គណបក្សខ្មែររួបរួមជាតិប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

គណបក្សខ្មែររួបរួមជាតិ បានសង្កេតឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងដំណើរការប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គ្មានការបង្ខិតបង្ខំ ក្នុងពេលបោះឆ្នោត មានបរិយាកាសស្ងប់ស្ងាត់ល្អ និងដំណើរការទៅដោយរលូន គ្មានឧបសគ្គ និងគ្មានអំពើហិង្សា ព្រមទាំងការរាប់សន្លឹកឆ្នោត និងលទ្ធផលបោះឆ្នោតអាចទទួលយកបាន។

បើតាមលទ្ធផលផ្លូវការដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងសរុបចំនួន ៦៣,៨៦៨ សំឡេង ស្មើ ០.៨៨% និងទទួលបានអាសនៈចំនួន ១៣អាសនៈ, ជំទប់ទី១ ចំនួន១ និងជំទប់ទី២ ចំនួន១០៕
ដោយ៖ពលជ័យ

ads banner