តំបន់ព្រៃប្រសព្វ ខេត្តក្រចេះ ជាភូមិសាស្រ្តដ៏ល្អបំផុតសម្រាប់ សត្វក្តាន់រស់នៅ

ក្រចេះ៖ សត្វក្តាន់មានរូបរាងស្រដៀងសត្វប្រើស តែដងខ្លួនវាតូចជាង។វាមានសម្បុរពណ៌ប្រផេះចាស់ ឬត្នោតលឿង និងមានចុងកន្ទុយពណ៌ស ។ សត្វក្តាន់ឈ្មោល មានស្នែងប្រហាក់ប្រហែលស្នែងសត្វប្រើសដែរ តែតូច និងជួនកាលអុចៗនេះ នៅមានរហូតដល់ពេញវ័យ។ក្រៅពីមានស្នែង យ៉ាងសង្ហារ ស្អាតនៅលើក្បាលជាទីទាក់ទាញនិងបង្ហាញពីភាពរឹងមាំហើយ សត្វក្ដាន់ មានរូបរាងស្លូតបូតគួរឱ្យស្រឡាញ់។ ជើង និងដងខ្លួន ស្តើងស្រឡូន របស់ពួកវា ធ្វើឱ្យពួកវា មានភាពរហ័សរហួន និងមើលទៅ គួរគយគន់។ សត្វនេះ មានទម្ងន់ជាមធ្យមប្រមាណពី ៣០-៥០គីឡូក្រាម។

ជាទូទៅសត្វចតុប្បាទមួយនេះ រស់នៅជាញី-ឈ្មោល លាយឡំគ្នា ហើយវា អាចផ្តុំគ្នាជាហ្វូងចាប់បី៣-៩ ពី ១០-១៥ក្បាល។សម្រាប់ នៅកម្ពុជា បច្ចុប្បន្ន សត្វប្រភេទនេះ អាចរស់នៅជាក្រុមតែ ២-៣ក្បាល ប៉ុណ្ណោះ។ សត្វក្តាន់ ចូលចិត្តស៊ីរុក្ខជាតិ និងត្រួយខ្ចីដែលមានដូចជា៖ ត្រែង ស្មៅ វល្លិ៍ក្រញាញ់ ស្លឹកឈើ ជាដើម។

តាមធម្មតា សត្វក្តាន់ឈ្មោល ជម្រុះស្នែងនៅក្នុងអំឡុងខែមករា-មីនា ហើយស្នែងខ្ចី (ស្នែងទន់) បានដុះឡើងវិញស្រោបដោយស្បែក ដែល មានរោមស្តើងខុសពីប្រើស។ នៅពេលជម្រុះស្នែង រហូតដល់ស្នែង ពុំទាន់រឹង ក្តាន់ឈ្មោល ពុំអាចបង្កាត់ពូជបានទេ។

ចំណែកក្តាន់ញី បន្តពូជក្នុងខែកញ្ញា និងខែតុលា ហើយផ្តល់កំណើត កូនមួយ ឬភ្លោះ ក្រោយពេលពពោះរយៈពេលប្រាំបីខែ។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានឱ្យដឹងថាសត្វក្តាន់ ជាសត្វដែលចាំបាច់ត្រូវមានទីជម្រក និង កន្លែងរស់នៅរបស់វា ខុសពី សត្វដទៃ ។ សត្វមួយប្រភេទនេះ ចូលចិត្តរស់នៅតែតំបន់ដីសើម និង តំបន់ដី លិចទឹក ហើយវាចូលចិត្តរស់នៅតាមស្មៅ និងដើមត្រែងខ្ពស់ៗ។

លោកបានបញ្ជាក់ថា សត្វក្តាន់ មិនចូលចិត្តរស់នៅតំបន់ព្រៃល្បោះ ឬព្រៃស្រោង ព្រៃពាក់កណ្តាលស្រោងទេ ។សម្រាប់តំបន់ដីវារស់នៅ គឺវាលទំនាប ជាដីដែលលិចទឹកនិងនៅក្បែរទន្លេ ។លក្ខណៈ ភូមិសាស្រ្ត បែបនេះសំខាន់ហើយដែលមានសម្បូរនៅតំបន់ព្រៃប្រសព្វខេត្តក្រចេះ។វាមិនអាចទៅរស់នៅក្រៅពីតំបន់មានលក្ខណៈភូមិសាស្រ្តក្រៅពីនេះបានទៀតទេ។

ក្នុងដំណើរដឹកនាំក្រុមអ្នកសារព័ត៌មានបំពេញទស្សនកិច្ចការងារ ទៅ កាន់ តំបន់ ព្រៃលិចទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ នាពេលថ្មីៗកន្លង ទៅនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា មុននេះ អ្នកវិទ្យាសាស្រ្តធ្លាប់ បានសន្និដ្ឋានថា សត្វក្តាន់ បានផុតពូជទៅហើយពីប្រទេសកម្ពុជា ប៉ុន្តែរហូតដល់ឆ្នាំ២០០៦ ទើបវាត្រូវបានគេរកឃើញមានវត្តមាន ឡើងវិញក្នុងខេត្តក្រចេះ តាមរយៈរូបភាព ថតដោយម៉ាស៊ីនថត ស្វ័យប្រវត្តិ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្រៅពីមាន វត្តមាននៅក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះ ក៏មានរស់នៅផង ដែរក្នុងប្រទេសឥណ្ឌា នេបាល់ ប៊ូតាន់ បង់ក្លាដេស ភូមា និងថៃ ។អ្នកវិទ្យាសាស្រ្តជឿថា សត្វក្តាន់ ប្រហែលបានផុតពូជបាត់ទៅហើយ ពីប្រទេសចិន ឡាវ និងវៀតណាម ។

គួរបញ្ជាក់ថា ប្រភេទសត្វក្តាន់ ដែលជាសត្វពូជដ៏ពិសេសនេះ មានដើម កំណើតនៅតំបន់ជាច្រើននៃទ្វីបអាស៊ី ហើយបច្ចុប្បន្ន ត្រូវបាន គេរក ឃើញវា នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ចិន និងឥណ្ឌា។ បច្ចុប្បន្ននេះ IUCN បានចុះបញ្ជីសត្វក្តាន់ ជាប្រភេទសត្វជិតផុតពូជ ដែលភាគច្រើន បណ្តាលមកពីការប្រមាញ់ ដោយចង់បានស្នែងដែល គួរឱ្យ ចាប់អារម្មណ៍របស់ពួកវា ។

អនាគតរបស់សត្វក្តាន់ គួរឱ្យចាប់អារម្មណ៍ទាំងនេះ ពឹងផ្អែកលើការ ការពារពួកវាពីគ្រោះថ្នាក់ និងធានាថាពួកគេមានជម្រក ដើម្បីធំធាត់ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner