ប្រទេសG-7មានបំណងរៃលុយ ៦០០ប៊ីលានដុល្លារអាមេរិក ដើម្បីទប់ទល់គម្រោងខ្សែក្រវាត់ និងផ្លូវចិន
មេដឹកនាំនៃក្រុមប្រទេសទាំង៧ (G-7)កាលពីថ្ងៃអាទិត្យសន្យារៃអង្គាសប្រាក់ចំនួន៦០០ប៊ីលានដុល្លារជាមូលនិធិឯកជន និងសាធារណៈក្នុងរយៈពេល៥ឆ្នាំ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ហើយប្រឆាំងនឹងគម្រោងខ្សែក្រវាត់ និងផ្លូវតម្លៃរាប់ពាន់លានដុល្លាររបស់ចិន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិននិងមេដឹកនាំនៃសមាជិកG-៧ផ្សេងទៀតបានឱ្យឈ្មោះថ្មីនៃគម្រោងថា«ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល»នៅក្នុងជំនួបប្រចាំឆ្នាំដែលធ្វើឡើងនៅក្រុងSchloss Elmau ប្រទេសអាល្លឺម៉ង់។
តាមការចុះផ្សាយរបស់រ៉យទ័រលោក បៃដិន និយាយថា សហរដ្ឋអាមេរិកនឹងកៀរគរជំនួយឥតសំណងចំនួន២០០ប៊ីលានដុល្លារមូលនិធិសហព័ន្ធ និងការវិនិយោគឯកជនក្នុងរយៈពេល៥ឆ្នាំ ដើម្បីគាំទ្រគម្រោងក្នុងប្រទេសមានចំណូលទាប និងមធ្យម ដែលជួយដោះស្រាយលើការប្រែប្រួលអាកាសធាតុ ក៏ដូចជាកែលម្អសុខភាពពិភពលោក សមភាពយេនឌ័រ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ .
លោកបៃដិននិយាយថា៖ «ខ្ញុំចង់បញ្ចាក់ឱ្យច្បាស់។ នេះមិនមែនជាជំនួយ ឬសប្បុរសធម៌ទេ។ វាគឺជាការវិនិយោគដែលនឹងផ្តល់ផលចំណេញសម្រាប់មនុស្សគ្រប់គ្នា» ហើយបន្ថែមថា វានឹងអនុញ្ញាតឱ្យប្រទេសនានា«មើលឃើញអត្ថប្រយោជន៍ជាក់ស្តែងនៃការចាប់ដៃគូជាមួយលទ្ធិប្រជាធិបតេយ្យ»។លោកថា ថវិការាប់រយពាន់លានដុល្លារបន្ថែមអាចបានមកពីធនាគារអភិវឌ្ឍន៍ពហុភាគី ស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ និងផ្សេងៗទៀត។
ទន្ទឹមជាមួយគ្នានោះប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែន និយាយប្រាប់កិច្ចប្រជុំជាមួយគ្នាថា អឺរ៉ុបនឹងប្រមូលថវិកា៣០០ប៊ីលានអឺរ៉ូសម្រាប់ការផ្តួចផ្តើមគំនិតក្នុងរយៈពេលដូចគ្នានេះ ដើម្បីបង្កើតជម្រើសប្រកបដោយនិរន្តរភាពទប់ទល់នឹងគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវចិន ដែលលោកប្រធានាធិបតីស៊ី ជិនពីង ចាប់ផ្តើមឆ្នាំ២០១៣។
មេដឹកនាំនៃប្រទេសអ៊ីតាលី កាណាដា និងជប៉ុនក៏និយាយអំពីផែនការរបស់ពួកគេផងដែរ ដែលមួយចំនួនត្រូវបានប្រកាសដាច់ដោយឡែករួចហើយ។ ប្រធានាធិបតីបារាំងលោក អេម៉ាណូអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក ប៊ូរីស ចនសុន មិនបានលើកបង្ហាញអ្វីទេ ប៉ុន្តែប្រទេសទាំង២ក៏ចូលរួមក្នុងគម្រោងផងដែរ។
ខុសពីគម្រោងរបស់ចិន ដែលគ្រប់គ្រងដោយរដ្ឋ ការផ្តល់មូលនិធិG-៧ដែលស្នើឡើងនឹងពឹងផ្អែកភាគច្រើនលើក្រុមហ៊ុនឯកជនដែលមានឆន្ទៈក្នុងការប្តេជ្ញាចិត្តចំពោះការវិនិយោគដ៏ធំដូច្នេះវាមិនត្រូវបានធានានោះទេ។
គម្រោងវិនិយោគរបស់ប្រទេសចិនពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ និងគម្រោងផ្សេងៗនៅក្នុងប្រទេសជាង១០០ក្នុងគោលបំណងបង្កើតផ្លូវពាណិជ្ជកម្មទំនើបពីអាស៊ីទៅអឺរ៉ុបនិងអាហ្រ្វិកជាដើម។មន្ត្រីសេតវិមាននិយាយថា ផែនការនេះផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងតិចតួចសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន និងធ្វើឱ្យប្រទេសមួយចំនួនជំពាក់បំណុលចិន។ ប៉ុន្តែចិនផ្ដល់ហិរញ្ញវត្ថុច្រើនលើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាផ្លូវថ្នល់ ផ្លូវដែក និងកំពង់ផែជាដើម បន្ថែមពីលើការវិនិយោគផ្ទាល់ ការពន្លឿនវិស័យឧស្សហកម្ម ដែលជំរុញកំណើនសេដ្ឋកិច្ច។

ប្រភព៖ CNA