ក្រុមបាល់បោះវិទ្យាស្ថានខេមអេដ បុរស-នារីមានក្តីសង្ឃឹមខ្ពស់ ក្នុងការឈ្នះមេដាយ ក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សាថ្នាក់ជាតិ
ក្រុមបាល់បោះវិទ្យាស្ថានខេមអេដ ទាំងផ្នែកបុរស និងនារី មានក្តីសង្ឃឹមខ្ពស់ ក្នុងការឈានឆ្ពោះទៅរកការឈ្នះមេដាយ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដែលកំពុងដំណើរការប្រកួតយ៉ាងសកម្ម។
ចំពោះលទ្ធផលការប្រកួតជម្រុះវិលជុំ គឺក្រុមបាល់បោះបុរសវិទ្យាស្ថានខេមអេដបានយកឈ្នះ២ប្រកួត ដោយប្រកួតឈ្នះក្រុមសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅប្រកួតទី១ ដោយលទ្ធផលបច្ចេកទេស ៩៦ទល់៥៨ និងបន្តយកឈ្នះនៅប្រកួតទី២ លើក្រុមវិទ្យាស្ថានផារ៉ាហ្គេម ក្នុងលទ្ធផល ១០៩ទល់៦១។
សម្រាប់ក្រុមបាល់បោះនារីវិទ្យាស្ថានខេមអេដបានយកឈ្នះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយលទ្ធផល ៣៨ទល់១៨ នៅថ្ងៃទី២៤ ខែមិថុនានេះ។ យោងតាមការបញ្ជាក់ពីមន្ត្រីបច្ចេកទេសនៃសហព័ន្ធកីឡាបាល់បោះកម្ពុជាដែលសហការរៀបចំជាមួយក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ប្រភេទកីឡាបាល់បោះនេះផ្នែកបុរសមាន៦ក្រុមចូលរួម ខណៈផ្នែកនារី មាន៤ក្រុម។ ក្នុងផ្នែកបុរស និងផ្នែកនារីត្រូវប្រកួតវិលជុំចំនួន១ជុំយកចំណាត់ថ្នាក់តែម្តង។
លោក ខេស៊ី បាណេត (Casey Barnett) នាយកវិទ្យាស្ថានខេមអេដ (CamEd Business School) មានប្រសាសន៍ថា សម្រាប់ការចូលរួមប្រកួតកីឡាឧត្តមសិក្សាថ្នាក់នេះ គឺវិទ្យាស្ថានខេមអេដចូលរួមកីឡារួមមាន៖ បាល់បោះ (បុរស-នារី) តេក្វាន់ដូ WT (នារី) ហែលទឹក (បុរស-នារី) វាយសី (បុរស-នារី) តេក្វាន់ដូ ITF (បុរស-នារី) ការ៉ាតេ (នារី) អត្តពលកម្ម (បុរស-នារី) និងវាយកូនឃ្លីលើតុ (បុរស)។
លោកនាយកវិទ្យាស្ថានរូបនេះបន្ថែមថា កីឡាករ កីឡាការិនី ដែលជានិស្សិតរបស់ខេមអេដ ចូលរួមសរុបមានចំនួន ៤៥នាក់ ដោយក្នុងនោះមាននិស្សិតនារី ២៣នាក់ និងបុរស ២២នាក់។ គិតមដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ និស្សិតខេមអេដបានចាប់ផ្តើមការប្រកួតខាងប្រភេទកីឡាបាល់បោះផ្នែកនារី និងបុរស ជាមួយនឹងក្តីសង្ឈឹមខ្ពស់ថានឹងដណ្តើមបានមេដាយ លើប្រភេទកីឡាបាល់បោះនេះ។ ដោយឡែកសម្រាប់ប្រភេទកីឡាផ្សេងៗទៀតរង់ចាំការចាប់ពូល ដែលនឹងរៀបចំដោយដោយក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៥មិថុនា ហើយចាប់ផ្តើមប្រកួតពីថ្ងៃទី២៦មិថុនា រហូតដល់ថ្ងៃទី២៩មិថុនា៕ ចាន់ វិចិត្រ






