បាតុកររាប់ពាន់នាក់ប្រមូលផ្ដុំគ្នានៅទីក្រុងម៉ាឌ្រីដ ប្រឆាំងនឹងកិច្ចប្រជុំកំពូលណាតូ
បាតុករប្រឆាំងអង្គការណាតូរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃអាទិត្យមុនពេលកិច្ចប្រជុំកំពូលនៃសម្ព័ន្ធមិត្តយោធាធ្វើឡើងក្នុងរដ្ឋធានីអេស្ប៉ាញនាសប្តាហ៍នេះ។
ក្រុមបាតុករអំពាវនាវឱ្យអង្គការណាតូដឹកនាំដោយសហរដ្ឋអាមេរិកត្រូវរំលាយ និងទាមទារឱ្យបិទមូលដ្ឋានយោធាដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអេស្ប៉ាញ។ក្រុមបាតុករបានកាន់បដាដែលសរសេរថា «ទេ ចំពោះណាតូ។ ទេ ចំពោះសង្រ្គាម។ ដើម្បីសន្តិភាព» និងថែមទាំងមានកាន់ទង់ដែលមានភ្ជាប់ទង់ជាតិនៃសហភាពសូវៀត។
ក្រុមបាតុករអះអាងថា ការបង្កើនការចំណាយលើវិស័យការពារជាតិនៅអឺរ៉ុបក្រោមការជំរុញរបស់ណាតូគឺជាការគំរាមកំហែងដល់សន្តិភាព។
បាតុករម្នាក់ឈ្មោះ Concha Hoyos រស់នៅក្រុងម៉ាឌ្រីដ និយាយប្រាប់រ៉យទ័រថា៖ «ខ្ញុំធុញទ្រាន់នឹងជំនួញអាវុធ និងការសម្លាប់មនុស្សនេះ។ ដំណោះស្រាយដែលពួកគេស្នើគឺអាវុធ និងសង្គ្រាមកាន់តែច្រើន ហើយយើងតែងតែចំណាយលើវា។ ដូច្នេះ កុំឱ្យមានណាតូ ឬមូលដ្ឋានទ័ព។ ទុកឲ្យពួកអាមេរិកាំងទៅ ហើយឱ្យយើងរស់នៅដោយគ្មានសង្រ្គាម និងអាវុធ»។
ក្រុមអ្នករៀបចំបាតុកម្មនិយាយថា មនុស្សចំនួន ៥ ០០០ នាក់ បានចូលរួមការដង្ហែក្បួន ប៉ុន្តែអាជ្ញាធរថាមានតែចំនួន ២ ២០០ នាក់។
ប៉ូលិសជាង ១០ ០០០ នាក់និងកងកម្លាំងសន្តិសុខផ្សេងទៀតនឹងផ្តល់ការការពារដល់អ្នកតំណាងនៃប្រទេសចំនួន៤០ដែលចូលរួមកិច្ចប្រជុំ ដែលនឹងចាប់ផ្ដើមថ្ងៃអង្គារនេះ រហូតដល់ថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យក្រសួងមហាផ្ទៃអេស្ប៉ាញនិយាយថាមកដល់ពេលនេះមិនមានការគំរាមកំហែងជាក់លាក់ត្រូវបានគេកំណត់អត្តសញ្ញាណនោះទេ។កិច្ចប្រជុំកំពូលប្រព្រឹត្តទៅក្រោមស្រមោលនៃសង្រ្គាមនៅអ៊ុយក្រែន ហើយត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តលើការពង្រឹងសមត្ថភាពយោធា និងរារាំងរបស់អង្គការណាតូ។
ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អេស្បាញចង់សង្កត់ធ្ងន់លើភាពជិតស្និទ្ធរបស់ខ្លួនជាមួយទ្វីបអាហ្រ្វិក ខណៈបញ្ចុះបញ្ចូលឱ្យមានការផ្តោតអារម្មណ៍កាន់តែខ្លាំងលើផ្នែកខាងត្បូងរបស់អឺរ៉ុបនៅក្នុងឯកសារថ្មីមួយដែលបង្ហាញពីចក្ខុវិស័យរបស់អង្គការណាតូអំពីបញ្ហាប្រឈម និងកិច្ចការសន្តិសុខរបស់ខ្លួន។អេស្បាញ និងប្រទេសសមាជិកផ្សេងទៀតកំពុងជំរុញឱ្យសម្ព័ន្ធភាពលោកខាងលិចដោយស្ងៀមស្ងាត់ ឱ្យពិចារណាពីរបៀបដែលពួកទាហានស៊ីឈ្នួលWagnerរបស់រុស្ស៊ីកំពុងរីករាលដាលឥទ្ធិពលរបស់វិមានក្រឹមឡាំងទៅកាន់អាហ្វ្រិក ខណៈចិនក៏ពង្រឹងវត្តមានរបស់ខ្លួនដោយស្ងៀមស្ងាត់នៅទ្វីបនេះ។





ប្រភព៖ Reuters