កម្លាំងសមត្ថកិច្ចចម្រុះ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅ ស្រុកបរិបូណ៌ និងស្រុកកំពង់លែង
កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជារឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២២ លោក សាន់ យូ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចម្រុះ បានដឹកនាំក្រុមការងារបន្តចុះបង្ក្រាបបទល្មើសនេសាទ របាំងលនលើផ្ទៃទន្លេ ក្នុងភូមិសាស្រ្តភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ និងភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ និងចំណុចវាលភក់ ស្រុកកំពង់លែង ។
ក្នុងនោះផងដែរ លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថាប្រតិបត្តិការបនេះ មានការចូលរួមពី ចេង ចាន់ដូណាអភិបាលស្រុក អភិ បាលស្រុកបរិបូណ៌ មន្ត្រីបរិស្ថាន ជំ នាញជលផល កងកម្លាំងអាវុធហត្ថ និងនគរបាល ដោយបានប្រើប្រាស់កម្លាំងសរុប ២៤ នាក់ មធ្យោបាយកាណូតស្មាច់ ០៤ គ្រឿង ក្នុងនោះមាន កម្លាំងសរុបចំនួន ២២នាក់,ប្រើប្រាស់មធ្យោបាយកាណូតសរុបចំនួន ០៥គ្រឿង ។
ជាលទ្ធផលកម្លាំងចម្រុះយើងបានបំផ្លាញ ចោលរួមមាន រុះរើរបាំងសាច់អួនចំនួន ២ករណីស្មើ ១៣កន្លែង ប្រវែង ៦៨០ម៉ែត្រ បង្គោលចំនួន ៦០០ដើម ,លូសាច់អួនចំនួន ២១មាត់ និងចាក់លែង ត្រី ចម្រុះចូលបឹងធម្មជាតិវិញចំនួន ១០ គីឡូក្រាមផងដែរ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ បានឲ្យដឹងថា សមត្ថកិច្ចចម្រុះនៅគ្រប់ស្រុក ដែលដឹកនាំដោយគណៈបញ្ជាការឯកភាពស្រុកត្រូវបន្តចេញប្រតិបត្តិការ ជាប្រចាំឲ្យដូចភ្លៀង រលឹម ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទ ក៏ដូចជារដូវបើកនិងនេសាទបង្ក្រាបបទល្មើស ឲ្យអស់នៅក្នុងភូមិសាស្ត្រស្រុកនិមួយៗរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យមានបទល្មើសនេសាទនោះឡើយ ។ បទល្មើសនេសាទដែលនៅតែបន្តកើតមាននៅតាមបណ្ដាស្រុកណា គឺគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកនោះ ត្រូវទទួលខុសត្រូវក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ៕ សុខ គឹមសៀន























