អង្គការ សមាគមក្រៅរដ្ឋាភិបាលប្រកាសគាំទ្រលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ភ្នំពេញ៖ អង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន១០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយបានគាំទ្រលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រកាសជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីទី២៦ ខែមិថុនា ឆ្នាំ២០២២។ ការប្រកាសគាំទ្រនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី២៦ ខែមិថុនា ម្សិលមិញ។ ដោយគ.ជ.ប បានបញ្ជាក់ថា ចំណោមគណបក្សនយោបាយ ចំនួន១៧ ដែលបានចូលរួមប្រកួតប្រជែង គឺមានគណបក្សនយោបាយចំនួន៩ ដែលទទួលបានសំឡេងគាំទ្រ និងទទួលបានអាសនៈ។ ក្នុងចំណោមគណបក្សចំនួន៩នោះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ និងអាសនៈយ៉ាងច្រើនលើសលុប។

សេចក្តីថ្លែងការណ៍របស់អង្គការ សមាគមទាំង១០ បានឱ្យដឹងថា តំណាងឱ្យអង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន១០ បានតាមដាន និងអង្កេត យ៉ាងយកចិត្តទុកដាក់បំផុត តាំងពីដំណើរការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ។ អង្គការ សមាគមទាំង១០ បានកត់សម្គាល់ឃើញថា ទាំងដំណើរការឃោសនាបោះឆ្នោត ដំណើការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត គឺបានប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ ប្រភពដដែលបញ្ជាក់ថា យោងតាមបរិយាកាសដ៏ល្អបំផុត នៃដំណើការបោះឆ្នោតនេះ តំណាងអង្គការ សមាគម ទាំង១០ បានប្រកាសគាំទ្រលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា អង្គការ សមាគមទាំង១០ ដែលបានចេញសេចក្តីការណ៍គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ខាងលើ រួមមាន ៖ ទី១. សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ទី២. អង្គការលើកកំពស់ជីវភាពកសិករ ទី៣. សមាគមពិធីករ ពិធីការិនីកម្ពុជា ទី៤. អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា ទី៥. សមាគមនិស្សិត សិស្សខេត្តព្រៃវែង ៦. អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ទី៧. អង្គការសង្គ្រោះបម្រើក្តីសង្ឃឹមពិភពលោក ទី៨. សមាគមទ្រទ្រង់កសិកម្មធម្មជាតិកម្ពុជា ទី៩. អង្គការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា និងទី១០. អង្គការត្បូងទទឹមកម្ពុជា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ដោយក្នុងចំណោមគណបក្សនយោបាយ ចំនួន១៧ ដែលបានចូលរួមប្រកួតប្រជែង គឺមានគណបក្សនយោបាយចំនួន៩ ដែលទទួលបានសំឡេងគាំទ្រ និងទទួលបានអាសនៈ។ គ.ជ.ប បានប្រកាសថា គណបក្សនយោបាយចំនួន ៩ ដែលទទួលបានអាសនៈមានដូចជា៖
១. គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ៥,៣៧៨,៧៧៣ សំឡេង ស្មើនឹង ៧៤.៣២% និងទទួលបានអាសនៈចំនួន ៩៣.៧៦ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំចំនួន ១៦៤៨ឃុំ , ជំទប់ទី១ ចំនួន ១៦១៨ និងជំទប់ទី២ ចំនួន ២៦១ ។
២. គណបក្សភ្លើងទៀន ទទួលបានសំឡេងសរុបចំនួន ១,៦១០,៥៥៦ សំឡេង ស្មើនឹង ២២.២៥% និងទទួលបានអាសនៈចំនួន ២,១៩៨ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំចំនួន ៤ឃុំ , ជំទប់ទី១ ចំនួន ២៥ និងជំទប់ទី២ ចំនួន ១៣៦០។
៣. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងសរុបចំនួន ៩១,៧៩៨ សំឡេង ស្មើនឹង ១.២៧% និងទទួលបានអាសនៈចំនួន ១៩ អាសនៈ , ជំទប់ទី១ ចំនួន ៤ និងជំទប់ទី២ ចំនួន ១២ ។
៤. គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងសរុបចំនួន ៦៣,៨៦៨ សំឡេង ស្មើ ០.៨៨% និងទទួលបានអាសនៈចំនួន ១៣ អាសនៈ , ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១០ ។
៥. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានសំឡេងសរុបចំនួន ៦,៨០៧ សំឡេង ស្មើ ០.០៩% និងទទួលបានអាសនៈចំនួន ៦ អាសនៈ , ជំទប់ទី១ ចំនួន ២ និងជំទប់ទី២ ចំនួន ២។
៦. គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានសំឡេងសរុបចំនួន ៣៣,២៥៩ សំឡេង ស្មើ ០.៤៦% និងទទួលបានអាសនៈចំនួន ៥ អាសនៈ , ជំទប់ទី១ ចំនួន ២ និងជំទប់ទី២ ចំនួន ២។
៧. គណបក្សយុវជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ១៣,៨៤១ សំឡេង ស្មើ ០.១៩% និងទទួលបានអាសនៈចំនួន ៣ អាសនៈ , ជំទប់ទី២ ចំនួន ៣។
៨. គណបក្សកម្ពុជានិយម ទទួលបានសំឡេងសរុបចំនួន ៤,៨៥៦ សំឡេង ស្មើ ០.០៧% និងទទួលបានអាសនៈចំនួន ១ អាសនៈ , ជំទប់ទី២ ចំនួន ១។
៩. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងសរុបចំនួន ២,៤៦០ សំឡេង ស្មើ ០.០៣% និងទទួលបានអាសនៈចំនួន ១ អាសនៈ , ជំទប់ទី២ ចំនួន ១៕
ដោយ៖ពលជ័យ

ads banner