ការ​ដួល​រលំ​នៃ​ក្រុង​ស៊ីវីរ៉ូដូណិតស្ក៍​​​​គឺ​ជា​ជ័យ​ជម្នះ​ដ៏​ធំ​បំផុត​របស់​រុស្ស៊ី​ចាប់​តាំង​ដណ្ដើម​បាន​ក្រុង​​ម៉ារីអ៊ូប៉ូល​

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ អភិបាល​ក្រុង​ស៊ីវីរ៉ូដូណិតស្ក៍​ (Severodonetsk)​​និយាយ​ថា​ កង​កម្លាំង​ឈ្លាន​ពាន​របស់​រុស្ស៊ី​បាន​គ្រប់​គ្រង​ទីក្រុង​សមរភូមិ​ស្នូល​​មួយ​នេះ​ហើយ​ ​ក្រោយ​​ក្រុង​ស្ទើ​តែ​ទាំង​មូល​ត្រូវ​បាន​កម្ទេច​ ហើយ​កង​ទ័ព​ស្វិត​ស្វាញ​របស់​អ៊ុយក្រែន​​ចុង​ក្រោយ​បាន​ដក​ថយ​ចេញ​។​

ការ​ដួល​រលំ​នៃ​ទីក្រុង​ស៊ីវីរ៉ូដូណិតស្ក៍​ ដែល​ធ្លាប់​ជា​ទីលំនៅ​របស់​ប្រជាជន​ជាង​ ១០០ ០០០ ​នាក់ ​និង​​រង​នូវ​គ្រាប់​ផ្លោង​ និង​ការ​បាញ់​ប្រហារ​ពី​រុស្ស៊ី​យ៉ាង​ដំណំ​នោះ​គឺ​ជា​ជ័យ​ជំនះ​ដ៏​ធំ​បំផុត​សម្រាប់​ក្រុង​ម៉ូស្គូ​ រាប់​ចាប់​តាំង​ពី​ការ​ដណ្ដើម​បាន​ទីក្រុង​កំពង់ផែ​ម៉ារីអ៊ូប៉ូល​កាល​ពី​ខែ​មុន​។​

អភិបាល​ក្រុង​លោក​Oleksandr Stryuk ​​និយាយ​តាម​ទូរទស្សន៍​ជាតិ​ថា​៖​ «​ទីក្រុង​ទាំង​មូល​ឥឡូវ​នេះ​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​​របស់​រុស្ស៊ី​ហើយ​។ ​លោក​​​និយាយ​​​ថា​ នរណា​​ម្នាក់​​ជាប់​គាំង​ក្នុង​ក្រុង​មិន​អាច​ចេញ​រួច​ទេ ​ដោយ​សារ​តែ​ក្រុង​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង​ ខណៈ​មាន​ការរាយ​ការណ៍​ផ្សេង​ៗ​ថា​មាន​មនុស្ស​ជាង​ ១០ ០០០​ នៅ​ឡើយ​ដែលមិន​ព្រម​ចេញ​ពី​ក្រុង​។ ​

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​លោក​Igor Konashenkov​និយាយ​ថា​ កង​កម្លាំង​បះបោរ​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​លូហានស្ក៍​  ក្រោម​ការ​គាំទ្រ​ពី​កង​កម្លាំង​រុស្ស៊ី​ បាន​ «​រំដោះ​»​ក្រុង​ស៊ីវីរ៉ូដូណិតស្ក៍​ឱ្យ​មាន​សេរី​។​

ប៉ុន្តែ​ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​យោធា​អ៊ុយក្រែន​លោក​Kyrylo Budanov ​​បាន​ពណ៌នាការ​ដួល​រលំ​នៃ​ទីក្រុង​នេះ​ថា​ជា​មធ្យោបាយ​សម្រាប់​កង​កម្លាំង​អ៊ុយក្រែន​ក្នុង​ការ​ប្រមូល​ទ័ព​ទៅ​កាន់​ទីក្រុង​​លីស៊ីឆាន់ស្ក៍​(Lysychansk)​ដែល​​​នៅ​ជាប់​គ្នា​។​

នា​ពេល​នេះ​រុស្ស៊ី​សង្ឃឹម​ថា​នឹង​បន្ត​ការ​រុល​ទៅ​មុខ​របស់​ខ្លួន​និង​ដណ្តើម​យក​ដី​បន្ថែម​ទៀត​នៅ​លើ​ច្រាំង​ម្ខាង​នៃ​ទន្លេ​Siverskyi Donets ​ដែល​ពុះ​ចែក​ក្រុង​លីស៊ីឆាន់ស្ក៍​ ពី​ក្រុង​ស៊ីវីរ៉ូដូណិតស្ក៍​។​អ៊ុយក្រែន​ឯណោះ​វិញ​ក៏​សង្ឃឹម​ផង​ដែរ​ថា​ ការ​ចំណាយ​របស់​រុស្ស៊ី​លើ​ការ​ច្បាំង​នៅ​ក្រុង​ស៊ីវីរ៉ូដូណិតស្ក៍​ ក៏​នឹង​ធ្វើ​​ឱ្យ​កង​​កម្លាំង​របស់​ខ្លួន​ងាយ​រង​គ្រោះ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ពេលខា​ង​មុខ​នេះ​​។ ​

ក្រុង​លីស៊ីឆាន់ស្ក៍​និង​ក្រុង​ស៊ីវីរ៉ូដូណិតស្ក៍​គឺ​ជា​ចំណុច​ស្នូល​នៃ​ការ​វាយ​លុករ​បស់​រុស្ស៊ី​ក្នុង​គោល​បំណង​ដណ្តើម​យក​តំបន់​ភាគ​កើត​ដុនបាស​របស់​អ៊ុយក្រែន​ទាំង​មូ​​ល​ដែល​រួម​មាន​តំបន់​ដុនណិតស្ក៍​ និង​លូហានស្ក៍​ចូល​គ្នា​ ហើយ​បំផ្លាញ​យោធា​អ៊ុយក្រែន​ឆ្នើម​ៗ​ដែល​ការពារ​តំបន់​នេះ​តាំង​ពី​សង្រ្គាម​ឆ្នាំ​២០១៤​មក​​។ ក្រុង​ទាំង​២​ និង​តំបន់​ជុំ​វិញ​ គឺ​ជា​កន្លែង​ស្វិត​ស្វាញ​ចុងក្រោយ​របស់​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​លូហានស្ក៍​ ដែល​ស្ទើ​តែ​ ៩៥ ​ភាគ​រយ​គ្រប់​គ្រង​ដោយ​រុស្ស៊ី​។​​កង​ទ័ព​រុស្ស៊ី​ក៏​គ្រប់​គ្រង​ប្រហែល​ពាក់​កណ្ដាល​នៃ​តំបន់​ដុនណិតស្ក៍​ផង​ដែរ​។​​​

ស្ថាប័ន​ស្រាវ​ជ្រាវ​របស់​អាមេរិកមួយ​ឈ្មោះ​ ​​វិទ្យាស្ថាន​​​សម្រាប់​​​សង្គ្រាម​ ដែល​តាម​ដាន​សង្រ្គាម​នៅ​អ៊ុយក្រែន​យ៉ាង​ជិត​ស្និត​ សន្និដ្ឋាន​ថា​​​៖ «​​ការ​បាត់​បង់​​ទីក្រុង​ស៊ីវីរ៉ូដូណិតស្ក៍​គឺ​ជា​​ការ​បាត់​បង់​​សម្រាប់​​អ៊ុយក្រែន​ក្នុង​​ន័យ​​​ថា​​គ្រប់​​​ផ្ទៃ​ដី​​ដែល​​កង​ទ័ព​​រុស្ស៊ី​​ចាប់​​បាន​​​គឺ​ជា​​ការ​បាត់​បង់ ​ប៉ុន្តែ​​សមរភូមិ​ស៊ីវីរ៉ូដូណិតស្ក៍​នឹង​​មិន​​ក្លាយ​ជា​​ជ័យ​ជម្នះ​​របស់​​រុស្ស៊ី​​ឡើយ​​»​​។ ​

ការ​ដណ្តើម​យក​តំបន់​លូហានស្ក៍​ទាំង​មូល​ ដែល​​អា​ច​កើត​ឡើង​ប្រសិន​ប្រើ​រុស្ស៊ី​អាច​យក​ឈ្នះ​នៅ​ក្រុង​លីស៊ីឆាន់ស្ក៍​ ​នឹង​​មិន​​​នាំ​​មក​នូវ​ជ័យ​ជំនះ​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀរ​ ពូទីន​ ចង់​បាន​នោះ​ទេ​។​​​​

ប៉ុន្មាន​ខែ​មុន​ ទាហាន​រុស្ស៊ី​បាន​បរាជ័យ​ក្នុង​ការ​ដណ្តើម​យក​រដ្ឋ​ធានី​កៀវ​​និង​តំបន់​ភាគ​ខាង​ជើង​អ៊ុយក្រែន​ ដោយ​បាត់​បង់​ទាហាន​រាប់​ពាន់​នាក់​ រថក្រោះ​និង​រថពាស​ដែក​រាប់​រយ​គ្រឿង​ ខណៈ​រង​ការ​ចោទ​ប្រកាន់​ពី​ការ​​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំងនឹ​ងជ​ន​ស៊ីវិល​។​ កង​ទ័ពរ​បស់​រុស្ស៊ី​ប្ដូរ​ទិសដៅ​នៃ​ការវា​យ​ប្រហារ​ ដោយ​ថា​នឹង​ផ្ដោត​លើកា​រវា​យលុ​កលើ​តំបន់​ដុនបាស​ទាំង​មូល​។​ ​

ប៉ុន្តែ​យ៉ាង​ហោច​ណាស់​២/៥​នៃ​តំបន់​ដុនណិតស្ក៍​ ដែល​ជា​តំបន់​ធំ​ និង​មាន​ប្រជាជន​រស់​នៅ​ច្រើន​ជាង​គេ​ក្នុង​តំបន់​ដុនបាស​ ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​កង​កម្លាំង​អ៊ុយក្រែន​នៅ​ឡើយ​។​ កង​ទ័ព​អ៊ុយក្រែន​បាន​សង់​កន្លែង​យ៉ាង​រឹង​មាំ​របស់​ខ្លួន​នៅ​ទីនោះ​ ចាប់​តាំង​ពី​ក្រុម​ឧទ្ទាម​ដណ្ដើម​ការ​កាន់​កាប់​នៅ​ឆ្នាំ ​២០១៤​ ដែល​នឹង​ធ្វើ​ឱ្យ​កង​ទ័ព​រុស្ស៊ី​កាន់​តែ​ពិបាក​​ជាង​នៅ​​លូ​ហានស្ក៍​ទៅ​ទៀត​។​ ​​

លើស​ពី​នោះ​ជ័យ​ជំនះ​ដ៏​ធំ​លើក​នេះ​របស់​រុស្ស៊ី​ ក៏​មិន​សូវ​ជា​ធំ​ប៉ុន្មាន​បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​យក​បាន​ទី​ក្រុង​កំពង់ផែ​ម៉ារីអ៊ូប៉ូល​ ដែល​ជា​ទីក្រុង​សេដ្ឋកិច្ច​សំខាន់​មួយ​សម្រាប់​អ៊ុយក្រែន​។

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner