សម្ដេចតេជោ ហ៊ុន សែន ៖ ខ្មែរអាចធ្វើបាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព

ភ្នំពេញ ៖ ក្នុងមីទ្ទីញរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២២) នៅវិមាន៧មករា សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយ ខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេងនៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើបាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុ របស់ខ្លួន ហើយរួមគា្នដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជា សម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមានប្រកបដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពក្នុងរយៈពេលជាង២ទសវត្សមកនេះ បានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ភាពក្រីក្ររបស់ប្រជាជន ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព សង្គមមានភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។ ព្រមជាមួយនោះ កិត្តិយសជាតិក៏ត្រូវបានស្ដារ និងលើកស្ទួយឡើងវិញលើឆាកអន្តរជាតិ កម្ពុជាបាននិងកំពុងចូលរួម ដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិនានាទាំងក្របខណ្ឌតំបន់ និងសកល ។

សម្ដេចបន្តថា បច្ចុប្បន្ន ប្រជាជនយើងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយ ។ សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេងនៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើបាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុ របស់ខ្លួន ហើយរួមគា្នដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ និយាយរួមមក រាល់សមិទ្ធផលដែលគណបក្ស បានសម្រេចជូនជាតិក្នុងរយៈពេល ៤៣ឆ្នាំ មកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាង នយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្សប្រកបដោយ គុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការងារត្រឹមត្រូវ ។

ប៉ុន្តែក្នុងដំណើរទៅមុខទៀត យើងក៏មិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ព្រាត់ប្រាស និងការបាត់បង់ដ៏ធំធេង ដែលប្រជាជាតិយើងបានជួបប្រទះពីអតីតកាលនោះឡើយ។ លើមូលដ្ឋាននេះ យើងត្រូវរួបរួមគ្នាក្នុងធ្លុង សាមគ្គីជាតិតែមួយ ដើម្បីរក្សាឱ្យបាននូវសមិទ្ធផលធំៗ ដែលយើងសម្រេចបានមកដោយលំបាកបំផុត នេះ ដោយមិនត្រូវភ្លេចខ្លួន ដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតទោះដោយចេតនា ឬដោយអចតនាក្តី។

ក្នុងន័យនេះ គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណបក្សគ្រប់រូប ត្រូវបង្កើនការ ខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេស ត្រូវអនុវត្តគោលការណ៍ និងអភិក្រមនានានៃការក ទម្រង់របស់គណបក្ស ដើម្បីធ្វើឱ្យគណបក្សនៅតែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយទទួលបានការស្រឡាញ់គាំទ្រពីប្រជាជនជានិច្ច ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner