សម្ដេចប្រធានគណបក្ស ៖ ទោះក្នុងកាលៈទេសៈណាក្ដី គណបក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់នូវឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម

ភ្នំពេញ ៖ ក្នុងមីទ្ទីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២២) នៅវិមាន៧មករា សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ទោះក្នុងកាលៈទេសៈណាក្ដី គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រយៈពេល៧១ឆ្នាំមកនេះ កម្ពុជា បានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដី គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

សម្ដេចបន្តថា នៅពេលប្រទេសជាតិ ត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជនកម្ពុជាដ៏បរិសុទ្ធ ដែលស្មោះត្រង់នឹងគោលបំណង និងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះ បានក្រោកឈរឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រយុទ្ធផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា នាំយកសិទ្ធិសេរីភាពដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត មកជូនប្រជាជនវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជ ថ្មីរបស់កម្ពុជាប្រកបដោយពន្លឺ និងក្តីសង្ឃឹម។

ប្រជាជនកម្ពុជា ទាំងអ្នកធ្លាប់រងទុក្ខវេទនាក្នុងរបបប្រល័យ ពូជសាសន៍ក៏ដូចយុវវ័យជំនាន់ក្រោយ តែងចងចាំជានិច្ចនូវអត្ថន័យដ៏ធំធេងនៃជ័យជម្នះជាប្រវត្តិសាស្ត្រ នេះដែលធ្វើឱ្យយើងមានអ្វីៗនៅថ្ងៃនេះ។ ព្រមជាមួយនេះ លើមូលដ្ឋានជ័យជម្នះ៧មករា បក្សប្រជាជន បដិវត្តន៍ខ្មែរក៏ត្រូវបានកសាងឡើងវិញដោយមានឈ្មោះថាបក្សប្រជាជនបដិវត្តន៍កម្ពុជា និងបន្ទាប់មក ត្រូវបានប្តូរឈ្មោះថាគណបក្សប្រជាជនកម្ពុជា ដើម្បីធានាការដឹកនាំប្រទេសក្នុងដំណាក់កាលថ្មី។

សម្ដេចប្រធានបានបញ្ជាក់ថា ក្រោយថ្ងៃជ័យជម្នះ៧មករា គណបក្សប្រជាជនកម្ពុជា បានជ្រោងទង់មហាសាមគ្គីជាតិដឹកនាំការស្តារ និងកសាងប្រទេសឡើងវិញ ដែលត្រូវចេញដំណើរពីចំណុចសូន្យ និងក្នុងស្ថានភាពដែលមានសន្តិភាពផង និងសង្គ្រាមផងថែមទៀត។ ទោះបីត្រូវប្រឈមមុខនឹងឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់ឈរពីសំណាក់កម្លាំងអមិត្ត ដើម្បីផ្តួលរំលំគណបក្សប្រជាជនកម្ពុជាយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា នៅតែឈររឹងមាំជាមួយនឹងការគាំទ្រដ៏ធំធេងពីប្រជាជន ព្រមទាំងការជួយឧបត្ថម្ភពីប្រទេសជាមិត្តជិតឆ្ងាយទាំងឡាយ រាំងស្កាត់បានការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ស្តារ និងកសាងជាតិឡើងវិញឱ្យចេញផុតពីដំណាក់កាលដ៏សែនលំបាកបំផុត មកកាន់ដំណាក់កាលពង្រឹងពង្រីកខ្លួនបាន ហើយបន្តធ្វើដំណើរទៅមុខប្រកបដោយជោគជ័យលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាពិសេសការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងតាមរយៈនយោបាយឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មក ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner