កូនស្រីពៅរៀននិងគ្រប់គ្រងជំនួញរបស់លោកថាក់ស៊ីនកំពុងស្តារប្រជាប្រិយភាពឡើងវិញ
ខណៈការបោះឆ្នោតសកលនៅក្នុងប្រទេសគ្រោងនឹងរៀបចំឡើងក្នុងខែមីនាឆ្នាំ២០២៣ កូនស្រីពៅរបស់ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ គឺអ្នកនាង Paetongtarn Shinawatra ហាក់ហក់ឡើងប្រជាប្រិយភាពក្រឺតៗ ខុសពីនាយករដ្ឋមន្ត្រី ប្រយុធ ចាន់-អូចា ដែលឈានជើងចូលអំណាចកណ្តាលតាមរយៈការធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាមីងរបស់ Paetongtarn Shinawatra ហាក់ប្រឈមការលំបាកយ៉ាងខ្លាំងការដណ្តើមប្រជាប្រិយភាពនេះ។
បន្ថែមលើបក្សភឿថៃដែលបានជ្រើសរើស អ្នកនាង Paetongtarn Shinawatra ឲ្យដឹកនាំបក្សប្រឆាំងដ៏ធំនៃប្រទេសនេះ វិទ្យាស្ថានជាតិរដ្ឋបាលអភិវឌ្ឍន៍ដែលគេស្គាល់ថា Nida បានផ្សព្វផ្សាយពីការលទ្ធផលស្ទង់មតិមួយដែលរកឃើញថា ប្រជាប្រិយភាពរបស់អ្នកនាង Paetongtarn សម្រាប់ដំណែងនាយករដ្ឋមន្ត្រីបានកើនឡើងខ្ពស់លើសពីនាយករដ្ឋមន្ត្រីកំពុងកាន់អំណាច។
អ្នកនាង Paetongtarn បានទទួលការគាំទ្រ ២៥ ភាគរយពីអ្នកឆ្លើយសំណួរនៅក្នុងការស្ទង់មតិកាលពីថ្ងៃទី ២០-២៣ ខែមិថុនា ខណៈនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច ប្រាយុធ ចាន់-អូ-ចា (Prayut Chan-o-cha) បានមើលឃើញការគាំទ្រត្រឹមតែ១២ភាគរយប៉ុណ្ណោះដោយឈរនៅលំដាប់លេខរៀងទី៤។ នេះបើផ្អែកតាមបណ្តាញផ្សព្វផ្សាយនានា។
លទ្ធផលស្ទង់មតិដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន BLOOMBERG បានលើកឡើងថា កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺអ្នកនាង Paetongtarn Shinawatra គឺជាជម្រើសកំពូលនៃអ្នកបោះឆ្នោតដើម្បីកាច់ចង្កូតព្រះរាជាណាចក្រថៃ បន្ទាប់ពីថៃរៀបចំការបោះឆ្នោតទូទៅក្នុងរយៈពេលតិចជាងមួយឆ្នាំទៀតនេះ។
មិនទាន់មានការផ្សព្វផ្សាយទូលំទូលាយពីប្រវត្តិកូនស្រីពៅរបស់អតីតអ្នកដឹកនាំប្រទេសថៃដ៏មានប្រជាប្រិយ គឹលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលដឹកនាំប្រទេសថៃពីឆ្នាំ២០០១ ដល់២០០៦ ដែលត្រូវបញ្ចប់ដោយការធ្វើរដ្ឋប្រហារពីក្រុមយោធា។
ប៉ុន្តែយោងតាមគេហទំព័រ www.prestigeonline.com អ្នកនាង Paetongtarn Shinawatra បានបញ្ចប់ថា្នក់បរិញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្តនយោបាយ ដែលជំនាញសង្គមវិទ្យា (Sociology) និងនរវិទ្យា (Anthropology) ពីសាកលវិទ្យាល័យ Chulalongkorn ក្នុងប្រទេសថៃ មុនបន្តការកសិក្សាថ្នាក់អនុបណ្ឌិតជំនាញគ្រប់គ្រងសណ្ឋាគារអន្តរជាតិ នៅសាកលវិទ្យាល័យ Surrey ក្នុងប្រទេសអង់គ្លេស។
គេហទំព័រដែលបង្ហាញពីប្រវត្តិអ្នកជំនួញនវ បានលើកឡើងទៀតថា ក្រៅពីតួនាទីគ្រប់គ្រង នាងក៏ជាសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ធុរកិច្ចផ្សេងៗទៀត ក្នុងទ្រព្យសកម្មរបស់ក្រុមហ៊ុន ដូចជា សណ្ឋាគារ Rosewood Bangkok សណ្ឋាគារ Thames Valley Khao Yai Hotel និង Alpine Golf Club។
នាង Paetongtarn បានរៀបការនិងលោក Pidok “Por” Sooksawas ដែលជា អាកាសយានិក ធ្វើការងារនៅក្រុមហ៊ុនអាកាសចរណ៍ Thai Aviation Service។ ហើយ នាងបានសារភាពថា នាងចូលចិត្តការដើរកម្សាន្ត ដែលជាការជំរុញទឹកចិត្ត ដើម្បីធ្វើឲ្យសណ្ឋាគាររបស់នាងប្រសើរឡើងក្នុងប្រទេសថៃ។ នេះផ្អែកតាមគេទំព័រដដែល។
បណ្តាញព័ត៌មាន The Nation ដែលមានមូលដ្ឋាននៅប្រទេសថៃ បានផ្សព្វផ្សាយកាលពីសប្តាហ៍កន្លងទៅថាមនុស្សជាច្រើនក្នុងចំណោមហ្វូងមនុស្សដែលកំពុងរង់ចាំទទួលស្វាមន៍នាងពេលធ្វើដំណើរទៅភាគឦសាន្តប្រទេស ដោយឈររង់ចាំនៅព្រលានយន្តហោះបានយកថតរូប Paetongtarn និងបងប្រុសរបស់នាង Panthongtae ដែលបានអមដំណើរនាងក្នុងការធ្វើដំណើរផងដែរ។ ហ្វូងមនុស្សបានស្រែកថា «គ្រួសារភឿថៃ» ម្តងហើយម្តងទៀត។
លោក Kriang Kantinun ឥស្សរជនជាន់ខ្ពស់របស់បក្សភឿថៃដែលមានមូលដ្ឋាននៅទីក្រុង Ubon Ratchathani បាននិយាយថា អ្នកគាំទ្រគណបក្សនេះគឺមានចិត្តចង់ជួបអ្នកនាង Paetongtarn ដែលជាប្រធានគ្រួសារភឿថៃផងដែរ។
លោក បាននិយាយថា ប្រជាជនមានក្តីសង្ឃឹមខ្ពស់ចំពោះ Paetongtarn បន្ទាប់ពី «ប្រាំបីឆ្នាំនៃការលំបាក» ដោយសំដៅទៅលើរយៈពេលចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០១៤ គឹជាពេលវេលាដែលលោក ប្រាយុធ ចាន់អូចា ដឹកនាំរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវជាមីង ពីដំណែងនាយករដ្ឋមន្ត្រី។
លោក Chalermphon Malakham ប្រធានអនុប្រធានរដ្ឋបាលនៅសាលាស្រុក នៅ Ubon Ratchathani បាននិយាយថា លោកកំពុងរង់ចាំនៅអាកាសយានដ្ឋានដើម្បីស្វាគមន៍ «នាយករដ្ឋមន្ត្រីបន្ទាប់» ដោយបន្ថែមថា Paetongtarn គឺស័ក្តិសមសម្រាប់ការងារនយោបាយកំពូល។ នេះតាម ការចុះផ្សាយរបស់ The Nation។
នៅឯព្រលានយន្តហោះក៏មានអគ្គលេខាធិការរងរបស់ភឿថៃលោក Worasit Kantinun ដែលបាននិយាយថា Paetongtarn សមនឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស ដោយនិយាយថា៖«នាងស័ក្តិសមនឹងក្លាយជានាយករដ្ឋមន្ត្រីរបស់យើង។ យើងគ្មានកន្លែងណាផ្សេងទៀតត្រូវងាកទៅរកទេ។ នាងជាជម្រើសដ៏ល្អមួយក្នុងការដោះស្រាយវិបត្តិនេះ»។
ការបោះឆ្នោតសកលលើកក្រោយនឹងត្រូវធ្វើឡើងមិនឱ្យហួសខែមីនា ឆ្នាំ២០២៣ នៅពេលដែលអាណត្តិរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចាផុតកំណត់៕
ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថា ជ័យជម្នះសម្រាប់អ្នកនាង Paetongtarn ក៏អាចមានន័យថាជាផ្លូវត្រឡប់ក្រោយចូលទៅប្រទេសថៃសម្រាប់លោកថាក់ស៊ីនអាយុ ៧២ ឆ្នាំដែលកំពុងរស់នៅនីរទេសខ្លួន។ កាលពីឆ្នាំមុន លោកបានប្តេជ្ញាថានឹងត្រឡប់ទៅប្រទេសវិញ «តាមទ្វារមុខ»។
ប៉ុន្តែទោះបីជាមានអំណាចនៃយីហោ Shinawatra ក៏ដោយ ក៏បក្សភឿថៃ និងអ្នកនាង Paetongtarn ប្រឈមមុខនឹងឧបសគ្គដ៏ធំធេងក្នុងការដណ្តើមអំណាច។
ដើម្បីក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនត្រូវតែឈ្នះសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបដែលមាន ៥០០អាសនៈ និងព្រឹទ្ធសភា ២៥០អាសនៈ។
ប៉ុន្តែក្រោមរដ្ឋធម្មនុញ្ញដែលព្រាងដោយរបបយោធាក្នុងឆ្នាំ ២០១៧ ព្រឹទ្ធសភាពោរពេញទៅដោយអ្នកស្មោះស្ម័គ្រយោធាដែលត្រូវបានជ្រើសរើស។ សេណារីយ៉ូស្រដៀងគ្នានេះបានកើតឡើងនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ ពេលដែល គណបក្សភឿថៃបានទទួលអាសនៈភាគច្រើននៅក្នុងសភាជាន់ទាប ប៉ុន្តែព្រឹទ្ធសភាដែលគ្រប់គ្រងដោយយោធាបានអនុញ្ញាតឱ្យលោក ប្រាយុធ បង្កើតក្រុមចម្រុះ៕

