អាណោចអាធ័មណាស់.!! រថយន្តកុងតឺន័របើកបុកម៉ូតូពីក្រោយ និងអូសជាច្រើនម៉ែត្របណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ
ភ្នំពេញ ៖ បុរសម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវសុខៗ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង បើកមកបុកពីក្រោយហើយអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១១និង២៣នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតតាមមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ វាសនា សីហា ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើត ភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង1E-3855 ធ្វើដំណើរតាមមហាវិថីចោមចៅ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់បើករថយន្តកុងតឺន័រ ក្បាលពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3F-1728 បើកក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយពេញទំហឹងអូសជាច្រើនម៉ែត្របណ្ដាលឱ្យម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯជនរងគ្រោះបានខ្ទាតចូលទៅក្រោមកង់រថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម ។ ដោយឡែកអ្នកបើកបរ ចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងយករថយន្តបង្ករួមជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯណាស្នងការដ្ឋាននគរបាលក្រុង រង់ចាំម្ចាស់រថយន្តឬថៅកែចូលខ្លួនមកដោះស្រាយគ្នាទៅតាមច្បាប់ ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ និងកុសល្យវិច្ច័យរួចរាល់ទើបប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា








