បទសម្ភាសន៍ស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាមរបស់ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២

ភ្នំពេញ៖ បទសម្ភាសន៍ស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាមរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិអន្តរជាតិ ក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២។

សំណួរទី១៖ក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម តើឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អាចលើកឡើងអំពីប្រវត្តិនៃទំនាក់ទំនងនិងធ្វើការវាយតម្លៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរបានយ៉ាងដូចម្តេច?
ចម្លើយ៖ កម្ពុជា និងវៀតណាម ជាប្រទេសជាប់ភូមិផងរបងជាមួយគ្នា និងមានទំនាក់ទំនងជាមួយគ្នាជាងមួយពាន់ឆ្នាំមកហើយ។ បើយើងនិយាយពីសម័យទំនើបវិញ ប្រទេសយើងទាំងពីរ បានឆ្លងកាត់ការលំបាក រួមសុខរួមទុក្ខជាមួយគ្នា និងជួយគ្នាទៅវិញមកក្នុងបុព្វហេតុទាមទារឯករាជ្យពីរបបអាណានិគមនិយមរហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់។ ទំនាក់ទំនងដ៏ជិតស្និទ្ធនេះ ត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ ចាប់តាំងពីសម័យព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលវៀតណាមរហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ហើយកម្រិតនៃទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម ក៏ត្រូវបានលើកម្ពស់ទៅជា «ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ» ក្នុងឆ្នាំ ២០០៥។ ចំណងមិត្តភាពជាប្រពៃណី និងអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ ត្រូវបានរិតបន្តឹងឱ្យកាន់តែរឹងមាំតាមរយៈការប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ និងនៅគ្រប់កាលៈទេសៈរវាងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់ពីកម្រិតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា និងថ្នាក់មូលដ្ឋាននៃប្រទសទាំងពីរ។ ជាក់ស្តែងក្នុងខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញបំពេញទស្សនកិច្ចនៅរដ្ឋធានីហាណូយ បន្ទាប់មកនៅក្នុងខែធ្នូ ឆ្នាំ២០២១នេះដែរ ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ថ្មីៗនេះ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ក៏បានអញ្ជើញជាសហអធិបតីជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធីអបអរខួប៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ក្នុងខេត្តត្បូងឃ្មុំផងដែរ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះបានរំលេចយ៉ាងច្បាស់អំពីសាមគ្គីភាព មិត្តភាពពិសេសរវាងកម្ពុជា និងវៀតណាម ព្រមទាំងស្មារតីអន្តរជាតិរបស់ប្រជាជនវៀតណាម ក្នុងការជួយស្រោចស្រង់ប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជារួមយើងអាចវាយតម្លៃបានថា ក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា-វៀតណាម បានបង្ហាញឱ្យសកលលោកមើលឃើញយ៉ាងច្បាស់ថា គឺជាទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងធន់ទៅនឹងសំពាធពីការប្រែប្រួលភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងអន្តរជាតិ ដោយប្រទេសទាំងពីរអាចរក្សាបាននូវចំណងសាមគ្គីភាពដ៏ស្អិតល្មួត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងក្នុងគ្រប់ក្រមខណ្ឌទាំងទ្វេភាគី និងពហុភាគី ឱ្យរីកចម្រើនលូតលាស់ជាលំដាប់ នៅគ្រប់ដំណាក់កាល ដើម្បីលើកកម្ពស់ជីវភាពរស់នៅល្អប្រសើររបស់ប្រជាជន និងផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាពនៃសហគមន៍អាស៊ាន ព្រមទាំងពិភពលោកទាំងមូល។

សំណួរទី២៖តើសមិទ្ធផលលេចធ្លោសំខាន់ៗ ក្នុងរយៈពេល៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាមមានអ្វីខ្លះ សូម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជួយរំលេចជម្រាបជូនផងបានទេ?

ចម្លើយ៖ ពិតជាមានច្រើនណាស់ ប៉ុន្តែខ្ញុំសូមលើកអំពីសមិទ្ធផលលេចធ្លោសំខាន់ៗ ដូចតទៅ៖
-វិស័យសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងគួរឱ្យកត់សម្គាល់។ បើយើងមើលថយក្រោយបន្តិច ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ ១៩៩៥ មានត្រឹមតែ៨៥ លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១៩ យើងសម្រេចបានតាមគោលដៅដែលបានកំណត់ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងទំហំប្រមាណ ៥,២ ប៊ីលានដុល្លារអាម៉េរិក។ ក្នុងគ្រាដែលពិភពលោកជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ យើងសម្រេចបានជាង៥,៣ ប៊ីលានដុល្លារអាម៉េរិក ហើយបានបន្តកើនឡើងជាង ៩,៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១។ ត្រឹមរយៈពេល៥ខែ ឆ្នាំ២០២២នេះ ការផ្លាស់ប្តូរពាណិជ្ជកម្មរបស់យើងសម្រេចបានប្រមាណ ៥,៤៥ ប៊ីលានដុល្លារអាម៉េរិក រួចទៅហើយ។ ដោយឡែក វិនិយោគផ្ទាល់ (FDI) ពីប្រទេសវៀតណាម មានការរីកចម្រើនជាបន្តបន្ទាប់។ គិតត្រឹមចុងឆ្នាំ២០២១ ទុនវិនិយោគផ្ទាល់បរទេសរបស់វៀតណាមនៅកម្ពុជាឈរលំដាប់ទី៤ ក្នុងទឹកប្រាក់សរុបប្រមាណ ២,៥ ប៊ីលានដុល្លារអាម៉េរិក។
-វិស័យអប់រំ ប្រទេសយើងទាំងពីរបានធ្វើការផ្លាស់ប្តូរនិស្សិតអាហារូបករណ៍ទៅវិញទៅមកជាទៀងទាត់ចាប់តាំងពីឆ្នាំ១៩៨១ ដោយក្នុងមួយឆ្នាំវៀតណាមបានផ្តល់ឱ្យយើង១២០កន្លែង ហើយយើងក៏បានផ្តល់ជូនវៀតណាមវិញ ៣៥កន្លែង។ កម្ពុជាបានបញ្ជូននិស្សិតអាហារូបករណ៍ ទៅសិក្សានៅវៀតណាមចាប់ពីថ្នាក់មធ្យមសិក្សាបច្ចេកទេស ដល់ថ្នាក់បណ្ឌិត ចំនួន ៣.៩៦៧នាក់ ក្នុងចន្លោះឆ្នាំ ១៩៨១-២០២១ ហើយនិស្សិត និងមន្រ្តីវៀតណាមចំនួន ៤៧៧នាក់ បានមកសិក្សានៅកម្ពុជាចាប់ពីឆ្នាំ ២០០០-២០២១។
-វិស័យសន្តិសុខ និងការពារជាតិ កងកម្លាំងនៃប្រទេសពីរ ទាំងប៉ូលីស និងយោធា បាននិងកំពុងបន្តសហការគ្នាចាត់វិធានការយ៉ាងម៉ឺងមាត់ និងដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់រាល់សកម្មភាពនៃបទល្មើសគ្រប់ប្រភេទនៅតាមបណ្តោយព្រំដែន ដូចជា ភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធទំនិញ ការកាប់ព្រៃឈើខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែននានា។ល។ ក្នុងកិច្ចការព្រំដែន ការកសាងព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិឌ្ឍ ជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ពាក់ព័ន្ធនឹងការងារខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនជាមួយវៀតណាម យើងសម្រេចបានវឌ្ឍនភាពការងារទៅដល់៨៤% ហើយយើងកំពុងតែខិតខំចរចា ដើម្បីជំរុញការងារនេះបញ្ចប់ឱ្យបានឆាប់។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការបើកច្រកព្រំដែន និងការគ្រប់គ្រងព្រំដែន កំពុងបន្តដំណើរការទៅមុខយ៉ាងរលូន។ បច្ចុបន្ននេះ កម្ពុជាមានច្រកទ្វារព្រំដែនជាមួយវៀតណាមសរុបចំនួន៤៣ ក្នុងនោះមានច្រកទ្វារកំពង់ផែសមុទ្រចំនួន០៤ ច្រកទ្វារព្រំដែនអន្តរជាតិចំនួន១៤ ច្រកទ្វារព្រំដែនទ្វេភាគីចំនួន១៣ និងច្រកទ្វារតំបន់ចំនួន១២។ ថ្មីៗ នេះ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 សម្តេចតេជោយករដ្ឋមន្រ្តីបានប្រកាសថា ច្រកទ្វារអន្តរជាតិកម្ពុជា វៀតណាមថ្មីមួយទៀត នឹងត្រូវបានបង្កើតឡើងនៅតំបន់នេះ។ ក្នុងឆ្នាំកន្លងទៅនេះ ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងខេត្តព្រៃវែង ទល់នឹងច្រកព្រំដែនអន្តរជាតិតឹនណាម ខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានរដ្ឋាភិបាលទាំងពីរសម្រេចឱ្យដំណើរការក្នុងកម្រិតថ្នាក់ខេត្ត កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដើម្បីសម្រួលដល់ការឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរ មុននឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្នុងពេលវេលាសមស្របនាពេលឆាប់ៗខាងមុខ។ ការបង្កើតផ្សារគំរូព្រំដែនកម្ពុជា វៀតណាម “ផ្សារដា” ក្នុងខេត្តត្បូងឃ្មុំ មិនត្រឹមតែចូលរួមចំណែកដល់កិច្ចជម្រុញពាណិជ្ជកម្មទ្វេភាគីតាមបណ្តោយព្រំដែនប៉ុណ្នោះទេ ប៉ុន្តែក៏ជាការជំរុញអនុវត្តចក្ខុវិស័យរបស់សម្តេចតេជាក្នុងការអភិវឌ្ឍ និងប្រែក្លាយតំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ដើម្បីលើកកម្ពស់ជីវភាព សុខមាលភាព និងភាពសុខសាន្តរបស់ប្រជាជនរស់នៅតំបន់ព្រំដែនផងដែរ។
-វិស័យសុខាភិបាល នៅចំពោះមុខបញ្ហាប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩ ប្រទេសទាំងពីរបានជ្រោមជ្រែង និថគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងផ្នែកហិរញ្ញវត្ថុ សម្ភារ វេជ្ជសាស្ត្រ និងស្មារតីសាមគ្គីភាព បន្ថែមលើកិច្ចសហប្រតិបត្តិការគ្រប់គ្រងជំងឺឆ្លង និងជំងឺផ្សេងៗ តាមរយៈការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងឧត្តមានុវត្តន៍ ជាពិសេសរវាងបណ្តាខេត្តជាប់ព្រំដែន។
-កិច្ចសហប្រតិបត្តិការក្នុងវេទិកាតំបន់ និងអន្តរជាតិ៖ ក្រៅពីកិច្ចសហប្រតិបត្តិទ្វេភាគី យើងក៏មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងអនុតំបន់ និងតំបន់ ដូចជាក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) កិច្ចសហប្រតិបត្តិការក្របខ័ណ្ឌកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) ក្របខ័ណ្ឌយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ និងនៅថ្នាក់តំបន់យើងមានអាស៊ាន (ASEAN) ដែលយើងតែងតែធ្វើការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់មជ្ឈភាព សាមគ្គីភាព ឯកភាព និងនិម្មាប្បនកម្មអាស៊ាន។ ដោយឡែក នៅលើឆាកអន្តរជាតិឯណោះវិញ ពោលក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា យើងក៏តែងតែផ្តល់ការគាំទ្រគ្នាទៅវិញទៅមកផងដែរ។

សំណួរទី៣៖តើទៅថ្ងៃខាងមុខ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានចក្ខុវិស័យសម្រាប់ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម យ៉ាងដូចម្តេច?

ពិតណាស់យើងត្រូវរួមគ្នាបន្តពូនជ្រុំ ថែរក្សា និងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ដែលកំពុងរីកលូតលាស់ឥតឈប់ឈរ ក្រោមស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ។ ព្រំដែនចំនួន១៦%ទៀតដែលមិនទាន់បានខ័ណ្ឌសីមា និងបោះបង្គោល នៅតែជាការងារអាទិភាពសម្រាប់ប្រទេសយើងទាំងពីរ។ ជាពិសេសយើងត្រូវជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនចំនួន៦% បន្ថែមទៀត ដែលត្រូវបានថ្នាក់ដឹកនាំទាំងពីរឯកភាពគ្នារួច ឱ្យសម្រេចបានជោគជ័យក្នុងពេលឆាប់ៗ ខាងមុខ។ យើងនឹងបន្តជំរុញយន្តការដែលមានស្រាប់ឱ្យកាន់តែសកម្ម ដូចជា៖ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (JC) កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-វៀតណាម(JBC) ព្រមទាំងយន្តការទ្វេភាគីដទៃទៀត ដើម្បីពង្រីកឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ យើងប្តេជ្ញាអនុវត្តរាល់ឯកសារនិងកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានអនុម័តកន្លងមកឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែង ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើងទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសហគមន៍អាស៊ាន និងសាកលលោក។ យើងក៏នឹងបន្តខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលអាចកើតមានឡើង ដោយផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្ស និងមានអត្ថន័យ នៃខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២នេះ ខ្ញុំសូមសំដែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតចំពោះទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម និងសូមប្រសិទ្ធពបវរមហាប្រសើរជូនចំពោះប្រទេស និងប្រជាជនយើងទាំងពីរ សូមប្រកបដោយសុភមង្គល ភាពសំបូររុងរឿង និងការអភិវឌ្ឍន៍៕

ads banner