សាខាគណបក្សប្រជាជនកម្ពុជាក្រៅប្រទេសរៀបចំអបអរខួបកំណើតបក្សលើកទី៧១ (Video Inside)
សាខាគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បានរៀបចំពិធីអបអរខួបលើកទី៧១ ថ្ងៃកំណើតគណបក្ស។ ខួបអនុស្សាវរីយ៍លើកទី៧១ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានឹង ឈានមកដល់ថ្ងៃទី២៨មិថុនាឆ្នាំ២០២២សប្តាហ៍នេះហើយ។
ក្នុងប្រទេសអូស្ត្រាលី ពលរដ្ឋខ្មែរច្រើនរយនាក់ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅទីនោះ បានរៀបចំធ្វើខួបកំណើតបក្សក្រោមការអញ្ជើញចូលរួមរបស់សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស លោក គឹម សន្តិភាព ដែលជាប្រធានក្រុមការងាររៀបចំអង្គការចាត់ តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី។
នៅក្នុងប្រទេសជប៉ុននោះវិញ, កម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ត្រូវបានរៀបចំធ្វើក្នុងសណ្ឋាគារនៅទីក្រុងតូក្យូ ក្រោមអធិបតីភាព ប្រធានគណៈកម្មាធិការគណបក្ស ប្រចាំប្រទេសជប៉ុនលោកទុយរីដោយមានសមាជិកបក្ស ចូលរួមចំនួន៨០នាក់។
ដោយឡែកតាមបណ្តាប្រទេសនានាដែលមានសហគមន៍ខ្មែររស់នៅ ដូចជាក្នុងសហរដ្ឋអាមេរិកនិងតាមបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប សាខាគណបក្សប្រជាជនកម្ពុជា ប្រចាំសាមីប្រទេស បានធ្វើពិធីរំលឹកខួបថ្ងៃកំណើតបក្ខនេះយ៉ាងអ៊ឹកអធិកផងដែរនៅមុនព្រឹត្តិការណ៍ថ្ងៃទី២៨ មិថុនាដែលនៅថ្ងៃនោះ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនឹងរៀបចំ ធ្វើពិធីដ៏ធំមួយនាកណ្តាលរាជធានីភ្នំពេញ។