សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាន់តែបានបង្ហាញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទី ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាន់តែបានបង្ហាញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់ ។ នេះបើតាមសុន្ទរកថា សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីមីទ្ធីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២២)។

សម្ដេចតេជោ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ដែលមានគណបក្សនយោបាយចំនួន ១៧ ចូលរួម បានប្រព្រឹត្តទៅដោយជោគជ័យក្នុង បរិយាកាសនយោបាយ អព្យាក្រឹត សេរី និងសុខសុវត្ថិភាព។ ប្រជាពលរដ្ឋដ៏ច្រើនកុះករ បានទៅបោះឆ្នោត តាមការិយាល័យនីមួយៗ ប្រកបដោយភាពថ្លៃថ្នូរ សប្បាយរីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបន្ដដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួន។

ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរជាតិ ក៏ដូចប្រជាជនទូទាំងប្រទេសវាយតម្លៃថា ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ ។ ជោគជ័យនៃដំណើរការបោះឆ្នោតនេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រជាជនកម្ពុជា ក្នុងការពង្រឹងសន្តិភាព ពង្រឹងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងជំរុញដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឱ្យបានកាន់តែលឿនខ្លាំងក្លាថែមទៀត ជាពិសេសការអភិវឌ្ឍនៅមូលដ្ឋាន ។

សម្ដេចបានបញ្ជាក់ថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ កាន់តែបានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទី ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់។ តាមរយៈជ័យជម្នះនេះ នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានមូលដ្ឋានកាន់តែរឹងមាំសម្រាប់ឈានទៅដណ្តើម ជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ ហើយបានធ្វើឱ្យ បរាជ័យនូវឧបាយកល និងសកម្មភាពប្រទូសរ៉ាយទាំងឡាយរបស់ពួកប្រឆាំងជ្រុលនិយម និងពួកអគតិ ដែលដើរផ្ទុយពីឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន ។

ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្តេចប្រធានកិត្តិយសគណបក្ស សម្ដេចតេជោ ហ៊ុន សែន សូមសម្ដែងការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសមាជិក សមាជិកាគណបក្ស យុវជន យុវនារី បងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានជំនឿមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ។

ឆ្លើយតបទៅនឹងជំនឿទុកចិត្តនេះ គណបក្សសូមប្តេជ្ញាខិតខំ ប្រឹងប្រែងពេញទំហឹងដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ ដែលបាន ប្រកាសជូនបងប្អូនជនរួមជាតិរួចហើយនោះ ឱ្យបានសម្រេចជោគជ័យ ធ្វើឱ្យឃុំ សង្កាត់នៅទូទាំងប្រទេស កាន់តែមានការរីកចម្រើនឡើងលើគ្រប់វិស័យ ប្រជាជនមានជីវភាពកាន់តែធូរធារ ហើយបន្តរស់នៅយ៉ាង សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូល ។

សម្ដេចក៏សូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមការងាររបស់គណបក្សចុះមូលដ្ឋាន គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្ត្រី និងសកម្មជនរបស់គណបក្សទាំងអស់ដែល បានយកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់ពេលវេលា និងធនធានរបស់ខ្លួនធ្វើការបម្រើប្រជាជន និង អនុវត្តរាល់ភារកិច្ចដើម្បីបុព្វហេតុរបស់គណបក្ស។ គឺផ្ដើមពីសកម្មភាពទាំងនេះហើយ ដែលធ្វើឱ្យគណបក្ស យើងទទួលបានជ័យជម្នះ ហើយយើងនឹងទទួលបានជ័យជម្នះបន្តទៀត ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner