អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងប្រធានប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា ត្បកឱ្យ Human Rights Watch

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងប្រធានប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានឆ្លើយតទៅនឹងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលទាមទារឱ្យតុលាការទម្លាក់បទចោទប្រកាន់លើមន្ត្រី និងអតីតមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) ចំនួន៥រូប គឺជាការមិនត្រឹមត្រូវ ហើយបើចង់បញ្ជាក់ភាពស្អាតស្អំ គឺចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ និងធ្វើការការពារខ្លួនតាមផ្លូវច្បាប់។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីថ្ងៃទី២២ ខែមិថុនា បានចេញសេចក្តីអំពាវនាវដល់អាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទប្រកាន់លើមន្ត្រី និងអតីតមន្ត្រីសមាគមអាដហុក ៥រូប រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និងលោក នី ចរិយា។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅថ្ងៃទី២៤ ខែមិថុនា ថា “មធ្យោបាយតាមផ្លូវច្បាប់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន គឺមានតែមួយទេ ចូលរួមដំណើរការនីតិវិធីតុលាការ ហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់”។

ចំណែកលោក សួន សេរីរដ្ឋា ប្រធាន ក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកវិភាគ បានថ្លែងប្រាប់ AMS នៅថ្ងៃទី២៤ ខែមិថុនានេះថា ក្រុមអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សអន្តរជាតិ កំពុងតែព្យាយាមបង្កើតឱ្យមានស្តង់ដារពីរនៅក្នុងប្រទេសកម្ពុជា។ កម្ពុជាគឺ ជាប្រទេសឯករាជ្យ អធិបតេយ្យ ហើយជាប្រទេសអនុវត្តនូវប្រព័ន្ធនីតិរដ្ឋតឹងរ៉ឹង គឺមានន័យថា គ្រប់គ្នានៅក្រោមច្បាប់ មិនថាបុគ្គលណា ជនណា អ្នកនយោបាយ ឬ ប្រជាពលរដ្ឋ ឬអ្នកធុរកិច្ចទេ ក៏ប៉ុន្តែសម្រាប់ក្រុមសង្គមស៊ីវិល និងអង្គការ Human Rights Watch នេះ គឺ គេព្យាយាមបង្កើត ឱ្យកម្ពុជាអនុវត្តច្បាប់តាមស្តង់ដារពីរ បើសិនជាអ្នកប្រព្រឹត្តខុសច្បាប់ គឺជាបក្ខពួករបស់គេ គឺគេទាមទារឱ្យតុលាការដោះលែង ដោយគ្មានលក្ខខណ្ឌតែម្តង មានន័យថា មិនចាំបាច់យកច្បាប់មកកាត់ទោសលើក្រុមគ្នីគ្នាគេដែលប្រព្រឹត្តខុសច្បាប់ទេ។ ក៏ប៉ុន្តែមួយវិញទៀត គឺ គេគាបសង្កត់ឱ្យរដ្ឋាភិបាលកម្ពុជា តុលាការកម្ពុជា គឺត្រូវតែកាត់ទោស ត្រូវតែចាប់ចំពោះអ្នកណាម្នាក់ដែលមិនមែនជាគ្នីគ្នារបស់គេដែលធ្វើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ ឧទារហណ៍ដូចជា មន្ត្រីរាជរដ្ឋាភិបាល ឬក៏ក្រុមអ្នកគាំទ្របក្សផ្សេង ដែលមិនមែនជាគណបក្សរបស់គេ ហើយពួកគេហ្នឹងហើយជាអ្នកបង្កើតឱ្យមានស្តង់ដារពីរនៅកម្ពុជា ប៉ុន្តែពួកគេបែរជាស្រែកថា កម្ពុជាមានការអនុវត្តច្បាប់មានស្តង់ដារពីរទៅវិញ។ នេះ គឺជាចេតនាមួយដែលកំពុងតែបោកប្រាស់មហាជន គឺជាទង្វើមួយ ដែលកំពុងធ្វើឱ្យកម្ពុជាបាត់បង់មុខមាត់ កិត្តិយសលើឆាកអន្តរជាតិ ដោយសារតែក្រុមបណ្តាញរបស់ពួកគេ ជាលក្ខណៈអន្តរជាតិមានគ្នីគ្នាច្រើន ដើម្បីស្រែក ដើម្បីនិយាយ ដើម្បីបង្អាប់មកលើការអនុវត្តច្បាប់ ការអនុវត្ត ទោសនៅក្នុងប្រទេសកម្ពុជាជាក់ស្តែង។ ប៉ុន្តែសូមកុំភ្លេចថា ក្រុមអង្គការសង្គមស៊ីវិល និងក្រុមអង្គការ Human Rights Watch ដែលជាអ្នកទាមទារ តស៊ូមតិឱ្យកម្ពុជាលុបបំបាត់វប្បធម៌និទណ្ឌភាពឬក៏វប្បធម៌រួចទោស។ ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាព ឬវប្បធម៌រួចទោស វាទាល់តែគ្រប់គ្នាអ្នកណាធ្វើខុសត្រូវតែកាត់ទោសតាមច្បាប់។ មិនមែនធ្វើខុសបើសិនជាមិនមែនបក្ខពួកគ្នីគ្នាឯង គឺជំរុញឱ្យតុលាការអនុវត្តច្បាប់ ដល់ពេលបក្ខពួកគ្នីគ្នាឯងតាំងនាំគ្នាស្រែកចេញសេចក្តីថ្លែងការណ៍ ឬក៏ធ្វើការទាមទារឱ្យធ្វើការដោះលែង ដោយគ្មានលក្ខខណ្ឌ គឺកំពុងតែធ្វើឱ្យមានការអនុវត្តស្តង់ដារពីរ នៃប្រព័ន្ធយុត្តិធ៌នៅកម្ពុជា។

លោកបន្តថា ទង្វើបែបនេះ គឺវាកំពុងតែធ្វើឱ្យមានភាពអយុត្តិធម៌ ចំពោះជនជាប់ឃុំ ចំពោះពិរុទ្ធជន រាប់ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែទទួលការកាត់ទោស និងអនុវត្តទោសនៅក្នុងពន្ធនាគារ ពីព្រោះដោយសារអ្នកទាំងនោះមិនមែនជាគ្នីគ្នារបស់អង្គការ Human Rights Watch មិនមែនគ្នាគ្នី របស់អង្គការសង្គមស៊ីវិល ហើយអត់មានអ្នកណាគិតគូរពីពួកគាត់ទេ ពួកគាត់គឺថាទទួលអនុវត្តទោសជាប់ទោសនៅក្នុងពន្ធនាគារតាមចំនួនពិតជាក់ស្តែង តាមតុលាការកាត់ទោស។ ប៉ុន្តែដោយសារក្រុមសកម្មជន សង្គមស៊ីវិល ឬសកម្មជននយោបាយលាក់មុខដែលជ្រកក្រោមស្លាកសង្គមស៊ីវិលរបស់ពួកគាត់ គឺជាគ្នីគ្នារបស់ពួកគាត់ គឺពួកគាត់តែងតែទាមទារឱ្យមានការដោះលែងដោយ គ្មានលក្ខខណ្ឌ ហើយចោទ ប្រកាន់ថា រដ្ឋាភិបាលធ្វើទុក្ខបុកម្នេញ ទៅលើសកម្មជនអង្គការ សង្គមស៊ីវិល ឬក៏ក្រុមអ្នកតស៊ូមតិរបស់គាត់គាត់។ ប៉ុន្តែគួរញែកឱ្យច្បាស់ថា រវាងអង្គការសង្គមស៊ីវិល ហើយនឹងសកម្មជនសង្គមស៊ីវិលវាខុសពីសកម្មជននយោបាយយ៉ាងម៉េច? តើបុគ្គលដែលតុលាការបានកាត់ទោស និងផ្តន្ទាទោសនាពេលនេះ គឺរយៈកាលកន្លងមកគាត់ចេញសារ មតិរបស់គាត់ស័ក្តិសមជាសកម្មជនសង្គមស៊ីវិលដែរទេ? ឬក៏គាត់ជាសកម្មជននយោបាយដែលចេញសារមកជាលក្ខណៈនយោបាយដូចជាវ៉ៃប្រហារមកលើការដឹកនាំរបស់រដ្ឋាភិបាល ចោទប្រកាន់រដ្ឋាភិបាលថា ក្បត់ ជាតិ ផ្តាច់ការ ហើយប្រកូកប្រកាសឱ្យប្រជាពលរដ្ឋស្អប់ការដឹកនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងឱ្យប្រជាពលរដ្ឋងើបឡើងតស៊ូប្រឆាំងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ សួរថា ភាសាបែបនេះ សកម្មភាពបែបនេះ ជាភាសាសកម្មជន សង្គមស៊ីវិល ឬក៏ជាភាសាសកម្មជននយោបាយ? ហើយចំណាត់ការរបស់តុលាការ ច្បាប់របស់កម្ពុជា គឺចាត់ការទៅលើបុគ្គលណា ដែលរំលោភបំពានច្បាប់ ហើយក៏មិនអនុញ្ញាតឱ្យបុគ្គលណាមួយនៅក្រៅច្បាប់ មិនមែនអាងតែខ្លួនឯងជាអ្នកនយោបាយ ជាសកម្មជននយោបាយ ឬក៏ជាសកម្មជននយោបាយ ឬអាងជាសកម្មជនស៊ីវិលលេចធ្លោចេះតែប្រើសារនយោបាយដែលហួសព្រំដែនទេ ពីព្រោះអង្គការសង្គមស៊ីវិលគេ ប្រើភាសារិះគន់ក្នុងន័យស្ថាបនា កែលម្អធ្វើឱ្យប្រសើរឡើង គេអត់ចោទប្រកាន់លាបពណ៌មកលើរដ្ឋាភិបាល មកលើការដឹកនាំរបស់រដ្ឋាភិបាល។ ក៏គេមិនដែលប្រកូកប្រកាសទាមទារឱ្យប្រជាពលរដ្ឋងើបឡើងប្រឆាំងទម្លាក់រដ្ឋាភិបាលដែរ។

លោក សួន សេរីរដ្ឋា បាន បញ្ជាក់ថា អ្វីដែលពួកគេទាមទារនេះ គឺបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ក្រុមសកម្មជននយោបាយដែលលាក់មុខ នៅក្រោមស្លាកសង្គមស៊ីវិល ហើយដែលមានការចងគ្នាជាប្រព័ន្ធទាំងក្នុង ស្រុក និងក្រៅស្រុក គឺពួកគេមានបេសកកម្មនយោបាយតែមួយគត់ គឺធ្វើយ៉ាងម៉េចចង់បង្កើតឡើងនៅចលនាប្រជាពលរដ្ឋជាបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ការទាមទារទាំងឡាយណាដែលវាផ្ទុយពីច្បាប់ របស់កម្ពុជា គឺវាប្រឆាំងនឹងធម្មនុញ្ញភាពរបស់កម្ពុជា។ នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ ដែលមានច្បាប់ថា បើសិនជាចាប់អ្នកណាមួយដាក់គុកហើយត្រូវបានមហាជនទាមទារឱ្យដោះលែង តុលាការត្រូវ តែដោះលែង អត់មានច្បាប់ទេ។ សូម្បីសហរដ្ឋអាម៉េរិក សហគមន៍អឺរ៉ុប ក៏គ្មានច្បាប់បែបហ្នឹងដែរ។ បើសិនជាអ្នកឯងមិនពេញចិត្តនឹងការកាត់ទោសរបស់តុលាការថ្នាក់ដំបូង អ្នកឯងអាចបន្តឡើងទៅឧទ្ធរណ៍ ឡើងទៅកំពូលទៅ ប្តឹងសើរើឡើងវិញទៅ។ ច្បាប់បើកផ្លូវនឹងផ្តល់សិទ្ធិសេរីភាពពេញទីនៅចំពោះមុខច្បាប់ឲ្យមេធាវីរបស់អ្នកជនជាប់ឃុំដែលទទួលការចោទប្រកាន់តស៊ូនៅចំពោះមុខច្បាប់។ ប៉ុន្តែគ្មានច្បាប់ណាដែលកំណត់ថា បើសិនជាមានអ្នកគាំទ្រចេញមកស្រែកដើរទាមទារតតាមដងផ្លូវទាមទារឱ្យដោះលែង ហើយតុលាការត្រូវតែដោះលែងទេ៕
ដោយ៖ពលជ័យ

ads banner