ប្រវត្តិទាក់ទងនឹងតំបន់ទីតាំងបុរាណស្ថានជនជាតិដើមភាគតិចសួយ

ស្ថិតនៅចម្ងាយប្រមាណជាង៦០ គីឡូម៉ែត្រពីទីរួមខេត្ដកំពង់ស្ពឺ តំបន់តេទឹកពុះ ខណៈនេះបានប្រែក្លាយជាកន្លែងដែលមានលក្ខណៈពិសេស ដោយសារមានទឹកពុះពីធម្មជាតិ និងមានភាពទាក់ ទាញទេសចរណ៍ជាតិ និងអន្តរជាតិ ។

ពាក់ព័ន្ធប្រវត្តិតេទឹកពុះនេះមានរឿងតំណាលថា ដើមឡើយមានសេដ្ឋីមួយរូប មានមាសប៉ុន ដូងទុំ គឺជាអ្នកមានប្រចាំតំបន់តេ។ សេដ្ឋីរូបនោះមានកូនពីរនាក់ ប្រុស១ ស្រី១ ដែលកូនទាំង២នាក់នេះ ត្រូវ បាន គាត់បំបែកចេញពីគ្នាតាំងពីតូចៗរហូតដល់ធំពេញវ័យ។ ដោយខ្លាចវង្វេងរកកូនប្រុសដែលផ្ញើទុកជាមួយ គេ នៅភូមិមួយ ពេលធំមិន ឃើញ គាត់ក៏បានពាក់កងមាសមួយ នៅ កជើង ដែលបច្ចុប្បន្នភូមិនោះត្រូវបាន ដាក់ ឈ្មោះថា “រលាក់កជើង”។ ដោយសារតែខ្លាចបែកទ្រព្យសម្បត្តិ គាត់មិនបានឱ្យកូនទៅយកគ្រួសារ ផ្សេង នោះ ទេ បើទោះជាគេមកដណ្តឹងកូនក្រមុំក្តី។ ក្រោយមកគាត់ក៏គិតគ្នាជាមួយប្រពន្ធថា ចៀសវាងបែក ទ្រព្យ សម្បត្តិ ពុះមាសប៉ុនដូងទុំជាពីរចំណែក មានតែរៀបការកូនរបស់ខ្លួនដែលបំបែកចេញកាលពីតូចឱ្យ យកគ្នាជាប្តីប្រពន្ធ។ គិតគូររួចហើយគាត់ក៏រៀបចំពិធីមង្គលការកូនដែលជាបងប្អូនបង្កើតនឹងគ្នា ដោយបាន អញ្ជើញ ហៅភ្ញៀវមកចូលរួមយ៉ាងច្រើនកុះករ លើកលែងតែយាយតីម្នាក់គត់ដែលសេដ្ឋីមិនបានហៅ ឱ្យ ចូលរួម មិនតែប៉ុណ្ណោះសេដ្ឋីថែមទាំងបានយកក្រពើដែលយាយតីចិញ្ចឹមមកកាប់ធ្វើម្ហូបទុកទទួលភ្ញៀវ ថែម ទៀតផង ដែលពិធីមង្គលការនេះ ប្រព្រឹត្ត ទៅ នៅ ថ្ងៃ ១៥រោច ខែ ពិសាខ និងបានក្លាយជាប្រពៃណី បុណ្យឡើង សំណំ របស់ជនជាតិដើមភាគតិចសួយមកទល់សព្វថ្ងៃនេះ។

បើនិយាយពីយាយតីវិញ ក្រោយពីដឹងថាសេដ្ឋីរៀបការកូនបង្កើតឱ្យយកគ្នាជាប្តីប្រពន្ធ គាត់មាន ការ បាម្ភជាខ្លាំង ហើយនៅថ្ងៃចូលរោងក៏មិនបានទៅក្បែរនោះដែរ។ វេលាយប់ឡើងស្រាប់តែយាយតីយល់ សប្តិ ឃើញយមទូតមកប្រាប់ថា ថ្ងៃស្អែកហាមដាច់ខាតមិនឱ្យចូលទៅក្បែរកន្លែងគេការកូនឡើយ ភ្ញាក់ពី យល់សប្តិ យាយតីភ័យណាស់ នៅតែក្នុងផ្ទះតែម្នាក់ឯងមិនចេញទៅណាឡើយ ហើយបានបួងសួងថា បើគាត់មានជីវិតរស់ គាត់នឹងកោរសក់ថ្វាយដល់ព្រះធរណី នៅភូមិដែលយាយតីរស់នៅ ដូច្នេះហើយ ទើប ភូមិនោះមាន ឈ្មោះថា ភូមិកោដូនតី រហូត មក ទល់សព្វថ្ងៃនេះ។

បើនិយាយពីផ្ទះសេដ្ឋីវិញ មនុស្សមកចូលរួមយ៉ាងច្រើនកុះករ ពេលពិធីសែនព្រេនបានចាប់ ផ្តើម ឡើង ស្រាប់តែកើតមានបាតុភូតចម្លែក ដោយក្នុងបរិវេណផ្ទះសេដ្ឋី ត្រូវព្រះធរណីស្រូបយកមនុស្ស ទាំងអស់ចូលទៅក្នុងដីគ្មានសល់ លើកលែងតែយាយតីម្នាក់គត់។ ដោយឃើញទិដ្ឋភាពបែបនោះ យាយតី ភ័យក៏បានរត់គេចពីកន្លែងនោះទៅដល់ដីទួលមួយកន្លែង (បច្ចុប្បន្ន ដីទួលនោះបានក្លាយជាតំបន់ដី ព្រៃ អារក្សភ្នំតេ) គាត់ក៏បានកោរសក់នៅទីនោះ តាមអ្វីដែលគាត់បានបន់ស្រន់ថ្វាយដល់ព្រះធរណី ហើយក៏ រស់នៅទីនោះរហូតមានគ្រួសារ និងកូនប្រុសមួយ។ ក្រោយពីកូនប្រុសកើត ប្តីរបស់គាត់ក៏ទៅបួសជា តាបស នៅលើភ្នំខ្ជោល(ឱរ៉ាល់) ហើយពេលដែលកូនកើតមកមានឈ្មោះត្រសក់ផ្អែម។ ចំណែកកន្លែង ទឹកពុះឯណេះវិញ ក្រោយពីព្រះធរណីស្រូបយកអ្នកដែលមកចូលរួមពិធីការកូនសេដ្ឋី ជនជាតិសួយ អស់ ហើយ កន្លែងនោះក៏ស្រាប់តែក្លាយជាមានទឹកហូរចេញពីក្នុងដី ហើយមានកំដៅក្តៅរហូតដល់បច្ចុប្បន្ន។ នេះបេីតាមការរៀបរាប់របស់លោកស្រី ម៉ែន សាមីន តំណាងជនជាតិដេីមភាគតិចសួយ ភូមិកោដូនតី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ប្រភព៖ ក្រសួងបរិស្ថាន

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner