អង្គការសង្រ្គោះកុមាររៀបចំវេទិកាភស្តុតាងសម្រាប់គោលនយោបាយ – ភស្តុតាងនៃការយល់ដឹង ទាក់ទងនឹងបញ្ហាហិង្សាលើកុមារ

ភ្នំពេញ៖ អង្គការសង្រ្គោះកុមារ(Save the Children )ប្រចាំប្រទេសកម្ពុជា (SCI), World Vision International (WVI-C) និង Plan International Cambodia (PLAN) ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំវេទិកាភស្តុតាងសម្រាប់គោលនយោបាយ ស្តីពី ការបញ្ចប់អំពើហិង្សាលើកុមារនៅក្នុង និងជុំវិញសាលារៀនក្នុងប្រទេសកម្ពុជា នៅថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០២២។

គួរបញ្ជាក់ថាវេទិកានេះ នឹងចែករំលែកភស្តុតាង ដែលបានមកពីរបាយការណ៍នៃការវាយតម្លៃឯករាជ្យរបស់គម្រោង ព្រមទាំងសម្របសម្រួលនូវកិច្ចសន្ទនារវាងវិស័យអប់រំ និងផ្នែកការពារកុមារ រួមទាំងគ្រូបង្រៀន ក្រុមប្រឹក្សាកុមារ និងនាយកសាលា ទាក់ទងទៅនឹងការអនុវត្ត និងការធ្វើមាត្រដ្ឋាននៃយន្តការការពារកុមារនៅតាមសាលារៀន។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Save the Childrenបានឱ្យដឹងថាក្នុង វេទិកា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀន។

ពិធីនេះនឹងមានការចូលរួមពី ឯកឧត្តម ពុធ សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា និងការថ្លៃងសុន្ទរកថាបើកពី លោកស្រី ប៊ីយ៉ាងកា ខលីយ័រ នាយកស្តីទីអង្គការ Save the Children ប្រចាំកម្ពុជា រួមទាំងវត្តមានរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាងភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងទីភ្នាក់ងារអង្គការសហប្រជាជាតិផងដែរ។

គួរបញ្ជាក់ថារបាយការណ៍ក្នុងវេទិការនេះនឹងគ្របដណ្តប់លើសាលារៀនគោលដៅ ៥២ ក្នុងខេត្តសៀមរាប និងព្រះវិហារ សម្រាប់រយៈពេល២១ខែនៃការអនុវត្ត គម្រោងនេះត្រូវបានចាត់ទុកថា មានលក្ខណៈពាក់ព័ន្ធ សមស្រប និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទទួលផលក្នុងបរិបទនៃប្រទេសកម្ពុជា ដោយរបាយការណ៍នៃការវាយតម្លៃឯករាជ្យ។ នោះគឺ យុទ្ធសាស្ត្រអន្តរាគមន៍ សមស្របដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះហិង្សាលើកុមារ នៅក្នុងសាលារៀនក្នុងកម្ពុជា។ ជាពិសេស គម្រោងនេះ បានសម្របខ្លួនទៅនឹងការរឹតបន្តឹង ក៏ដូចជាបញ្ហាប្រឈមនៃជម្ងឺកូវីដ១៩ ក្នុងឆ្នាំ២០២១ ដោយការពិនិត្យមើល និងការកែសម្រួលសកម្មភាព ព្រមទាំងលទ្ធផល ទៅនឹងការប្រើប្រាស់វិធីសាស្ត្រផ្តល់ឱ្យពីចម្ងាយបន្ថែមទៀត ដូចជាការរៀនតាមអ៊ីនធើណែតជាដើម។

ប្រភពដដែលនេះបានបញ្ចាក់បន្ថែមថានៅក្នុងគម្រោងនេះ របាយការណ៍នៃការវាយតម្លៃឯករាជ្យ ត្រូវបានធ្វើឡើងនៅចន្លោះខែមេសា ដល់ខែមិថុនា ឆ្នាំ២០២២ ជាមួយអ្នកឆ្លើយសំណួរ ១៥៦នាក់ (ស្រី ៥៦%) ហើយបានរកឃើញថា មានភស្តុតាងនៃការយល់ដឹងកាន់តែប្រសើរឡើងរបស់អ្នកទទួលផល ជាពិសេសចំណេះដឹង និងការយល់ដឹងទាក់ទងនឹងអាកប្បកិរិយាបែបណា ដែលបង្កើតជាអំពើហិង្សាលើកុមារ ក៏ដូចជារចនាសម្ព័ន្ធនៃការរាយការណ៍ និងការឆ្លើយតប។

របាយការណ៍នៃការវាយតម្លៃឯករាជ្យនេះ ក៏បានបង្ហាញផងដែរថា ការបណ្តុះបណ្តាលជុំវិញការយល់ដឹងអំពីសៀវភៅណែនាំប្រតិបត្តិ ស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀន និងបរិបទនៃហិង្សាលើកុមារ គឺទទួលបាននូវភាពជោគជ័យ។ គម្រោងនេះបានគាំទ្រសាលារៀនក្នុងការអភិវឌ្ឍន៍ និងធ្វើឱ្យដំណើរការនូវក្រមសីលធម៌របស់សាលា បញ្ជាក់ពីតួនាទី និងទំនួលខុសត្រូវជុំវិញបញ្ហាហិង្សាលើកុមារ និងរៀបចំបន្ទប់ប្រឹក្សា ព្រមទាំងយន្តការត្រួតពិនិត្យ និងគណនេយ្យភាព។

ជាសរុបមក គម្រោងនេះ បានគាំទ្រដោយជោគជ័យនូវការអភិវឌ្ឍន៍ ការគាំទ្រ និងការផ្សព្វផ្សាយសៀវភៅណែនាំប្រតិបត្តិ ស្តីពី កិច្ចការពារកុមារនៅក្នុងសាលារៀន កំណត់វិធីពង្រឹងការការពារ និងការឆ្លើយតបលើហិង្សាលើកុមារ នៅកម្រិតសាលា និងសហគមន៍ ព្រមទាំងបញ្ហាប្រឈមជាមួយនឹងសកម្មភាពផ្សេងៗ ហើយបានបង្ហាញពីវឌ្ឍនភាពដំបូងមួយចំនួនក្នុងការផ្លាស់ប្រែបទដ្ឋានសង្គម និងការផ្លាស់ប្តូរអាកប្បកិរិយា បើទោះបីជាគម្រោងនេះ មានរយៈពេលខ្លីក៏ដោយ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner