លទ្ធផលផ្លូវការ៖ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៩៣.៧៦អាសនៈ, មេឃុំចំនួន១៦៤៨ឃុំ, ជំទប់ទី១ ចំនួន១៦១៨ និងជំទប់ទី២ ចំនួន២៦១

ភ្នំពេញ៖ លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង៥លានសំឡេង និងទទួលបានអាសនៈជាង៩ពាន់អាសនៈ និងមេឃុំជាង១៦០០ឃុំ, ជំទប់ទី១ បានចំនួនជាង១៦០០ និងជំទប់ទី២ បានជិត៣០០។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ដោយក្នុងចំណោមគណបក្សនយោបាយ ចំនួន១៧ ដែលបានចូលរួមប្រកួតប្រជែង គឺមានគណបក្សនយោបាយចំនួន៩ ដែលទទួលបានសំឡេងគាំទ្រ និងទទួលបានអាសនៈ។ គ.ជ.ប បានប្រកាសថា គណបក្សនយោបាយចំនួន៩ ដែលទទួលបានអាសនៈមានដូចជា៖
១.គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ៥,៣៧៨,៧៧៣ សំឡេង ស្មើនឹង ៧៤.៣២% និងទទួលបានអាសនៈចំនួន ៩៣.៧៦ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំចំនួន១៦៤៨ឃុំ, ជំទប់ទី១ ចំនួន១៦១៨ និងជំទប់ទី២ ចំនួន២៦១។
២.គណបក្សភ្លើងទៀន ទទួលបានសំឡេងសរុបចំនួន ១,៦១០,៥៥៦ សំឡេង ស្មើនឹង ២២.២៥% និងទទួលបានអាសនៈចំនួន ២,១៩៨ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំចំនួន៤ឃុំ, ជំទប់ទី១ ចំនួន២៥ និងជំទប់ទី២ ចំនួន១៣៦០។
៣.គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងសរុបចំនួន ៩១,៧៩៨ សំឡេង ស្មើនឹង ១.២៧% និងទទួលបានអាសនៈចំនួន ១៩ អាសនៈ , ជំទប់ទី១ ចំនួន៤ និងជំទប់ទី២ ចំនួន១២។
៤.គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងសរុបចំនួន ៦៣,៨៦៨ សំឡេង ស្មើ ០.៨៨% និងទទួលបានអាសនៈចំនួន ១៣ អាសនៈ, ជំទប់ទី១ ចំនួន១ និងជំទប់ទី២ ចំនួន១០។
៥.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានសំឡេងសរុបចំនួន ៦,៨០៧ សំឡេង ស្មើ ០.០៩% និងទទួលបានអាសនៈចំនួន ៦ អាសនៈ, ជំទប់ទី១ ចំនួន២ និងជំទប់ទី២ ចំនួន២។
៦.គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានសំឡេងសរុបចំនួន ៣៣,២៥៩ សំឡេង ស្មើ ០.៤៦% និងទទួលបានអាសនៈចំនួន ៥ អាសនៈ, ជំទប់ទី១ ចំនួន២ និងជំទប់ទី២ ចំនួន២។
៧.គណបក្សយុវជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ១៣,៨៤១ សំឡេង ស្មើ ០.១៩% និងទទួលបានអាសនៈចំនួន ៣ អាសនៈ, ជំទប់ទី២ ចំនួន៣។
៨.គណបក្សកម្ពុជានិយម ទទួលបានសំឡេងសរុបចំនួន ៤,៨៥៦ សំឡេង ស្មើ ០.០៧% និងទទួលបានអាសនៈចំនួន១ អាសនៈ , ជំទប់ទី២ ចំនួន១។
៩.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងសរុបចំនួន ២,៤៦០ ស្មើ ០.០៣% និងទទួលបានអាសនៈចំនួន ១ អាសនៈ , ជំទប់ទី២ ចំនួន១។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង។ ទាក់ទងដំណើរការបោះឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ប្រជាពលរដ្ឋចេញទៅបោះឆ្នោត សរុបចំនួន ៧.៣៩៤.៤២៧ នាក់ ស្មើនឹង ៨០,៣២%។ សន្លឹកឆ្នោតបានការ សរុបចំនួន ៧.២៣៧.០៣៧ សន្លឹក។ សន្លឹកឆ្នោតមិនបានការ សរុបចំនួន ១៥៧.៣៩០សន្លឹក។ គ.ជ.ប សម្រេចឱ្យអង្គភាពជំនាញផ្សព្វផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះជាសាធារណៈ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ និងផ្សាយតាមគេហទំព័រ និងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម របស់ គ.ជ.ប៕
ដោយ៖ពលជ័យ

ads banner