សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធទូរស័ព្ទជាមួយអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធទូរស័ព្ទជាមួយឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។

កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានធ្វើការទូរស័ព្ទដោយផ្ទាល់មកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការជូនពរដោយផ្ទាល់ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជានូវការអបអរសាទរខួប ៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ង្វៀន ភូជុង បានសម្តែងនូវអំណរសាទរ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និយាយជារួម និងនិយាយដោយឡែកសូមសម្តែងនូវការអបអរសាទរជូនគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះដ៏លើសលុបពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅថ្មីៗនេះ។
ប្រភពទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះ បានបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ ឯកឧត្តម ង្វៀន ភូជុង បានអបអរសាទរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានប្រារព្ធខួប៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានសម្តែងនូវការអបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំបញ្ជាគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដំណើរការនៃការបើកប្រទេសឡើងវិញ ការស្តារសេដ្ឋកិច្ច សង្គម មានភាពល្អប្រសើរ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះឯកឧត្តម ង្វៀន ភូជុង ដែលបានទូរស័ព្ទទំនាក់ទំនងដោយផ្ទាល់មកកាន់រូបសម្តេច ពិសេសការចូលរួមអបអរសាទរខួប៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងអបអរសាទរចំពោះលទ្ធផលជាវិជ្ជមាន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ផង។ សម្តេចតេជោ មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ង្វៀន ភូជុង និងរដ្ឋាភិបាលវៀតណាម ដែលបានសហការជួយរៀបចំកម្មវិធីខួប៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ។
តាមរយៈកិច្ចសន្ទនាគ្នានោះ សម្តេចតេជោបានសម្តែងនូវការអបអរសាទរ ជូនចំពោះរដ្ឋាភិបាលវៀតណាម ដែលបានចាត់វិធានការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ដែលធ្វើឱ្យប្រទេសវៀតណាមវិលមកប្រក្រតីភាពឡើងវិញ និងទទួលបានជោគជ័យលើវិស័យសេដ្ឋកិច្ច សង្គម ការបើកសេដ្ឋកិច្ចឡើងវិញ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ នៅក្នុងកិច្ចសន្ទនាដែលបានចំណាយពេលប្រមាណជាង៣០នាទី សម្តេចតេជោ និងឯកឧត្តម ង្វៀន ភូជុង បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរកម្ពុជា វៀតណាម ឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

