មានភ្ញៀវទៅទស្សនាឥតដាច់ នៅតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ព្រះនិម្មិត ក្នុងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ
ព្រះវិហារ ៖ ទឹកធ្លាក់ព្រះនិម្មិត មានភ្ញៀវទេសចរណ៍ទៅទស្សនាឥតដាច់ នៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ហើយបើនៅរដូវបុណ្យចូលឆ្នាំសាកល ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ និងថ្ងៃឈប់សម្រាកភ្ញៀវមានកាន់តែច្រើន ។
លោក សុខសាន្ត ណារ៉ា អភិបាលស្រុកឆែបប្រាប់ថា សហគមន៍ទេសចរណ៍ទឹកធ្លាក់ព្រះនិម្មិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ រាល់ថ្ងៃមានភ្ញៀវជាតិនិងអន្តរជាតិទៅទស្សនាកំសាន្តឥតដាច់ (ពី៣០ទៅ៥០នាក់) ហើយបើជាជាថ្ងៃបុណ្យទានប្រពៃណីនិងថ្ងៃឈប់សម្រាប់រាជការ មានភ្ញៀវច្រើនដល់រាប់រយពាន់នាក់ក្នុង ១ថ្ងៃៗ ។
នៅទីនោះ ត្រូវបានអភិវឌ្ឍន៍ខ្លះៗដោយសហគមន៍ និងវិនិយោគដោយក្រុមហ៊ុនបរទេសមួយ មកពីប្រទេសម៉ាឡេស៊ី ក្នុងនោះគេបានសាង់សង់កាស៊ីណូនិងបន្ទប់សម្រាកចំនួន ៥៨បន្ទប់ផងដែរ ។ បើភ្ញៀវចង់ទៅសម្រាកនៅមូលដ្ឋានជិតៗនោះ មានសេវាផ្ទះសំណាក់នៅឃុំកំពង់ស្រឡៅ១ និងនៅកំពង់ស្រឡៅ២ ថែមទៀត ។
លោកបន្តថា ៖ ទឹកជ្រោះឬទឹកធ្លាក់ព្រះនិម្មិតនៅបណ្តោយមាត់ទន្លេមេគង្គប្រវែង ៣០ម៉ែត្រ និងទទឹងពោះទន្លេរាប់រយម៉ែត្រ ។ វាជាទឹកធ្លាក់/ជ្រោះក្នុងពោះទន្លេមេគង្គ-ឡានឆាងធំបង្អស់បន្ទាប់ពីល្បាក់ខោននៅស្រុកមឿងខូងខេត្តចំប៉ាសាក់ ប្រទេសឡាវ ខាងលើទឹកធ្លាក់នេះ ។ តំបន់ទឹកធ្លាក់ព្រះនិម្មិតនេះ ភ្ញៀវទេសចរណ៍អាចតែទស្សនា និង ថតរូបប៉ុណ្ណោះ មិនអាចចុះលេង ឬមុជទឹកបានឡើយ ត្បិតអីទឹកហូរខ្លាំង ជ្រោះជ្រៅ ចោត ថ្មស្រួចៗ ។
នៅទីនោះ អ្នកស្រុកបានលក់ដូរម្ហូបអាហារឆ្អិន វត្ថុអនុស្សាវរីយ៍ ដែលភាគច្រើនជាផលិតផលសិប្បកម្មជនជាតិឡាវដូចជាសំពត់ស៊ឹង កាតាប ស្បៃពានា និងលក់ដូរត្រីទន្លេមេគង្គ ផ្សិត បន្លែ ទំពាំង ជាដើម ។
សម្រាប់ផ្លូវឆ្ពោះទៅកាន់ទឹកធ្លាក់ព្រះនិម្មិត គឺលោកអ្នកអាចធ្វើដំណើរពីខេត្តព្រះវិហារតាមផ្លូវជាតិលេខ៩ ពីកើត ដល់ហួសសាលាស្រុកឆែប ក្នុងឃុំឆែប២ រួចបត់ទៅជើងផ្លូវខេត្ត(ក្រាលគ្រួស) ពុះទ្រូងព្រៃព្រះរកាទៅជើងដល់ឃុំកំពង់ស្រឡៅ១ បត់ទៅកើតនិងអគ្នេយ៍វិញចម្ងាយ ៨០គ.ម (ពីសាលាស្រុកឆែប)និងពីខេត្តស្ទឹងត្រែងតាមផ្លូវជាតិលេខ៩នេះដែរ ទៅលិច ទៅដល់ភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់រួចបត់ទៅជើងតាមផ្លូវខេត្ត(ក្រាលគ្រួស) ចម្ងាយ ៣៧គម ៕ ដោយ៖ឃិន គន្ធា













