ប្រើប្រាស់គ្រឿងញៀន បំផ្លាញខ្លួនឯង បំផ្លាញគ្រួសារ និងបំផ្លាញសង្គមជាតិ

ភ្នំពេញ ៖ នគរបាលជំនាញ នគរបាលប៉ុស្ដិ៍រដ្ឋបាល កងរាជអាវុធហត្ថ មេឃុំចៅសង្កាត់ទាំង ៤៩ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៨០០នាក់ បានមកចូលរួមអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានប្រារព្ធធ្វើនៅវិទ្យាល័យពោធិ៍សាត់ ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរង ប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។

លោកវរៈសេនីយ៍ឯក ហែម មុន្នី ស្នងការរងទទួលផែនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា រយៈពេល ០៦ខែក្នុងឆមាសទី១ដើមឆ្នាំ២០២២នេះ យើងបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៧៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១០៩នាក់ ក្នុងនោះករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់ចំនួន ៥៣ករណី និងករណីប្រើប្រាស់ដោយខុសច្បាប់ ២៥ករណី។ ដកហូតសម្ភារៈ វត្ថុតាង និងមធ្យោបាយប្រព្រឹត្តបទល្មើសរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ២២២កញ្ចប់ទម្ងន់ ៨៥៦,០២ក្រាម, ថ្នាំប្រភេទwyចំនួន ១៦២គ្រាប់ទម្ងន់ ១៦,២១ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០៦គ្រឿង, រថយន្ដ ០៦គ្រឿង ម៉ូតូ ២១គ្រឿង ទូរស័ព្ទដៃ ៤៦គ្រឿង លុយខ្មែរ ២.២៧២.៥០០រៀល លុយដុល្លារ ៦១៥ដុល្លារ លុយបាត ២០០បាត កាំភ្លើងស្នប់ចំនួន ០៣ដើម ដាវ ០៥ កាំបិត ០៧ ប្រដាប់ឆក់ ០៥គ្រឿង ឧបករណ៍វេចខ្ចប់និងបម្រើឲ្យការជក់មួយចំនួនធំទៀត។

ចំណាត់ការផ្លូវច្បាប់ យើងបានបញ្ជូនជនសង្ស័យទៅពន្ធនាគារចំនួន ៦៥នាក់ បញ្ជូនទៅមណ្ឌលអប់រំកែប្រែស្ដានីតិសម្បទាចំនួន ១៤នាក់ និងធ្វើការអប់រំនៅថ្នាក់មូលដ្ឋានឲ្យទៅសហគមន៍វិញចំនួន ០៣នាក់(ស្រី)។ បានកោះហៅមុខសញ្ញាមកអប់រំ ឲ្យបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន និងធ្វើកិច្ចសន្យាប្រគល់ឲ្យឪពុកម្ដាយអាណាព្យាបាលអប់រំបន្ត។ ជាមួយគ្នានេះក៍បានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងគ្រឹះស្ថានសិក្សានានា ធ្វើការផ្សព្វផ្សាយអំពីច្បាប់និងផលប៉ះពាល់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនបានចំនួន ២៧លើកផងដែរ។

បន្ទាប់ពីអានសារលិខិតរបស់សម្ដេចតេជោ ដោយ លោក ណារ៉ា ចំរើន នាយករដ្ឋបាលសាលាខេត្តរួចមក លោក ពៅ ពិសិដ្ឋ តំណាងឯកឧត្តម ជាវ តាយ មានប្រសាសន៍ សូមឲ្យប្រជាពលរដ្ឋនិងប្អូនៗយុវជនទាំងអស់ក្នុងខេត្តពោធិ៍សាត់ ត្រូវចាត់ទុកគ្រឿងញៀនជាបញ្ហារបស់យើងទាំងអស់គ្នា ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង ហើយបើដឹងឬឃើញមិត្តភក្កិកូនចៅអ្នកជិតខាងណាមានសញ្ញាសេពគ្រឿងញៀន ឬជក់បារីអេឡិចត្រូនិច ត្រូវរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់។
ការប្រើប្រាស់គ្រឿងញៀនបំផ្លាញអនាគតខ្លួនឯង បំផ្លាញគ្រួសារ និងបំផ្លាញសង្គមជាតិទាំងមូល។

លោកសូមឲ្យសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យបានតឹងរឹងបំផុត ចំពោះបុគ្គលនិងឧក្រិដ្ឋជនដែលមានសកម្មភាពចែកចាយគ្រឿងញៀនក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់របស់យើង។

ជាមួយគ្នានេះលោក ពៅ ពិសិដ្ឋ ក៍បានកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សហការជាមួយស្ថាប័នតុលាការ ដែលកន្លងមកនេះបានបង្ក្រាបមេឧក្រិដ្ឋកម្មគ្រឿងញៀនដ៍ធំមួយក្នុងខេត្តពោធិ៍សាត់ ធ្វើឲ្យអត្រានៃការប្រឈមគ្រឿងញៀន បានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ លោកសូមឲ្យបន្តកិច្ចការនេះឲ្យបានខ្លាំងថែមទៀត ដើម្បីធ្វើឲ្យខេត្តពោធិ៍សាត់យើងកាន់តែថយចុះ និងឈានទៅលែងមានគ្រឿងញៀននៅថ្ងៃអនាគត ៕ ដោយ ៖ ចេង ពុំ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner