សម្តេចតេជោ ហ៊ុន សែន៖ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំនេះ កម្ពុជា នឹងប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូក្នុងគោលដៅជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូរីដ-១៩

ភ្នំពេញ៖ ថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេស «ប្រ៊ីកបូក (BRICS Plus)» ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មី ដើម្បីរួមគ្នអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព» ដែលរៀបចំឡើងដោយប្រទេសចិន តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន, ឯកឧត្តម Matemela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិខាងត្បូង, ឯកឧត្តម Jair Messias Bolsonaro ប្រធានាធិបតីប្រេស៊ីល, ឯកឧត្តម Putin ប្រធានាធិបតីរុស្ស៉ី និង ឯកឧត្តម Modi នាយករដ្ឋមន្ត្រីឥណ្ឌា និងមានការចូលរួមពីបណ្តា ប្រមុខរដ្ឋ/រដ្ឋាភិបាល កំពុងអភិវឌ្ឍន៍មួយចំនួនទៀតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងនាមជាប្រធាន អាស៊ាន នៅឆ្នាំនេះ កម្ពុជា នឹងប្រឹងប្រែងដើរតួនាទីយ៉ាងសកម្ម ដើម្បីបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូ ក្នុងគោលដៅជំរុញការ ស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូរីដ-១៩ ។

ក្នុងសុន្ទរកថាគន្លឹះដ៏មានសារៈសំខាន់នេះដែរ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរគុណជូនចំពោះឯកឧត្តម ស៊ី ជីនពីង ដែលបាន អញ្ជើញ សម្តេចចូលរួមក្នុងកម្មវិធី ដើម្បីរួមចំណែកពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងប្រ៊ីក (BRICS) សំដៅនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពសុខដុមរមនាសម្រាប់សកលលោក។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ក្នុងរយៈពេលជាង ពីរ ឆ្នាំកន្លងមកនេះ ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ បណ្តាលឱ្យមាន ការខាតបង់នូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ ដែលសម្រេចបានក្រោមក្របខណ្ឌរបៀបវារៈឆ្នាំ២០៣០ សម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្នតំបន់ និងសកលលោក បាននិងកំពុងបន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ ហើយកាន់ តែស្មុគស្មាញ និងមិនអាចប៉ាន់ប្រមាណបាន ចំពោះការអភិវឌ្ឍ រួមមាន ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ, សង្គ្រាមយោធា, ពាណិជ្ជកម្ម និងបច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ, ការរឹត បណ្តឹងនូវគោលនយោបាយរូបិយវត្ថុ។ល។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា កត្តាទាំងនេះ បាននិងកំពុងបង្កឱ្យមាន ការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ចសកលលោក និងបន្ទច់បង្អាក់ ចរន្តសកលភាវូបនីយកម្ម ដែលធ្វើឱ្យខ្សែច្រវាក់តម្លៃសកល និង ផលិតភាពសកលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

ស្ថិតក្នុងបរិការណ៍ដែលការរីករាលនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ដ និងការខិតខំស្តារសេដ្ឋកិច្ចដែលជាសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយ សកលលោកជាអាទិភាពចំពោះមុខនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ក្រុមប្រទេស BRICS មានតួនាទីសំខាន់ណាស់ ក្នុងការជួយស្តារសេដ្ឋកិច្ចពិភពលោកចេញពីវិបត្តិ។ សម្ដេចតេជោបន្តថា «BRICS ដែលជាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកប ដោយ សក្តានុពល មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបានក្នុង ការ ពង្រីក និងពង្រឹងចលនានៃសកម្មភាពសេដ្ឋកិច្ចសកលលោកឱ្យត្រលប់ ទៅរកកំណើនសក្តានុពល ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ ប្រកបដោយចីរភាព»។

សម្តេចតេជោ បន្ថែមថា «កិច្ចសហប្រតិបត្តិការ ប្រ៊ីកបូក (BRICS Plus) ជាកាលានុវត្តភាពមួយដ៏សំខាន់សម្រាប់ពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសផ្សេងៗក្នុងការបង្កើតវេទិកា សម្រាប់លើកកម្ពស់កិច្ច សហប្រតិបត្តិ ការជាក់ស្ដែងក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្កើត ឱកាសការងារ, កាត់បន្ថយភាពក្រីក្រ ព្រមទាំងការធានាសន្តិសុខស្បៀង និងថាមពលជាដើម ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវទស្សនៈទានដែរថា ដើម្បី ស្តារឡើងវិញនូវសេដ្ឋកិច្ចសាកលចេញពីវិបត្តិដូចបានលើកបង្ហាញខាងលើ ទាមទារឱ្យមានការប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី និងពង្រឹងពហុភាគីនិយម ជាពិសេសលើកកម្ពស់ ការបើកចំហសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងកាត់បន្ថយរបាំង ពាណិជ្ជកម្ម នានា ជាពិសេសលើទំនិញយុទ្ធសាស្ត្រ ដូចជាស្បៀង អាហារ, ថ្នាំពេទ្យ និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាព និងពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល។

សម្តេចតេជោ បញ្ជាក់បន្ថែមថា «ការពង្រឹង និងពង្រីកកិច្ចសហការក្នុង វិស័យសង្គម-សេដ្ឋកិច្ចថ្មីៗ ក៏ជាកិច្ចការអាទិភាពផងដែរ។ ក្នុងនោះ យើងគួរផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការបង្កើន កិច្ចសហការ ក្នុងការពង្រឹងសមត្ថភាព និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និង ការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មី ជាពិសេសជួយ ប្រទេសមានកម្រិតអភិវឌ្ឍន៍ទាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល»។

សម្តេចតេជោ ក៏បានមើលឃើញផងដែរថា ការលើកកម្ពស់ការអភិវឌ្ ឍសេដ្ឋកិច្ចបៃតង ក៏ជាផ្នែកមួយមិនអាចខ្វះបានសម្រាប់ទ្រទ្រង់ កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការគាំទការ ពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង, ការជំរុញការធ្វើអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យា បៃតង ជាដើម។

ក្រៅតែពីការបង្ហាញនូវទស្សនៈទានមួយចំនួនហើយនោះ សម្តេចតេជោ បានក៏បានបង្ហាញនូវការប្តេជ្ញាចិត្តផងដែរថា ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងខិតខំប្រឹងប្រែងដើរតួនាទីយ៉ាង សកម្មបន្ថែមទៀត ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ជាមួយដៃគូ ក្នុងគោលដៅជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ វិបត្តិជំងឺកូរីដ-១៩ ប្រកបដោយបរិយាប័ន្ន, ចីរភាព និងភាពធន់ ដើម្បី ឆ្ពោះទៅរកការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ ការអភិវឌ្ឍ ប្រកបដោយចីរភាព៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner