លោក ហ្សេលេនស្គី៖ រុស្ស៊ីបង្កើនការវាយលុក ចំពេលក្រុមប្រទេស G7 ចាប់ផ្តើមបើកកិច្ចប្រជុំកំពូល

កៀវ៖ កងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយលុករបស់ពួកគេ បន្ទាប់ពីបានប្រកាសគ្រប់គ្រងទីក្រុង សេវើរ៉ូដូណេត ភាគខាងកើតប្រទេសអ៊ុយក្រែន ។ កងទ័ពរុស្ស៊ីបានវាយប្រហារកន្លែងហ្វឹកហ្វឺនយោធារបស់អ៊ុយក្រែននៅភាគខាងជើង និងខាងលិចជាមួយនឹងកាំជ្រួចបញ្ជាទិស ។

មីស៊ីលរបស់រុស្ស៊ីក៏បានវាយប្រហារចំកណ្តាលទីក្រុងកៀវ នៅព្រឹកថ្ងៃអាទិត្យសប្តាហ៍មុននេះផងដែរ ខណៈរដ្ឋអាជ្ញាអ៊ុយក្រែនបាននិយាយថា មនុស្សម្នាក់បានស្លាប់ និងយ៉ាងហោចណាស់បួននាក់បានរងរបួស។ ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថា តាមវីដេអូមួយនៅថ្ងៃអាទិត្យថា ការវាយប្រហារទាំងនោះបានបំផ្លាញសាលាមត្តេយ្យមួយកន្លែង និងអគារស្នាក់នៅមួយកន្លែងទៀត។

លោក ហ្សេលេនស្គី បានចោទរុស្ស៊ីថា បានបង្កើនការវាយប្រហាររាល់ពេលព្រឹត្តិការណ៍អន្តរជាតិកើតឡើង ដោយលោកបានសំដៅទៅលើកិច្ចប្រជុំកំពូល G7 ដែលបានចាប់ផ្តើមនៅក្នុងប្រទេសអាល្លឺម៉ង់ ។

ទន្ទឹមគ្នា ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានប្តេជ្ញាដែរថា នឹងយកឈ្នះ ក៏ដូចជាដណ្ដើមទីក្រុងទាំងអស់ដែលកងកម្លាំងរុស្ស៊ីគ្រប់គ្រងមកវិញ បន្ទាប់ពីទីក្រុងយុទ្ធសាស្ត្រ សេវើរ៉ូដូណេត ភាគខាងកើត ត្រូវបានកាន់កាប់ទាំងស្រុងដោយរុស្ស៊ី។ បន្ថែមលើនេះ លោក ហ្សេលេនស្គី ក៏បានអំពាវនាវឲ្យបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាពន្លឿនជំនួយយោធាពីប្រទេសលោកខាងលិចផងដែរ ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner