ឯកឧត្តម យី វាសនា ៖ បានអញ្ជើញអ្នកជំនាញមកវាស់ និងកាត់រទេះជូនអត្តពលិកប្រណាំងរទេះ និងបាល់បោះជិះរទេះ ត្រៀមដណ្តើមេដាយពីអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ គណកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា បានត្រៀម១១ប្រភេទកីឡា ចូលរួមការប្រកួតព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នេះជាការបញ្ជាក់របស់ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណកម្មការធិកាជាតិប៉ារ៉ាឡាំពិកកម្ពុជា កាលពីពេលថ្មីនេះ នៅទីស្នាក់ការមជ្ឈ មណ្ឌលជាតិ នៃជនពិការតេជោសែន នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ឯកឧត្តម យី វាសនា បញ្ជាក់បន្ថែមថា ដើម្បីត្រៀមខ្លួនអោយបានល្អប្រសើរ លើប្រភេទកីឡានីមួយៗ ជាពិសេសកីឡាសក្តានុពល ក្នុងការដណ្តើមមេដាយជូនកម្ពុជា ពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ គណកម្មការប៉ារ៉ាឡាំពិកកម្ពុជា បានអញ្ជើញអ្នកជំនាញផ្នែករទេះ ពីប្រទេសថៃ មកវាស់ និងកាត់រទេះកម្រិតស្តង់ដាជូនអត្តពលិកប្រណាំងរទេះ និងកីឡាបាល់បោះជិះរទេះ ត្រៀប្រជែងប្រកបដោយគុណភាព ។

ឯកឧត្តមអគ្គលេខាធិការ បន្តថា រទេះដែលកម្ពុជាត្រូវការមានប្រហែលជាង៤០គ្រឿង ដោយមានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណកម្មការធិកាជាតិប៉ារ៉ាឡាំពិកកម្ពុជា និងមិត្តថៃ ដែលមានបំណងចង់ជួយឧបត្តម្ភខ្លះ ដោយសាររទេះកីឡាករជនពិការ ដូចជា វ៉ាន វុន ធ្លាប់ឈ្នះមេដាយ មានសភាពចាស់ ពុក និងបាក់ជាច្រើនកំណាត់ផ្សារមិនជាប់ ធ្វើកីឡាករពិបាកហ្វឹកហាត់ និងប្រកួត ។

ឯកឧត្តម យី វាសនា បន្ថែមថា រទេះដែលផ្តល់ជូននេះ សិតសឹងជាអត្តពលិកត្រៀមដណ្តើមមេដាយជូនកម្ពុជា នាទីក្រុងសូឡូខាងមុខនេះ ហើយក៏ក្លាយជាទុនមួយបន្តត្រៀមប្រកួត ក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ នៅកម្ពុជា ក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងធ្វើចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ដោយមាន១៤ប្រភេទកីឡា និងមានអត្តពលិក ប្រតិភូ គ្រូបង្វឹក បណ្តាប្រទេសក្នុងតំបន់ជាង ២០០០នាក់ចូលរួម ខណៈកម្ពុជាបានត្រៀម១១ប្រភេទកីឡា និងអត្តពលិក ប្រតិភូសរុប ១៥៤នាក់ និងប្រតិភូ Camsoc មួយចំនួនទៀត ដែលសិក្សាយកបទពិសោធន៍ ពីការរៀបចំ ត្រៀមអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ។

សូមរំលឹកថា ក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាសរុប១០គ្រឿង ប្រាក់៥ និង៥សំរិទ្ធ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner