ក្រុមយុវជន ចាត់ទុកមុខជំនាញបច្ចេកវិទ្យា សំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងទីផ្សារការងារ

ភ្នំពេញ ៖ បច្ចុប្បន្ននេះ តម្រូវការជំនាញលើប្រព័ន្ធបច្ចេកវិទ្យា កំពុងតែមានទីផ្សារខ្ពស់ ទាំងគុណភាព និងបរិមាណ ដែលស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ។ ជាមួយគ្នានេះ កម្ពុជា ក៏កំពុងតែប្រកួតប្រជែងយ៉ាងខ្លាំងជាមួយប្រទេសដទៃ បន្ទាប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានមក ពិសេស ការរីកចម្រើននៃបច្ចេកវិទ្យា កំពុងជ្រៀតចូលយ៉ាងជ្រៅ ក្នុងកិច្ចការសព្វសារពើទាំងវិស័យសាធារណៈ និងឯកជន ។

ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលបានរៀបចំឡើង នាមជ្ឍមណ្ឌលពិព័រណ៍ពាណិជ្ជកម្ម កោះពេជ្រនាពេលថ្មីៗនេះ យុវជន សារិ ពុទ្ធិពណ្ណរាយ និស្សិតប្រចាំវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាប្រទេសកម្ពុជា ដែលបានយកស្នាដៃរបស់ខ្លួន មកដាក់តាំងបង្ហាញក្នុងពិធីនេះ បានឱ្យដឹងថា ដោយមើលឃើញសម័យបច្ចុប្បន្ន ទីផ្សារបច្ចេកវិទ្យាមានខ្ពស់ ក្រុមនិស្សិតរបស់លោក តែងសិក្សាស្រាវជ្រាវថ្មីនៃប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យនិស្សិតដទៃបានឃើញ និងសិក្សាស្វែងយល់ ។

ជាមួយគ្នានេះ លោកយល់ឃើញថា ដោយសារបច្ចេកវិទ្យាសម័យថ្មីមិនអាចខ្វះបាន ធ្វើឱ្យយុវជនកម្ពុជាបច្ចុប្បន្ន បានចាប់អារម្មណ៍ច្រើនលើបច្ចេកវិទ្យា ។ យុវជន ហាក់ចាប់អារម្មណ៍ សិក្សាពីជំនាញនេះច្រើនជាងមុន ព្រោះពួកគេយល់ថា ទីផ្សារការងារភាគច្រើន គឺផ្ដោតលើអ្នកមានចំណេះដឹងខាងបច្ចេកវិទ្យាជាសំខាន់ ក្រៅពីមានចំណេះដឹងភាសាខ្មែរ ជាមូលដ្ឋាន និងភាសា បរទេស ។

យុវនិស្សិត ងួន ស៊ីម៉ិញ បានលើកឡើងថា បច្ចុប្បន្ននេះ ការរៀនសូត្រ គេមិនអាចមើលរំលងមុខវិជ្ជាបច្ចេកវិទ្យាបានទេ ពីព្រោះថា វាបានផ្តល់នូវភាពងាយស្រួល ក្នុងការរកការងារ ហើយបើគ្មានចំណេះដឹងបច្ចេកវិទ្យាទេ គឺពិតជាដើរមិនទាន់គេឡើយ ។ ទាំងអ្នករកស៊ី អ្នកធ្វើការរាជការ ឬឯកជន ចាំបាច់ត្រូវតែចេះមុខវិជ្ជានេះ បើមិនតិច ក៏ច្រើនដែរ ។

តាមការឱ្យដឹងដូចគ្នានេះ យុវជន ធឿន ប៊ុនថុង បានរៀបរាប់ថា៖ “បច្ចេកវិទ្យា គឺមិនអាចកាត់ផ្តាច់ ពីការប្រើប្រាស់ជីវិតប្រចាំថ្ងៃបានទេ ។ មនុស្សជំនាន់ថ្មី ត្រូវដើរឱ្យទាន់ យុគសម័យជឿនលឿនរបស់ពិភពលោក ។ ពិតណាស់ បច្ចេកវិទ្យា មានសារៈសំខាន់ដែលយុវជន មិនអាចមើលរំលងជាដាច់ខាត” ។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង ធ្លាប់បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស លើវិស័យបច្ចេកវិទ្យា ។ ជាមួយនេះ កម្ពុជា ក៏បានផ្តោតលើការយកចិត្តទុកដាក់ ទៅលើធនធានមនុស្ស និងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តនេះផងដែរ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner