កំណាត់ជាតិលេខ៤ និងមហាវិថីឈ្នះ-ឈ្នះ បិទជាបណ្តោះអាសន្នរយៈពេល៤៥ថ្ងៃ (Video Inside)

កំណាត់ផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះ-ឈ្នះ នឹងត្រូវបិទជាបណ្តោះអាសន្នរយៈពេល៤៥ថ្ងៃ ចាប់តាំងពីថ្ងៃសុក្រទី២៤មិថុនានេះ ដើម្បីសាងសង់ស្ពានអាកាសភ្ជាប់ពីមហាវិថីឈ្នះ-ឈ្នះ ទៅកាន់ផ្លូវក្រវ៉ាត់ក្រុងទី៣។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យថ្ងៃនេះ បានបញ្ជាក់ថាការបើកការដ្ឋានសាងសង់ស្ពានអាកាសលើកំណាត់មហាវិថីឈ្នះឈ្នះ គឺចាប់ពី ចំណុចមុខរោងចក្រ«ប៊ឺរី» ឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលស្ថិតក្នុងភូមិ ជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងបានបញ្ជាក់នូវផ្លូវវាងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។ ផ្លូវវាងទាំងនោះ រួមមាន៖

១/ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅកាន់ស្ពានអា កាស ចោមចៅ សូមបញ្ចៀសបត់ឆ្វេង ចូលទៅផ្លូវមុខស្ថានីយ៍ប្រេងឥន្ទនៈតេលា រហូតដល់ ផ្សារ ឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅដល់មុខស្តុបវិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ៤ រួចបត់ ឆ្វេងទៅ រកស្ពានអាកាសចោមចៅ។

២/ ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវ ជាតិលេខ៤ សូមបញ្ចៀសបត់ស្តាំត្រង់ចំណុចស្តុបមុខវិទ្យាល័យជម្ពូវ័ន ទៅផ្សារឯករាជ្យ២ បត់ឆ្វេងឡើងទៅកាន់មហាវិថីឈ្នះឈ្នះ រួចបត់ស្តាំរហូតដល់មុខផ្សារបឹងបៃតង បត់ឆ្វេងទៅ តាមផ្លូវផ្សារសាមគ្គី ដើម្បីឆ្ពោះទៅផ្លូវជាតិលេខ៤។

៣/ ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្ពានអាកាស ចោមចៅ សូមបញ្ចៀសបត់ឆ្វេងចូលតាមក្លោងទ្វារវត្តអរុណវត្តី ឡើងទៅដល់ផ្សារសាមគ្គី រួចបត់ស្តាំមករក មហាវិថីឈ្នះឈ្នះ រួចបន្តបត់ស្តាំរហូតដល់មុខរោងចក្រប៊ឺរី ចូលទៅផ្លូវមុខ ស្ថានីយ៍ប្រេងឥន្ទនៈតេលា រហូតដល់ផ្សារឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅដល់មុខស្តុប វិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ ៤ រួចបត់ឆ្វេងទៅរកស្ពានអាកាសចោមចៅ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner