អភិបាលខេត្តតាកែវ អរគុណ និងកោតសរសើរ ចំពោះអ្នកពាក់ព័ន្ធ ដែលធ្វើឱ្យការបោះឆ្នោតជ្រើសរសើក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តិទៅប្រកបដោយលទ្ធផលល្អប្រសើរ

តាកែវ ៖ អភិបាលខេត្តតាកែវ អរគុណ និងកោតសរសើរ ចំពោះអ្នកពាក់ព័ន្ធ ដែលធ្វើឱ្យការបោះឆ្នោតជ្រើសរសើក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តិទៅប្រកបដោយលទ្ឋផលល្អប្រសើរ ។

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅសាលមហោស្រពខេត្តតាកែវ ក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានរៀបចំដោយ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ហែម បញ្ញា ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តតាកែវ លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាល ក្រុងស្រុក ព្រមទាំង មន្រ្តីតាមការិយាល័យបោះឆ្នោត និងលោក លោកស្រី ជាតំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ជាច្រើនរូបផងដែរ ។

ក្នុងពិធីនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តតាកែវ ទាំងអស់ ដែលលះបង់កម្លាំងកាយចិត្ត បំពេញតួរនាទីបានយ៉ាងល្អប្រសើរ ក្នុងដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ បានទៅដោយរលូន គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងដោយគ្មានការភ័យខ្លាចនោះឡើយ ហើយត្រូវបានមតិជាតិ និងអន្តរជាតិភាគច្រើនបានវាយតម្លៃថា បានប្រព្រឹត្តិទៅក្នុងបរិយាកាស សន្តិសុខ និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានតម្លាភាព សេរី ត្រឹមត្រូវយុត្តិធម៌ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ ការបោះឆ្នោតលើកនេះ មានភាពល្អប្រសើរច្រើនឡើងៗ ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ។

ឯកឧត្តម បានបន្តថា ការរៀបចំបោះឆ្នោតនេះ ទទួលបានជោគជ័យទៅបាន អាស្រ័យដោយកត្តាសំខាន់ៗ មានដូចជា៖ ក្របខ័ណ្ឌច្បាប់ បទបញ្ជា និងនិតិវិធី រចនាសម្ព័ន្ធគ្រប់គ្រង ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ការអប់រំអ្នកបោះឆ្នោត និងសាធារណជន ការប្រើប្រាស់វិទ្យុ និងទូរទស្សន៍របស់រដ្ឋ អំពីតម្លាភាពក្នុងការទទួល និងបញ្ជូនទិន្នន័យ និងការដាក់ ការទទួល និងដោះស្រាយពាក្យបណ្តឹង ។

បន្ថែមលើនេះ ឯកឧត្តម អ៊ូច ភា បានកោតសរសើរ ចំពោះគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពច្បាប់បោះឆ្នោត បទបញ្ជា និតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ដែលធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ទទួលបានលទ្ធផលល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សានោះឡើយ ៕ ដោយ អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner