ច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្រោយពីបើកដំណើរការមួយរយៈឡើងវិញ ហាក់បីដូចជានៅមានសភាពស្ងប់ស្ងាត់

ខេត្តឧត្តរមានជ័យ ៖ ច្រកព្រំដែនអន្តរជាតិអូរស្មាច់ បានបើកឲ្យពលរដ្ឋ ចេញ ចូលជាធម្មតាឡើងវិញ ក្នុងខេត្តឧត្តរមានជ័យ ដែលការបើកដំណើរការកាលពីអំឡុងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ដោយខាងភាគីថៃហាក់បីដូចមិនទាន់ធ្វើបានរលូននៅឡើយ ពីព្រោះនូវតម្រូវការទិញកញ្ចប់ធានារ៉ាប់រងដដែលចំពោះអ្នកប្រើលិខិតឆ្លងដែនហើយរាល់ការចេញ ចូល របស់ភ្ញៀវជាតិ និងអន្តរជាតិ ត្រូវចាំបាច់គោរពនូវវិធានការណែនាំរបស់ក្រសួងសុខាភិ បាលហើយមានភ្ជាប់មកនូវកាតចាក់វ៉ាក់សាំងចាប់ពី ២ដងឡើងទៅ ទើបអនុញាតិឲ្យចេញចូលបាន ។

ប្រភពពីមន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅប៉ុស្តិ៏ច្រកអន្តរជាតិព្រំដែនអូរស្មាច់ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ថា ក្រោយពីបើកច្រកព្រំដែលឡើងវិញកាលពីដើមខែឧសភាកន្លងទៅនេះ រាល់ការចេញ-ចូល របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ហាក់បីដូចជាមិនមានកើនឡើងច្រើននោះទេ នេះបើតាមទូរលេខដែលទទួលបានប្រចាំថ្ងៃ គិតចាប់ពីម៉ោងបើកច្រកម៉ោង៦៖០០នាទីព្រឹករហូតដល់បិទទៅវិញនៅម៉ោង១០៖០០នាទីយប់ ។ហើយភាគីថៃ ជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ចេញចូលធម្មតា អ្នកដែលប្រើប័ណ្ណព្រំដែន ឬលិខិតឆ្លងដែន ដើម្បីទៅព្យាបាលជំងឺ តម្រូវឲ្យទិញកញ្ចប់ប័ណ្ណធានារ៉ាប់រងក្នុងតម្លៃ ៧០០បាត ធ្វើ១ថ្ងៃបានប្រើហើយរយៈពេល ១ខែ នេះចំពោះអ្នកប្រើលិខិតឆ្លងដែន បើអ្នកប្រើប័ណ្ណព្រំដែនវិញភាគីខាងថៃមិនតម្រូវឲ្យទិញកញ្ចប់ធានារ៉ាប់រងនោះទេ ។

មន្ត្រីនគរបាលប្រចាំការនៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ដដែលបានបន្តថា ចំពោះភ្ញៀវទេសចរណ៍វិញបើតាមទូរលេខជាមធ្យមមានចាប់ពី ២០០ ទៅ ៣០០នាក់ ក្នុង១ថ្ងៃ ភាគច្រើនជាជនជាតិថៃ ដែលពួកគាត់មកលេងនៅកាស៊ីណូ នៅមាត់ច្រកព្រំដែនអន្តរជាតិអូរស្មាច់ ។ ដោយឡែករាល់មុខទំនិញចេញចូលតាមច្រកអូរស្មាច់នេះវិញភាគច្រើនមានដូចជាឡានថៃដឹកគ្រឿងសំណង់ ភេសជ្ជៈ គ្រឿងកំប៉ុងជាច្រើនទៀត ។

សូមបញ្ជាក់ថា ចំពោះការចេញចូលដោយនិតិវិធីខ្លះធ្វើឲ្យមានភាពសាំញ៉ាំ និងស្មុកស្មាញចំពោះអ្នកដំណើរភាគច្រើន ប្រសិនបើថៃបន្ធូរបន្ថយលក្ខខណ្ឌខ្លះចំពោះអ្នកប្រើប័ណ្ណព្រំដែនបានរយៈពេល ១អាទិត្យដូចកាលពីមុនកូវីត១៩ និងអ្នកប្រើលិខិតឆ្លងដែនមិនបាច់ទិញកញ្ចប់ធានារ៉ាប់រងអាយុជីវិតក្នុងតម្លៃ ៧០០បាតនោះទេ នឹងមានបរិមាណភ្ញៀវទេសចរ ចេញចូល ច្រើនជាក់ជាពុំខាន ៕ ដោយ ៖ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner