនួន ១០០ដែលប្រគល់ឱ្យក្រសួងទេសចរណ៍នេះត្រូវបានផលិតក្នុងស្រុក ៕ ដោយ៖ ទីណា និងបុត្រា




